វៀតណាមដាក់ជូនឯកសារផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិតនៅអង្គការសហប្រជាជាតិ
កប.អនឡាញ - នារសៀលថ្ងៃទី១៧ ខែមេសា (ម៉ោងក្នុងស្រុក) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) លោក Do Hung Viet ឯកអគ្គរដ្ឋទូត ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានដាក់ជូនឯកសារនៃការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិត (អនុសញ្ញាហាណូយ) នៅការិយាល័យច្បាប់អង្គការសហប្រជាជាតិ (OLA)។
នីតិវិធីសម្រាប់ការដាក់ជូនឯកសារដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយត្រូវបានអនុវត្តបន្ទាប់ពីលោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានចុះហត្ថលេខាលើសេចក្តីសម្រេចផ្តល់សច្ចាប័នលើអនុសញ្ញានេះ នៅថ្ងៃទី៧ ខែមេសា ដែលនាំវៀតណាមក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាប្រទេសទីបីនៅលើពិភពលោកដែលផ្តល់សច្ចាប័នលើអនុសញ្ញានេះ។ នៅក្នុងពិធីនេះ តំណាងការិយាល័យច្បាប់អង្គការសហប្រជាជាតិបានទទួលឯកសារផ្តល់សច្ចាប័នរបស់វៀតណាម នៅចំពោះមុខប្រធានការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀន និងបទល្មើស (UNODC)។
    |
 |
|
លោក Do Hung Viet ឯកអគ្គរដ្ឋទូត ដាក់ជូនឯកសារនៃការផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយ នៅការិយាល័យច្បាប់អង្គការសហប្រជាជាតិ (OLA) (រូបថត៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ) |
នៅក្នុងពិធីដាក់ជូនឯកសារ លោក Do Hung Viet ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា ការធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខានៅទីក្រុងហាណូយ និងការក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសបីដំបូងគេដែលផ្តល់សច្ចាប័នលើអនុសញ្ញានេះ ឆ្លុះបញ្ចាំងពីបំណងប្រាថ្នា និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការចូលរួមចំណែកយ៉ាងសកម្ម និងជាក់ស្តែងចំពោះដំណើរការនៃការនាំអនុសញ្ញានេះឱ្យចូលជាធរមាន និងអនុវត្ត រួមចំណែកដល់ការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទក្មើសតាមអ៊ីនធឺណិត និងបង្កើនសន្តិសុខតាមអ៊ីនធឺណិតនៅទូទាំងពិភពលោក។ លោក Do Hung Viet ឯកអគ្គរដ្ឋទូត បានសម្តែងក្តីសង្ឃឹមថា អនុសញ្ញាហាណូយនឹងបន្តត្រូវបានប្រទេសជាច្រើនទៀតផ្តល់សច្ចាប័នយ៉ាងឆាប់រហ័ស ដោយតាមនោះ ប្រែក្លាយការប្តេជ្ញាចិត្តទៅជាសកម្មភាព។
គួរបញ្ជាក់ថា នៅខែតុលា ឆ្នាំ២០២៥ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ វៀតណាមបានសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ រៀបចំដោយជោគជ័យនូវពិធីបើកសម្រាប់ការចុះហត្ថលេខាលើអនុសញ្ញា និងកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ ក្រោមប្រធានបទ "ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត - ចែករំលែកការទទួលខុសត្រូវ - ឆ្ពោះទៅរកអនាគត" ដែលទាក់ទាញការចូលរួមពីថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងតំណាងជាន់ខ្ពស់មកពីប្រទេស និងអង្គការអន្តរជាតិជាង ១១០។ ព្រឹត្តិការណ៍ដ៏ជោគជ័យពិសេសនេះបានសម្គាល់ជំហានថ្មីមួយទៅមុខក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិលើសន្តិសុខតាមអ៊ីនធឺណិត ខណៈពេលដែលបញ្ជាក់ពីជំហរ និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ៕
បកប្រែដោយ Huyen Trang