ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពនៅក្នុងតំបន់ និងពិភពលោកមានការវិវឌ្ឍយ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបានឡើយ បានជាតម្រូវឱ្យតួនាទីជាសេនាធិការយុទ្ធសាស្ត្ររបស់នាយកដ្ឋានការបរទេសកាន់តែធ្ងន់ឡើងៗ។ ជាពិសេស នៅឆ្នាំ ២០២០ ការប្រកួតប្រជែងយុទ្ធសាស្រ្តក្នុងចំណោមបណ្តាប្រទេសធំៗនៅតែមានភាពតឹងរឹង រួមជាមួយនឹងការលេចចេញ និងផលប៉ះពាល់អវិជ្ជមានដែលមិនអាចទាយទុកជាមុនបាននៃជំងឺរាតត្បាត Covid-19 គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ការដោះស្រាយឱ្យមានការសម្រុះសម្រួលគ្នានៃរាល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ការពារជាតិរបស់វៀតណាម ជាពិសេសគឺបំពេញភារកិច្ចជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២០ និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងពេលតែមួយ។ តួនាទីជាសេនាធិការយុទ្ធសាស្ត្រក្នុងវិស័យការបរទេសការពារជាតិត្រូវបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវភាពបត់បែន និងភាពរស់រវើកតាំងពីដើមឆ្នាំ២០២០ គ្រាដែលជំងឺរាតត្បាត Covid-19 មិនទាន់រីករាលដាលនៅឡើយទេ។ នៅពេលកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ត្រូវបានរៀបចំឡើងនៅទីក្រុងហាណូយ អង្គប្រជុំបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិក្នុងការឆ្លើយតបនឹងការរាតត្បាតនៃជំងឺ។ នេះគឺជាសេចក្តីថ្លែងការណ៍ដែលមិនធ្លាប់មានពីមុនមក និងការវិវឌ្ឍនៃ Covid-19 ដែលបានអូសបន្លាយរហូតមកដល់ពេលនេះបានបង្ហាញថា តួនាទីជាសេនាធិការយុទ្ធសាស្រ្តពិតជាមានប្រសិទ្ធភាព និងទាន់ពេលវេលាណាស់។

leftcenterrightdel
កងទ័ពវៀតណាមចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ

ដើម្បីផ្តល់ប្រឹក្សាឱ្យបានត្រឹមត្រូវ ទទួលបានលទ្ធផលល្អ និងឆាប់រហ័ស ជាពិសេសនៅពេលដែលជំងឺរាតត្បាត និងស្ថានភាពពិភពលោក និងក្នុងតំបន់មានការវិវឌ្ឍស្មុគស្មាញនោះ កម្មាភិបាលដែលធ្វើការក្នុងវិស័យការបរទេសការពារជាតិបានតាមដានស្ថានការណ៍នេះយ៉ាងជិតស្និទ្ធដើម្បីកែសំរួលនូវកម្មវិធីសកម្មភាព។ តាមការជាក់ស្តែងបានឱ្យឃើញថា ក្នុងឆ្នាំកន្លងមកផែនការរៀបចំសកម្មភាពត្រូវបានផ្លាស់ប្តូរជាប្រចាំសប្តាហ៍ សូម្បីតែរាល់ថ្ងៃដោយមានសេណារីយ៉ូ និងផែនការរៀបចំជាច្រើនជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់បំផុត។

នៅក្នុងតួនាទីជាសេនាធិការ នាយកដ្ឋានការបរទេសក៏បានជួយដល់ក្រសួងការពារប្រទេសក្នុងការកសាងនូវរាល់ក្របខ័ណ្ឌ ឯកសារសម្រាប់កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងគំរោងដែលពាក់ព័ន្ធនឹងកិច្ចការបរទេសការពារជាតិ។ គិតត្រឹមតែពីឆ្នាំ ២០០០ រហូតដល់បច្ចុប្បន្ននេះ ក្រសួងការពារប្រទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិជាច្រើន ក្នុងនោះរួមមានកិច្ចព្រមព្រៀងសំខាន់ៗជាច្រើនដែលបង្កើតជាមូលដ្ឋានសម្រាប់អនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយស្ថិរភាព និងយូរអង្វែងជាមួយដៃគូទាំងទ្វេភាគី និងពហុភាគី។

