កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-គុយបាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - នាថ្ងៃទី ១៣ ខែឧសភា នៅទីស្នាក់ការក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានទទួលជួបលោកឧត្តមសេនីយ៍ត្រី Israel Tomás Domínguez ប្រធាននាយកដ្ឋានបញ្ជូនសារ ក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។
លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc បានអះអាងថា វៀតណាមនឹងមិនភ្លេចជំនួយដ៏មានតម្លៃ ទាំងសម្ភារៈនិងស្មារតីដែលទទួលពីប្រជាជននៃបណ្តាប្រទេសស្រឡាញ់សន្តិភាពជុំវិញពិភពលោក រួមទាំងប្រជាជន និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍នៃប្រទេសគុយបា។
    |
 |
លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc ទទួលជួបលោកឧត្តមសេនីយ៍ត្រី Israel Tomás Domíngue |
លោកថ្លែងអំណរគុណចំពោះក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា ដែលបានបញ្ជូនគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម ដើម្បីចូលរួមខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូងវៀតណាម និងការបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា ឆ្នាំ១៩៧៥ / ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥)។ លោកឧត្តមសេនីយ៍ទោ Thai Dai Ngoc បានសង្កត់ធ្ងន់ថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-គុយបាត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព ស្របតាមឯកសារនិងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ រវាងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា។ លោកអះអាងថា នាពេលខាងមុខ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមនឹងបញ្ជាឲ្យស្ថាប័ន អង្គភាពពាក់ព័ន្ធអនុវត្តយ៉ាងជាក់ស្តែង និងមានប្រសិទ្ធភាពនូវខ្លឹមសារសហប្រតិបត្តិការដែលបានព្រមព្រៀង ស្របតាមលក្ខខណ្ឌ និងសមត្ថភាពរបស់ភាគីទាំងពីរ។
លោកឧត្តមសេនីយ៍ត្រី Israel Tomás Domíngue បានសម្តែងនូវការចាប់អារម្មណ៍ចំពោះពិធីខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមប្រទេសជាតិរបស់វៀតណាម ហើយអបអរសាទរចំពោះសមិទ្ធិផលដែលវៀតណាមទទួលបាន។ លោកក៏បានអរគុណចំពោះការគាំទ្រដែលក្រសួងការពារប្រទេសវៀតណាមផ្ដល់ដល់ក្រសួងបណ្តាកងកម្លាំងប្រដាប់អាវុធបដិវត្តគុយបា ហើយអះអាងថានឹងខិតខំប្រឹងប្រែងជម្រុញឲ្យកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិឲ្យកាន់តែអភិវឌ្ឍ នាពេលខាងមុខ៕
បកប្រែដោយ Thuy Anh