កិច្ចប្រជុំ AACC ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំដោយកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ានប្តូរវេនគ្នា។ នេះគឺជាឱកាសមួយសម្រាប់ប្រមុខកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ានជួបជុំ ផ្លាស់ប្តូរទស្សនៈគ្នា និងដើម្បីពង្រឹងទំនាក់ទំនងកសាងទំនុកចិត្ត ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន។ ក្នុងវិស័យជាច្រើនដូចជា៖ ការបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ជំនួយមនុស្សធម៌ និងការស្តារឡើងវិញនូវគ្រោះមហន្តរាយដើម្បីសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងផលប្រយោជន៍រួមរបស់តំបន់។

leftcenterrightdel
ថ្នាក់ដឹកនាំក្រសួងការពារប្រទេស វៀតណាម ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ានក្នុងកិច្ចប្រជុំ AACC ឆ្នាំ ២០១០ ធ្វើឡើងនៅទីក្រុងហាណូយ

កិច្ចប្រជុំ AACC ត្រូវបានរៀបចំឡើងជាលើកដំបូងនៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១០ នៅពេលដែលប្រទេសវៀតណាមបានទទួលតួនាទីជាប្រធានអាស៊ាន។ នៅក្នុងកិច្ចប្រជុំលើកនោះ កងទ័ពការពារដែនអាកាស-កងទ័ពជើងអាកាស កងទ័ពអាកាសវៀតណាមបានផ្តួចផ្តើមការរៀបចំកម្មវិធីជួបប្រាស្រ័យនាយទាហានកងទ័ពជើងអាកាសវ័យក្មេង នៃបណ្តាប្រទេសអាស៊ានតាមទម្រង់ប្តូរវេន និងជាប្រចាំឆ្នាំ។ គំនិតផ្តួចផ្តើមរបស់វៀតណាមត្រូវបានឯកភាព និងយល់ព្រមដោយមេបញ្ជាការកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាននៅក្នុងកិច្ចប្រជុំលើកនោះ។ ចាប់តាំងពីពេលនោះមក សកម្មភាពនេះត្រូវបានអនុវត្តជាប្រចាំដែលក្លាយជាវិធានការដើម្បីពង្រឹងសាមគ្គីភាព និងកសាងចំណងមិត្តភាពយូរអង្វែង និងប្រកបដោយចីរភាពរវាងកងទ័ពអាកាសនៃបណ្តាប្រទេសអាស៊ាន។

តាមការគ្រោងទុក កិច្ចប្រជុំ AACC-17 នឹងត្រូវធ្វើឡើងនៅទីក្រុងដាណាំង វៀតណាម នាខែកញ្ញាឆ្នាំ ២០២០។ ក៏ប៉ុន្តែដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលជំងឺ Covid-19 និងដោយផ្អែកលើការពិគ្រោះយោបល់ជាមួយបណ្តាប្រទេសអាស៊ាន ក្រសួងការពារប្រទេសវៀតណាម បានសំរេចចិត្តរៀបចំកិច្ចប្រជុំ AACC-17 តាមទំរង់នៃប្រព័ន្ធវីដេអូទៅវិញ។ នេះជាលើកទី ២ ហើយដែលប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AACC ហើយនេះជាលើកទី ១ ហើយដែលកិច្ចប្រជុំ AACC ត្រូវបានធ្វើឡើងតាមទំរង់ប្រព័ន្ធវីដេអូ ប្រការនេះបានបង្ហាញពីគំនិតច្នៃប្រឌិត ការឆ្លើយតប និងការប្តេជ្ញាចិត្តរបស់ប្រទេសម្ចាស់ផ្ទះវៀតណាម និងបណ្តាប្រទេសអាស៊ាន មិនអនុញ្ញាតឱ្យ Covid-19 ប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការយោធា ការពារជាតិ និងកិច្ចសហប្រតិបត្តិការកងទ័ពជើងអាកាស ក្នុងចំណោមបណ្តាប្រទេសអាស៊ានឡើយ។ លើសពីនេះទៅទៀត នេះក៏ជាឱកាសដើម្បីរួមចំណែកលើកកម្ពស់កិត្យានុភាព និងពង្រីកសកម្មភាពការទូតការពារជាតិរបស់កងទ័ពប្រជាជនវៀតណាម ក៏ដូចជាកងទ័ពការពារដែនអាកាស-កងទ័ពជើងអាកាស ក្នុងឆ្នាំដែលវៀតណាមកាន់តួនាទីជាប្រធានអាស៊ាន ២០២០។

យោងតាមរបៀបវារៈនៅក្នុងកិច្ចប្រជុំ AACC-17 ប្រតិភូអញ្ជើញចូលរួមនឹងផ្តោតលើការពិភាក្សាអំពីស្ថានភាពអន្តរជាតិ តំបន់ អំពីឱកាស និងបញ្ហាប្រឈមចំពោះកងទ័ពជើងអាកាសអាស៊ានក៏ដូចជាលើកឡើងនូវសំណើ  ខ្លឹមសារ និងវិធានការណ៍នានា ដើម្បីលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ ក្រៅពីនេះ អង្គប្រជុំក៏បានពិចារណា និងវាយតម្លៃគុណភាពនៃការធ្វើលំហាត់សមពហុភាគីជួយសង្គ្រោះមនុស្សធម៌ និងគ្រោះមហន្តរាយ ដើម្បីបំពេញបទបញ្ញត្តិស្តីពីជំនួយមនុស្សធម៌ និងការផ្តល់ជំនួយសង្គ្រោះគ្រោះមហន្តរាយរបស់កងទ័ពជើងអាកាសអាស៊ាន។