ក្រោមការដឹកនាំ និងបង្អុលណែនាំដោយផ្ទាល់ពីគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស នាយកដ្ឋានការបរទេសបានក្តាប់យ៉ាងខ្ជាប់នូវគោលនយោបាយការបរទេសរបស់បក្ស បង្កើតសាមគ្គីភាពទាំងក្នុងការយល់ដឹង និងសកម្មភាពនៃកិច្ចការបរទេសការពារជាតិ។ ជាពិសេសក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក ដោយសារតម្រូវការអភិវឌ្ឍន៍ថ្មីរបស់ប្រទេស បក្ស រដ្ឋ និងក្រសួងការពារប្រទេសបានកំណត់ថា ការបរទេសការពារជាតិមិនត្រឹមតែមានអត្ថន័យនយោបាយ និងបម្រើផលប្រយោជន៍នយោបាយ និងផលប្រយោជន៍ស្នូលរបស់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយមួយដើម្បីការពារមាតុភូមិពីចម្ងាយដោយសន្តិវិធី។ ទស្សនៈ និងទិសដៅយុទ្ធសាស្ត្រទាំងនោះដែលបានកំណត់សម្រាប់កងទ័ពទាំងមូលនិយាយរួម និងនាយកដ្ឋានការបរទេសនិយាយដោយឡែកនូវភារកិច្ចដ៏ធ្ងន់ណាស់។ ក៏ប៉ុន្តែដោយយល់ជ្រាបពីការទទួលខុសត្រូវ និងភារកិច្ចរបស់ខ្លួន នាយកដ្ឋានការបរទេសបានម្ចាស់ការផ្តល់ប្រឹក្សា និងលើកឡើងគំនិតផ្តួចផ្តើមជួយក្រសួងការពារប្រទេសបង្កើតយន្តការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ការបង្កើតបណ្តាញទូរស័ព្ទបន្ទាន់ថ្នាក់រដ្ឋមន្រ្តី យន្តការសន្ទនាការពារជាតិថ្នាក់អនុរដ្ឋមន្រ្តី យន្តការពិគ្រោះយោបល់ការទូតសន្តិសុខ - ការពារជាតិ​ជាដើម។ ជាពិសេសនាយកដ្ឋានការបរទេសបានផ្តោតសំខាន់លើការរៀបចំនូវរាល់សកម្មភាពការបរទេសកម្រិតយុទ្ធសាស្រ្តរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស អគ្គសេនាធិការដ្ឋាន អគ្គស្នងការដ្ឋាននយោបាយទាំងក្នុង និងក្រៅប្រទេស ធានានូវការប្រុងប្រយ័ត្ន ភាពប្រាកដប្រជា និងតុល្យភាពផលប្រយោជន៍ជាមួយប្រទេសដទៃទៀត បង្កើនការយល់ដឹង និងការទុកចិត្តគ្នារវាងកងទ័ពប្រជាជនវៀតណាម និងកងទ័ពនៃប្រទេសដទៃទៀត តាមរយៈនោះកាត់បន្ថយហានិភ័យនៃការខ្វែងគំនិតគ្នា និងជម្លោះ។

ទន្ទឹមនឹងមុខងារជាសេនាធិការ នាយកដ្ឋានការបរទេសបានប្រកាន់ខ្ជាប់តាមការណែកនាំរបស់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស គ្រប់គ្រង ណែនាំ និងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គភាពពាក់ព័ន្ធក្នុងការអនុវត្តនូវរាល់វិស័យដោយធានានូវផលប្រយោជន៍ទាំងផ្នែកនយោបាយ និងការពារជាតិ សន្តិសុខ។

ចំពោះទិដ្ឋភាពពហុភាគី កិច្ចការបរទេសការពារជាតិក៏បានបង្កើតនូវរបកគំហើញជាច្រើនផងដែរ ជាពិសេសការចូលរួមជាសំលេង និងការទទួលខុសត្រូវចំពោះយន្តការសហប្រតិបត្តិការការពារជាតិដែលអាស៊ានដើរតួនាទីឈានមុខគេ និងក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ តាមរយៈសកម្មភាពជាក់ស្តែងទាំងនេះ កិច្ចការបរទេសបានបញ្ជាក់កាន់តែច្បាស់ឡើងថា ជាសមរភូមិនៃកិច្ចសហប្រតិបត្តិការ និងតស៊ូដ៏សំខាន់មួយដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការការពារប្រជាជន ការការពារបក្ស និងការការពាររបបសង្គមនិយម ប្រមូលធនធានពីខាងក្រៅដើម្បីកសាងកងទ័ព និង ពង្រឹងកិច្ចការពារជាតិ និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសជាតិលើឆាកអន្តរជាតិ។

លទ្ធផលទាំងនេះបញ្ជាក់ថា ជួរកម្មាភិបាលផ្នែកការបរទេសនៃកងទ័ពទាំងមូលបានសិក្សាយ៉ាងស្ទាត់នូវមេរៀនការទូតសំរាប់កិច្ចការបរទេសនិយាយរួម និងកិច្ចការបរទេសការពារជាតិនិយាយដោយឡែក។  នោះគឺជាមេរៀនអំពីការលើកកម្ពស់កម្លាំងរួម ការតស៊ូក្នុងសាមគ្គីភាពអន្តរជាតិ ការបន្ថែមមិត្តបន្ថយសត្រូវ និងការលើកកម្ពស់ឯករាជ្យភាព និងស្វ័យភាព។

ក្នុងខឿនការទូតរបស់វៀតណាម កិច្ចការបរទេសការពារជាតិគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដែលមានចរិកលក្ខណៈដូចជា៖ សហការផង និងប្រយុទ្ធផងដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ ផលប្រយោជន៍ជាតិ,   ចូលរួមចំណែកក្នុងការការពារសន្តិភាព បង្កើតបរិយាកាសអំណោយផល ឆ្លៀតចាប់យកផលប្រយោជន៍ពីលក្ខខណ្ឌអន្តរជាតិសម្រាប់ការកសាង និងអភិវឌ្ឍជាតិ,  ចូលរួមលើកកំពស់តួនាទី និងកិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ,  ជ្រើសរើសលក្ខខណ្ឌពីខាងក្រៅដើម្បីកសាងកងទ័ព។ នាយកដ្ឋានការបរទេសបានបំពេញមុខងារ និងភារកិច្ចរបស់ខ្លួនដោយលទ្ធផលផ្លែផ្កា ជាពិសេសក្នុងការងារធ្វើជាសេនាធិការយុទ្ធសាស្ត្រដើម្បីអនុវត្តនូវគោលដៅទាំងអស់ខាងលើប្រកបដោយជោគជ័យរួមចំណែកក្នុងការកសាង និងការពារប្រទេស៕

បកប្រែដោយ Minh Trung