ទោះបីជាកិច្ចប្រជុំលើកនេះនៅតែមានមតិខុសគ្នាច្រើនក៏ដោយ ក៏សមាជិក ADMM+ នៅតែឯកភាពគ្នាលើចំណុចស្នូលនៃយន្តការនេះ។ នោះគឺអំពីការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងការសន្ទនាដើម្បីជៀសវាងការប្រឈមមុខដាក់គ្នា។

មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ លោក Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី បានបញ្ជាក់ថា ដោយស្មារតីបើកចំហ និងទឹកចិត្តដ៏ទូលំទូលាយ អាស៊ានសង្ឃឹមថានឹងសម្របសម្រួលជាមួយដៃគូទាំងអស់ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខដែលកំពុងកើតមាន។ យន្តការកិច្ចប្រជុំ ADMM+ គឺជាមូលដ្ឋានគ្រឹះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសម្រាប់បរិយាកាសសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

នៅក្នុងកិច្ចប្រជុំនេះ បន្ទាប់ពីបានស្តាប់លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ធ្វើការបច្ចុប្បន្នភាពអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាននាពេលថ្មីៗនេះ តំណាងប្រទេសនានាបានផ្លាស់ប្តូរយោបល់លើបញ្ហាសន្តិសុខអន្តរជាតិ និងតំបន់។ ប្រទេសជាច្រើនបានបញ្ចេញមតិលើជម្លោះនៅអ៊ុយក្រែន ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ស្ថានភាពនៅមីយ៉ាន់ម៉ា និងស្ថានភាពនៅឧបទ្វីបកូរ៉េ ដោយសង្កត់ធ្ងន់លើតម្លៃដ៏ពិសិដ្ឋនៃសន្តិភាព និងស្ថិរភាព។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារប្រទេសអាស៊ានបូក (ADMM+) លើកទី១០

ទាក់ទងនឹងស្ថានភាពសន្តិសុខក្នុងតំបន់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងតំណាងរដ្ឋមន្ត្រីក្រសួងការពារជាតិបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តតាមគោលការណ៍ និងគោលបំណងជាមូលដ្ឋានដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដំណើរការបាលី ព្រមទាំងការអនុលោមតាមច្បាប់អន្តរជាតិ និងការរក្សាសន្តិភាព វិបុលភាព និងសន្តិសុខក្នុងតំបន់។ ប្រទេសជាដៃគូទាំងអស់បានបញ្ជាក់ពីការគាំទ្ររបស់ពួកគេចំពោះតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់។ គណៈប្រតិភូទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសន្តិសុខដែនសមុទ្រ រួមទាំងសមុទ្រខាងកើត ដែលជាខ្សែឈាមសំខាន់ៗរបស់ពិភពលោក ចំពោះសន្តិសុខក្នុងតំបន់ និងពិភពលោក។ ប្រទេសជាច្រើនសង្កត់ធ្ងន់ថា វិវាទត្រូវតែដោះស្រាយដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS ១៩៨២)។ ចាំបាច់ត្រូវតែធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងការធ្វើនាវាចរណ៍ អាកាសចរណ៍ដោយសេរីលើសមុទ្រខាងកើត។ គ្រប់ប្រទេសទាំងអស់ រួមទាំងប្រទេសចិនបានសម្តែងនូវបំណងចង់បញ្ចប់ឱ្យបានឆាប់នូវក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ ADMM+

អញ្ជើញមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានស្នើឱ្យប្រទេសនានាបន្តប្រកាន់ខ្ជាប់នូវតួនាទីមជ្ឈភាពរបស់អាស៊ាន ពង្រឹងការកសាង និងពង្រឹងជំនឿទុកចិត្តជាយុទ្ធសាស្ត្រលើស្មារតីគោរពច្បាប់ជាធំ និងគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក បន្តដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនាបើកចំហ និងជាក់ស្តែង ដើម្បី ADMM+ តែងតែជាស្ពាន និងជាគោលដៅមកដល់សម្រាប់ភាគីនានា។

លោកនាយឧត្តមសេនីយ៍ Phan Van Giang មានបំណងចង់ភ្ជាប់ ADMM+ ឱ្យកាន់តែជិតស្និទ្ធជាមួយក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្សេងទៀតក្នុងសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន បង្កើតបរិយាកាសអំណោយផលសម្រាប់ការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងពេញលេញនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់សម្រេចបាននូវ COC ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS 1982 រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមប្តេជ្ញាចូលរួមយ៉ាងសកម្ម និងមានការទទួលខុសត្រូវក្នុងរាល់ការផ្តួចផ្តើមគំនិត និងយន្តការសហប្រតិបត្តិការក្នុង ADMM+ និងយន្តការក្នុងក្របខ័ណ្ឌការពារជាតិ និងយោធា រួមគ្នាបង្កើតរចនាសម្ព័ន្ធសន្តិសុខប្រកបដោយការស្ថាបនា ទូលំទូលាយ និងមានប្រសិទ្ធភាព។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញថ្នាក់ដឹកនាំក្រសួងការពារជាតិ សហគ្រាសឧស្សាហកម្មយោធា និងការពារជាតិ មកពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសជាដៃគូមកទស្សនា និងចូលរួមពិព័រណ៌ការពារជាតិអន្តរជាតិនៅវៀតណាមជាលើកទី២ ក្នុងឱកាសរំលឹកខួបលើកទី៨០ នៃ ការបង្កើតកងទ័ពប្រជាជនវៀតណាម នៅខែធ្នូ ឆ្នាំ២០២៤។

* នាវេលាថ្ងៃត្រង់ ថ្ងៃទី ១៦ ខែវិច្ឆិកា ពិធីប្រគល់តំណែងជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និង ADMM+ ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។  ក្រសួងការពារជាតិឡាវបានក្លាយជាប្រធាន ADMM និង ADMM+ ជាផ្លូវការនៅឆ្នាំ២០២៤។

បកប្រែដោយ Minh Trung