វៀតណាម និងឡាវ រៀបចំកិច្ចសន្ទនាគោលនយោបាយការពារជាតិ លើកទី៣
កប.អនឡាញ - នាថ្ងៃទី ២៣ មីនា នៅទីរួមខេត្ត Xam Neua ខេត្ត Houaphanh កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ឡាវ លើកទី៣ បានប្រព្រឹត្តទៅ។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុនិស្តវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងលោកឧត្តមសេនីយ៍ទោ Vongkham Phommakone សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ បានធ្វើជាសហប្រធាននៃកិច្ចសន្ទនានេះ។
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានចែករំលែកទស្សនៈរួមអំពីផលប៉ះពាល់នៃស្ថានភាពពិភពលោក និងស្ថានភាពក្នុងតំបន់ ការលេចឡើងនៃបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ការប្រកួតប្រជែងឥទ្ធិពលក្នុងចំណោមប្រទេសមហាអំណាចនៅអាស៊ីប៉ាស៊ីហ្វិក។ ក្នុងបរិបទនោះ អាស៊ានបន្តលើកកម្ពស់តួនាទីមជ្ឈភាពរបស់ខ្លួននៅក្នុងតំបន់ ជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់ ក៏ដូចជាដៃគូខាងក្រៅ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ទាក់ទិននឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការនាពេលកន្លងមក ជាពិសេសគឺការរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពធំៗ និងជានិមិត្តរូបជិត ៣០ ក្នុង “ឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម-ឡាវ ឡាវ-វៀតណាម ឆ្នាំ២០២២”។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ទោ Vongkham Phommakone ក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ |
ស្ថាប័ន និងអង្គភាពទាំងឡាយ នៃភាគីទាំងពីរបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្របសម្រួលយ៉ាងជិតស្និទ្ធ និងបានបញ្ចប់ដោយជោគជ័យនូវផែនការសហប្រតិបត្តិការឆ្នាំ ២០២២ ដោយសម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់។ លេចធ្លោគឺការងារឃោសនាផ្សព្វផ្សាយ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការប្រយុទ្ធ និងការការពារទប់ទល់; ការសម្របសម្រួល គ្រប់គ្រង និងការពារព្រំដែន; ការបណ្តុះបណ្តាលកម្មាភិបាល ការពិនិត្យសុខភាព ការព្យាបាល ការជួយគាំទ្រគ្នាទៅវិញទៅមក។
អំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានឯកភាពដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ និងផែនការសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងការពារជាតិទាំងពីរ។ ក្នុងនោះ ផ្តោតលើវិស័យដូចខាងក្រោម៖ ការគ្រប់គ្រង និងការពារព្រំដែន ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការបណ្តុះបណ្តាលហ្វឹកហ្វឺន; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារ បច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍អពីការកងទ័ពចូលរួមអភិវឌ្ឍសេដ្ឋកិច្ច។ ជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងបី កងទ័ពទាំងបីនៃប្រទេសឡាវ វៀតណាម និងកម្ពុជា។
ភាគីទាំងពីរបានអះអាងថា ត្រូវបន្តពង្រឹងការឃោសនាអប់រំដល់កម្មាភិបាល យុទ្ធជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសយុវជនជំនាន់ក្រោយឱ្យយល់ដឹងយ៉ាងស៊ីជម្រៅអំពីចំណងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ក្នុងឱកាសពិធីបុណ្យធំៗ ព្រឹត្តិការណ៍នយោបាយសំខាន់ៗ នៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។
នៅចុងបញ្ចប់នៃកិច្ចសន្ទនា ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្ត។
បកប្រែដោយ Duy Hoan