ដំណើរទស្សនកិច្ចរបស់លោក Kishi Nobuo បានធ្វើឡើងក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងវៀតណាម និងជប៉ុនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយ។ ចាប់តាំងពីប្រទេសជប៉ុនបើកការិយាល័យអនុព័ន្ធយោធានៅវៀតណាមកាលពីឆ្នាំ ១៩៩៥ និងវៀតណាមបើកការិយាល័យអនុព័ន្ធយោធានៅប្រទេសជប៉ុនកាលពីឆ្នាំ ១៩៩៨ នោះ ទំនាក់ទំនងការពារជាតិទ្វេភាគីត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ  ហើយបានក្លាយទៅជាសសរស្តម្ភដ៏សំខាន់នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងប្រទេសទាំងពីរ។ ក្នុងស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ដែលបានចុះហត្ថលេខា កាលពីខែតុលា ឆ្នាំ ២០១១ និងសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងក្រសួងការពារប្រទេសវៀតណាមនិងក្រសួងការពារជាតិជប៉ុនដែលបានចុះហត្ថលេខាកាលពីខែមេសា ឆ្នាំ ២០១៨ នោះ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការជំរុញទំនាក់ទំនងការពារជាតិតាមទិសដៅសហប្រតិបត្តិការជាក់ស្តែងនិងមានប្រសិទ្ធភាព។  យន្តការសហប្រតិបត្តិការដូចជា កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី ការពិគ្រោះយោបល់រវាងនាយទាហានផ្នែកសេនាធិការនៃកងទ័ពជើងគោក កងទ័ពជើងទឹកនិងកងទ័ពជើងអាកាសត្រូវបានភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាព។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Phan Van Giang ពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kishi Nobuo តាមប្រព័ន្ធវីដេអូ កាលពីខែមិថុនា ឆ្នាំ ២០២១

ក្រសួងការពារជាតិជប៉ុនបានគាំទ្រនិងសហការយ៉ាងប្រសិទ្ធភាពនៅពេលដែលក្រសួងការពារប្រទេសវៀតណាមទទួលតូនាទីជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) ក្នុងឆ្នាំដែលវៀតណាមជាប្រធានអាស៊ាន ២០២០។ ជាពិសេសនៅក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ -១៩ នោះ វេជ្ជបណ្ឌិតនិងបុគលិកពេទ្យយោធានៃភាគីទាំងពីរបានចែករំលែកបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះផងដែរ។

ក្នុងការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី ១៣ វៀតណាមតែងតែចាត់ទុកជប៉ុនជាដៃគូយុទ្ធសាស្ត្រសំខាន់និងយូរអង្វែង ហើយមានបំណងចង់បន្ដរួមជាមួយជប៉ុនជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។ នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូ កាលពីដើមខែមិថុនា កន្លងមក លោករដ្ឋមន្ត្រី Phan Van Giang ក៏បានឯកភាពជាមួយលោករដ្ឋមន្ត្រី Kishi Nobuo ថា ភាគីទាំងពីរគួរតែអនុវត្តខ្លឹមសារសហប្រតិបត្តិការការពារជាតិទ្វេភាគីនិងពហុភាគីបន្ទាប់ពីគ្រប់គ្រងបានការរីករាលដាលនៃជំងឺកូវីដ - ១៩ ដែលក្នុងនោះផ្តល់អាទិភាពលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងចូលរួមសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។  រក្សាឲ្យមានប្រសិទ្ធភាពនូវយន្តការសន្ទនានិងពិគ្រោះយោបល់រវាងនាយទាហានផ្នែកសេនាធិការនៃកងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស។

ដោយផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីក្នុងរយៈពេលកន្លងមក យើងជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Kishi Nobuo នឹងទទួលបានជោគជ័យ រួមចំណែកយ៉ាងសកម្មក្នុងការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ព្រមទាំងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងជប៉ុនឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពដែលស្របតាមផលប្រយោជន៍របស់ប្រទេសរៀងៗ ខ្លួនៗដើម្បីសន្តិភាព និងការអភិវឌ្ឍរួមនៅក្នុងតំបន់និងនៅលើពិភពលោក៕

បកប្រែដោយ Pham Diep