ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្តមនាវីត្រី Dato Anuar bin Mohamed មេបញ្ជាការបញ្ជាការដ្ឋានបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងទ័ពជើងទឹកម៉ាឡេស៊ីបានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាននៃកាសែតកងទ័ពប្រជាជនដែលអមដំណើរគណៈប្រតិភូ។

អ្នកយកព័ត៌មាន៖ តើលោកឧត្តមនាវីត្រី អាចប្រាប់ឲ្យដឹងពីសារៈសំខាន់នៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាវា​សំពៅលេខ ២៨៦-Le Quy Don ទៅកាន់ប្រទេសម៉ាឡេស៊ីបានដែរឬទេ?

លោកឧត្តមនាវីត្រី Dato Anuar bin Mohamed៖ យើងមានកិត្តិយសដែលបានទទួលការស្វាគមន៍នាវាសំពៅលេខ ២៨៦-Le Quy Don ទៅកាន់ប្រទេសម៉ាឡេស៊ីជាលើកដំបូង។ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខ្លាំងនៅមុនឱកាសដែលប្រទេសទាំងពីររៀបចំរំលឹកខួបលើកទី៥០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៧៣-២០២៣)។ ចាប់តាំងពីឆ្នាំ ១៩៧៣ មក ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍកាន់តែខ្លាំងឡើង ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរត្រូវបានជម្រុញលើវិស័យផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យហ្វឹកហ្វឺនផងដែរ។ កងទ័ពជើងទឹកទាំងពីរសម្រេចបានការយល់ដឹងរួម និងកាន់តែជឿជាក់គ្នាទៅវិញទៅមក។ តាមរយៈវេទិកានានាដូចជាកិច្ចប្រជុំមេបញ្ជា​ការ​កងទ័ពជើងទឹកអាស៊ាន ឬយន្តការពិគ្រោះយោបល់កងទ័ពជើងទឹកទ្វេភាគី យើងមានឱកាសពិភាក្សាដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ។ ទាំងនេះគឺជាវេទិកាដ៏សំខាន់បំផុតសម្រាប់ភាគីទាំងពីរក្នុងការចែករំលែកបទពិសោធន៍ បង្កើនការយល់ដឹង និងចែករំលែកបទពិសោធន៍ដើម្បីរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកបែបនេះនឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកងទ័ពជើងទឹកនៃប្រទេសទាំងពីរកាន់តែមានការរីកចម្រើនយ៉ាងរឹងមាំនាពេលខាងមុខ។

leftcenterrightdel
លោកឧត្តមនាវីត្រី Dato Anuar bin Mohamed 

អ្នកយកព័ត៌មាន៖ តើលោកឧត្តមនាវីត្រី វាយតម្លៃយ៉ាងណាចំពោះលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរ?

លោកឧត្តមនាវីត្រី Dato Anuar bin Mohamed៖ ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២៣ ខ្ញុំមានជំនឿជាក់ថា កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកនៃប្រទេសទាំងពីរនឹងសម្រេចបាននូវសមិទ្ធិផលសំខាន់ៗ រួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរនិយាយរួម។ ទំនាក់ទំនងរវាងកងទ័ពជើងទឹកទាំងពីរទទួលបានលទ្ធផលល្អ ពីព្រោះយើងធ្វើការជាមួយគ្នា និងសហការគ្នានៅសមុទ្រ។ ដូចដែលអ្នកអាចឃើញហើយថា សមុទ្រតភ្ជាប់ប្រជាជាតិនានា។ កងទ័ពជើងទឹកទាំងពីរដើរតួនាទីការទូតនៅសមុទ្រ រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងវៀតណាម-ម៉ាឡេស៊ី។ ខ្ញុំមានទំនុកចិត្តថាយើងនឹងបន្តមានចំណុចសំខាន់បន្ថែមទៀតក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ ហើយបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា។

ក្នុងតួនាទីរបស់ខ្លួន ខ្ញុំសង្ឃឹមថា កងទ័ពជើងទឹកទាំងពីរនឹងជំរុញសកម្មភាពកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងវិស័យផ្លាស់ប្តូរនាយទាហាន ការបណ្តុះបណ្តាល និងហ្វឹកហ្វឺន។ លទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកទាំងពីរអាចនិយាយបានថាល្អណាស់។ មានវិស័យជាច្រើនដែលកងទ័ពជើងទឹកទាំងពីរអាចជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ វៀតណាមអាចបញ្ជូនសិក្ខាកាមទៅម៉ាឡេស៊ីដើម្បីសិក្សា ហើយផ្ទុយមកវិញ យើងក៏ចង់បញ្ជូនសិក្ខាកាមទៅវៀតណាមដែរ។

អ្នកយកព័ត៌មាន៖ សូមលោកឧត្តមនាវីត្រី ចែករំលែកអំពីការចូលរួមរបស់នាយទាហាន នាវិក និងសិក្ខាកាមនៅលើនាវាសំពៅលេខ ២៨៦-Le Quy Don  ក្នុងសកម្មភាពផ្លាស់ប្តូរជាមួយកងទ័ពជើងទឹកម៉ាឡេស៊ីក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ?

លោកឧត្តមនាវីត្រី Dato Anuar bin Mohamed៖ ខ្ញុំសង្ឃឹមថា អ្នកបានមានបទពិសោធន៍ និងសកម្មភាពដ៏មានប្រយោជន៍ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី។ នៅក្នុងកិច្ចប្រជុំក្នុងអំឡុងពេលទស្សនកិច្ចនេះ យើងបានពិភាក្សាអំពីប្រតិបត្តិការនៃនាវាសំពៅ ក៏ដូចជាទម្រង់នៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាមនៅលើនាវាសំពៅ។ បទពិសោធន៍ជីវិត និងការងារនៅលើនាវាសំពៅគឺខុសពីនាវាចម្បាំង។ ខ្ញុំសង្ឃឹមថា សិក្ខាកាមនឹងមានឱកាសកាន់តែច្រើនក្នុងការសិក្សា និងហ្វឹកហ្វឺនលើនាវាសំពៅ។ មិនមែនថាកងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានទាំងអស់សុទ្ធតែមាននាវាសំពៅនោះទេ។ កងទ័ពជើងទឹកម៉ាឡេស៊ីមាននាវាសំពៅមួយគឺ KLD Tunas Samudera ។ យើងសង្ឃឹមថា បណ្តាប្រទេសអាស៊ានអាចមានសកម្មភាពកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសក្នុងការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាមលើនាវាសំពៅហ្វឹកហាត់បែបនេះ។ សង្ឃឹមថាក្នុងប៉ុន្មានឆ្នាំខាងមុខនេះ នាវាសំពៅរបស់កងទ័ពជើងទឹកម៉ាឡេស៊ីអាចទៅទស្សនកិច្ចនៅប្រទេសដ៏ស្រស់ស្អាតរបស់អ្នក។

អ្នកយកព័ត៌មាន៖ អរគុណលោកឧត្តមនាវីត្រី!

បកប្រែដោយ Duy Hoan