លើកកម្ពស់សមត្ថភាពសម្រាប់នារីយោធាក្នុងយុគសម័យឌីជីថល
កប.អនឡាញ - នៅថ្ងៃទី ៧ ខែកុម្ភៈ នៅទីក្រុងហាណូយ ដោយទទួលការគាំទ្រពីកម្មវិធីសហប្រតិបត្តិការបង្វឹកបង្ហាត់យោធា (MTCP) នៃក្រសួងការពារជាតិកាណាដា គណៈកម្មាធិការនារីនៃកងទ័ពប្រជាជនវៀតណាម ដែលជាស្ថាប័នអចិន្ត្រៃយ៍នៃគណៈកម្មាធិការដើម្បីវឌ្ឍនភាពរបស់ស្ត្រីនៃក្រសួងការពារប្រទេសវៀតណាម និងទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងប្រគល់អំណាចដល់ស្ត្រី (UN Women) បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីការ "លើកកម្ពស់សមត្ថភាព និងសុវត្ថិភាពសម្រាប់នារីយោធាដើម្បីសន្តិភាព និងសន្តិសុខក្នុងយុគសម័យឌីជីថល"។
ក្នុងឱកាសចូលរួម និងថ្លែងសុន្ទរកថាបើកសិក្ខាសាលា លោកឧត្តមសេនីយ៍ឯក Nguyen Van Gau សមាជិកគណៈកម្មាធិការមជ្ឈិមនៃបក្សកុម្មុយនិស្តវៀតណាម និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអនុវត្តកម្មវិធីដើម្បីស្ត្រី សន្តិភាព និងសន្តិសុខ។
ក្នុងកងទ័ពប្រជាជនវៀតណាម នារីគឺជាផ្នែកមួយដ៏សំខាន់នៃកងកម្លាំងប្រដាប់អាវុធ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យផ្សេងៗ។ ជាពិសេស យោធិននារីវៀតណាមបានចូលរួមប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយកាន់តំណែងដែលតម្រូវឲ្យមានជំនាញខ្ពស់ ភាពក្លាហាន វិន័យ និងមានសមត្ថភាពធ្វើការក្នុងបរិយាកាសពហុជាតិសាសន៍។
ជាមួយនឹងវគ្គពិភាក្សាចំនួនបី សិក្ខាសាលានេះបានរួមចំណែកដល់ការបញ្ជាក់ពីតួនាទីជាប្រទេសសមាជិកសកម្ម និងមានទំនួលខុសត្រូវរបស់វៀតណាមក្នុងការអនុវត្តកម្មវិធីដើម្បីស្ត្រី សន្តិភាព និងសន្តិសុខរបស់អង្គការសហប្រជាជាតិ ដោយបញ្ជាក់ពីតម្រូវការសម្រាប់ការតភ្ជាប់រវាងការធ្វើបរិវត្តកម្មឌីជីថល សមភាពយេនឌ័រ និងគោលដៅដើម្បីសន្តិភាព និងសន្តិសុខរបស់ប្រជាជាតិនីមួយៗ និងសហគមន៍អន្តរជាតិនីមួយៗ ដោយចាត់ទុកថា នេះជាផ្នែកសំខាន់មួយនៃការកសាងកងទ័ពទំនើប មនុស្សធម៌ និងធ្វើសមាហរណកម្មអន្តរជាតិ។
សិក្ខាសាលានេះក៏បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយបង្កើនសមត្ថភាពចូលរួមដ៏មានអត្ថន័យរបស់នារីយោធាក្នុងសកម្មភាពជាច្រើន ដូចជាការរក្សាសន្តិភាព ការស្វែងរក និងជួយសង្គ្រោះ ជំនួយមនុស្សធម៌ក្នុងស្រុក និងអន្តរជាតិ... នៅក្នុងបរិបទដែលការធ្វើបរិវត្តកម្មឌីជីថលនៅលើពិភពលោកកំពុងវិវត្តយ៉ាងឆាប់រហ័ស៕
បកប្រែដោយ Thuy Anh