រួមជាមួយយន្តការសហប្រតិបត្តិការយោធា និងការពារជាតិផ្សេងទៀតដូចជា៖ កិច្ចប្រជុំមេបញ្ជាការបណ្តាប្រទេសអាស៊ាន និងកិច្ចប្រជុំចំណុះនានា, កិច្ចប្រជុំមេបញ្ជាការជើងគោកនៃបណ្តាប្រទេសអាស៊ាន, កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹក និងបណ្តាប្រទេសអាស៊ាន..., កិច្ចប្រជុំ AACC ដែលបានចូលរួមចំណែកក្នុងការធ្វើឲ្យបណ្តាវិស័យនៃកិច្ចសហប្រតិបត្តិការយោធា និងការពារជាតិ របស់កងទ័ពនៃបណ្តាប្រទេសអាស៊ានចូលក្នុងក្របខ័ណ្ឌមួយ។ ទំនាក់ទំនងនេះរួមចំណែកដល់ការពង្រឹងសមត្ថភាពកងទ័ពនៃប្រទេសសមាជិកនីមួយៗ ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន បានលើកកម្ពស់សកម្មភាពសហប្រតិបត្តិការយ៉ាងសកម្មទាំងទំហំ និងជម្រៅ ទាំងទ្វេភាគី និងពហុភាគី។ អង្គទ័ពការពារដែនអាកាស និងកងទ័ពជើងអាកាសនៃកងទ័ពប្រជាជនវៀតណាម រួមជាមួយកងទ័ពអាកាសនៃបណ្តាប្រទេសអាស៊ានបានបង្កើត និងជាបណ្តើរៗបញ្ចប់បទប្បញ្ញត្តិស្តីពីជំនួយមនុស្សធម៌ និងការជួយសង្គ្រោះគ្រោះមហន្តរាយ ហើយរំពឹងថា នឹងធ្វើលំហាត់សមលើទីវាលជាក់ស្តែងនៅប្រទេសថៃ ក្នុងឆ្នាំ ២០២១,  បង្កើតបណ្តាញទូរស័ព្ទបន្ទាន់ផ្តល់ព័ត៌មានអំពីគ្រោះមហន្តរាយធម្មជាតិនៅគ្រប់បញ្ជាការដ្ឋានកងទ័ពជើងអាកាស នៃបណ្តាប្រទេសអាស៊ាន, បង្កើត និងប្រើប្រាស់គេហទំព័ររួមដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីដំណើរការកសាង និងអភិវឌ្ឍកងទ័ពជើងអាកាសរបស់ប្រទេសនីមួយៗ។ លើសពីនេះ ជាលើកដំបូងកងទ័ពជើងអាកាស នៃបណ្តាប្រទេសអាស៊ាន បានធ្វើការផ្លាស់ប្តូរជំនាញ អំពីសុវត្ថិភាពហោះហើរ នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃក្រុមការងាររួមនៃកងទ័ពជើងអាកាសអាស៊ាន នៅខែកក្កដា ឆ្នាំ ២០២០។ រាល់សកម្មភាពពហុភាគីខាងលើគឺជាភ័ស្តុតាងច្បាស់បំផុតនៃការឯកភាពគ្នា មិត្តភាព និងការរួបរួមគ្នា គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍជាទូទៅនៃកងទ័ពជើងអាកាស នៃបណ្តាប្រទេសអាស៊ាន និងបង្ហាញពីការទទួលខុសត្រូវរបស់កងទ័ពជើងអាកាសនៅក្នុងការធានាសន្តិសុខ  សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ និងក្នុងតំបន់។

ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AACC-17 ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ Covid-19 ដែលមានការវិវឌ្ឍមិនអាចទាយទុកជាមុនបាន ទន្ទឹមនឹងនោះគឺការកើនឡើងនៃភាពតានតឹងនៅក្នុងចំណុចក្តៅក្នុងតំបន់ រាល់បញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី។

ជាមួយនឹងការរៀបចំប្រកបដោយការហ្មត់ចត់ និងសកម្មរបស់អង្គទ័ពកងទ័ពការពារដែនអាកាស - កងទ័ពជើងអាកាស និងរបៀបវារៈជាក់ស្តែងកិច្ចប្រជុំ AACC-17 ប្រាកដជានឹងទទួលបានជោគជ័យដ៏អស្ចារ្យដោយបញ្ជាក់ពីសក្តានុពល និងការប្តេជ្ញាចិត្តចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែង ការផ្សាភ្ជាប់គ្នារវាងកងទ័ពជើងអាកាសនៃបណ្តាប្រទេសអាស៊ាន ដោយរួមចំណែកយ៉ាងសកម្មដល់ការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកយោធា និងការការពារជាតិអាស៊ានក្នុងពេលខាងមុខនេះ៕

បកប្រែដោយ Minh Trung