កងទ័ពប្រមូលផ្ដុំកងកម្លាំងនិងមធ្យោបាយដើម្បីជំនះផលវិបាកនៃទឹកជំនន់
កប.អនឡាញ - នៅថ្ងៃទី ២២ ខែវិច្ឆិកា ក្រសួងការពារប្រទេសបានផ្ញើសារទូរលេខទៅកាន់ស្ថាប័ន និងអង្គភាពនានាស្តីពីការបង្កើនការគ្រប់គ្រង និងការប្រើប្រាស់ទំនិញបម្រុងជាតិ ដើម្បីជួយគាំទ្រ និងឆ្លើយតបទៅនឹងទឹកជំនន់នៅភាគកណ្តាលវៀតណាម។
ដោយហេតុនេះ អនុវត្តតាមសារទូរលេខលេខ 226/CD-TTg ចុះថ្ងៃទី ២១ខែវិច្ឆិកា ឆ្នាំ ២០២៥ របស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើនការគ្រប់គ្រង និងការប្រើប្រាស់ទំនិញបម្រុងជាតិ ដើម្បីជួយគាំទ្រ និងឆ្លើយតបទៅនឹងទឹកជំនន់នៅភាគកណ្ដាលវៀតណាម ក្រសួងការពារប្រទេសបានស្នើឱ្យបណ្ដាស្ថាប័ន និងអង្គភាពបន្តជ្រួតជ្រាប និងអនុវត្ដត្រឹមត្រូវតាមសារទូរលេខរបស់ក្រសួងការពារប្រទេសស្តីពីការឆ្លើយតប និងការជំនះផលវិបាកនៃទឹកជំនន់នៅភាគកណ្ដាលវៀតណាម។
អគ្គនាយកដ្ឋានភស្តុភារនិងបច្ចេកទេស យោធភូមិភាគទី ៥ និងយោធភូមិភាគទី ៧ សិក្សាស្រាវជ្រាវនិងលើកសំណើទៅក្រសួងការពារប្រទេសផ្ដល់ទំនិញបម្រុងជាតិដើម្បីជួយគាំទ្រដល់ប្រជាជននៅតាមមូលដ្ឋានដែលរងផលប៉ះពាល់ដោយទឹកជំនន់ ស្របតាមបទប្បញ្ញត្តិ។ ដំណើរការអនុវត្តត្រូវតែធានាសុវត្ថិភាពដាច់ខាត និងរាយការណ៍លទ្ធផលជូនទៅក្រសួងការពារប្រទេសតាមរយៈទីបញ្ជាការដ្ឋានរបស់ក្រសួង និងនាយកដ្ឋានជួយសង្គ្រោះគ្រោះមហន្ដរាយ (អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម)។
    |
 |
|
កងទ័ពខិតខំប្រឹងប្រែងជួយប្រជាជនជំនះផលវិបាកនៃទឹកជំនន់ |
* នៅយប់ថ្ងៃទី ២២ ខែវិច្ឆិកា ការិយាល័យគណៈកម្មាធិការដឹកនាំការពារទប់ទល់ស៊ីវិលជាតិបានជូនដំណឹងថា ក្នុងថ្ងៃ ២២ ក្រសួងការពារប្រទេសបានចាត់បញ្ជូនកម្មាភិបាលនិងយុទ្ធជន និងកងជីវពលជាង ១៨,២០០ នាក់ ព្រមទាំងមធ្យោបាយគ្រប់ប្រភេទជាង ១,៨០០ គ្រឿង ដើម្បីចូលរួម សម្អាតសាលារៀនចំនួន ៥៨ ខ្នង ផ្ទះចំនួន ១៦៣ ខ្នង ទីស្នាក់ការកណ្តាលអាជ្ញាធរចំនួន ៨ មណ្ឌលសុខភាពចំនួន ១១ អាគារវប្បធម៌ ផ្លូវប្រវែង ៤៥.៥ គីឡូម៉ែត្រ។ ជម្លៀសមនុស្សចំនួន ២,៣២០ នាក់ទៅទីទួលសុវត្ថិភាព ហើយនាំមនុស្សចំនួន ១៥៣ នាក់ទៅស្នាក់នៅបណ្តោះអាសន្ននៅអង្គភាព។ ព្រមទាំងពិនិត្យសុខភាព និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់មនុស្សរាប់រយនាក់។ ដឹកជញ្ជូនស្បៀងអាហារនិងសម្ភារៈចាំបាច់ចំនួន ២០.៥ តោន និងដាំបាយដើម្បីផ្គត់ផ្គង់ប្រជាជន ជាង ១,០០០ នាក់ នៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់។
* នៅថ្ងៃទី២២ ខែវិច្ឆិកា ក្នុងការចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ ការខូចខាត និងការជួយប្រជាជនរបស់កងកម្លាំងការពារព្រំដែន នៅខេត្ត Dak Lak លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu មេបញ្ជាការរងនៃកងទ័ពការពារព្រំដែន បានលើកសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់កម្មាភិបាលនិងយុទ្ធជននៃគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ទោះបីជាគ្រួសារកម្មាភិបាលនិងយុទ្ធជនជាច្រើន ក៏រងការខាតបង់ដោយសារគ្រោះធម្មជាតិក៏ដោយ ក៏អង្គភាពនៅតែរក្សាកងទ័ពប្រចាំការ ១០០% ចូលរួម ជួយមូលដ្ឋាននិងប្រជាជនជំនះផលវិបាកនៃទឹកជំនន់។ លោកឧត្តមសេនីយ៍ត្រី Tran Ngoc Huu បានស្នើឱ្យគណៈបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តបន្តប្រមូលផ្តុំកម្លាំងនិងមធ្យោបាយ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងដទៃទៀតដើម្បីជួយប្រជាជនឱ្យជំនះការលំបាក។
ក្នុងឱកាសនេះ ក្រុមការងារបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន បានទៅសួរសុខទុក្ខ ប្រគល់អំណោយនិងលើកទឹកចិត្តប្រជាជន និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅក្នុងតំបន់ដែលរងការខូចខាតដោយទឹកជំនន់។
* នៅយប់ថ្ងៃទី២១ និង២២ ខែវិច្ឆិកា បញ្ជាការដ្ឋានតំបន់ ៤ កងទ័ពជើងទឹក បានចាត់បញ្ជូនកម្មាភិបាលនិងយុទ្ធជនចំនួន ៥០០ នាក់ រួមទាំងមធ្យោបាយជាច្រើនទៅកាន់តំបន់ទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងខេត្ត Khanh Hoa និងខេត្ត Dak Lak ដើម្បីជួយប្រជាជនជំនះផលវិបាកនៃទឹកជំនន់។
បកប្រែដោយ Thanh Cong