នាថ្ងៃទី ២០ មីនា នៅទីស្នាក់ការក្រសួងបណ្តាកងកំលាំងប្រដាប់អាវុធបដិវត្តន៍គុយបានៅទីក្រុង Havana គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមបានប្រគល់ភាពយន្តក្រោមចំណងជើងថា “បេះដូងពីរលោតរួមគ្នា”។

ថ្លែងមតិក្នុងពិធីទទួល និងចាក់បញ្ចាំងភាពយន្តឯកសារនេះ លោកឧត្តមសេនីយ៍ឯក Alvaro Lopez Miera សមាជិកការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តគុយបា រដ្ឋមន្ត្រីក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា និងលោកឧត្តមសេនីយ៍ទោ Victor Rojo Ramos សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តគុយបា ប្រធាននយោបាយបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃភាពយន្ត ព្រមទាំងបញ្ជាក់ថា ភាពយន្តផលិតឡើងប្រកបដោយភាពច្នៃប្រឌិត ឆ្លុះបញ្ចាំងដោយស្មោះត្រង់ពីប្រវត្តិសាស្រ្ត និងមានអត្ថន័យអប់រំផ្សព្វផ្សាយចំពោះប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ទីប្រឹក្សាភាពយន្ត និងលោកឧត្តមសេនីយ៍ឯក Alvaro Lopez Miera រដ្ឋមន្ត្រីក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា (រូបថត៖ vnanet.vn)

ប្រមុខនៃក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា បានសង្កត់ធ្ងន់លើសារៈសំខាន់នយោបាយពិសេសនៃភាពយន្តឯកសារ ហើយចង់ឲ្យភាគដែលនៅសេសសល់នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ។

ភាពយន្តឯកសារ “វៀតណាម-គុយបា ទំនាក់ទំនងការពារជាតិ ៦០ ឆ្នាំនៃការសាងសង់ និងអភិវឌ្ឍន៍” គឺជាផលិតផលមួយក្នុងចំណោមផលិតផលទាំង ៥ នៃកម្រងឯកសារស្តីពីប្រវត្តិ ៦០ ឆ្នាំ នៃទំនាក់ទំនងការពារជាតិរវាងវៀតណាម និងគុយបា។ គម្រោងវិទ្យាសាស្ត្រដ៏សំខាន់នេះត្រូវបានអនុវត្តន៍រួមគ្នាដោយក្រសួងការពារប្រទេសវៀតណាម និងក្រសួងបណ្តា​កងកម្លាំងប្រដាប់អាវុធបដិវត្តន៍​គុយបា។ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកងទ័ពនៃប្រទេសទាំងពីរ ជំនួបទល់មុខគ្នា និងតាមប្រព័ន្ធវីដេអូជាច្រើនរវាងភាគីទាំងពីរត្រូវបានប្រារព្ធឡើង ដើម្បីរួមគ្នាបង្កើតកម្រងឯកសារដ៏មានតម្លៃមួយ៕

បកប្រែដោយ Duy Hoan