វៀតណាមបន្តខិតខំប្រឹងប្រែងជំនះលើផលវិបាកដោយសារគ្រាប់បែក និងមីន
កប.អនឡាញ - នាថ្ងៃទី ២១ ខែតុលា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិដឹកនាំការជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីន និងសារធាតុគីមីក្រោយសង្គ្រាមនៅវៀតណាម (គណៈកម្មាធិការដឹកនាំលេខ ៧០១) បានរៀបចំកិច្ចប្រជុំប្រមូលធនធានសម្រាប់ការជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីន ក្រោយសង្គ្រាមនៅវៀតណាម។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំលេខ ៧០១ បានធ្វើជាអធិបតីនៃកិច្ចប្រជុំ។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានប្រសាសន៍ក្នុងកិច្ចប្រជុំ |
ក្នុងដំណាក់កាល ២០២៣-២០២៤ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន មូលដ្ឋាន និងអង្គការអន្តរជាតិ ដើម្បីអនុវត្តយ៉ាងទូលំទូលាយនូវគោលដៅ និងភារកិច្ចនៃកម្មវិធី និងផែនការជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីនក្រោយសង្គ្រាម។ ជាពិសេស បានផ្តល់យោបល់ដល់គណៈកម្មាធិការដឹកនាំលេខ ៧០១ ក្រសួងការពារប្រទេស ចេញផ្សាយផែនការ គម្រោង ឯកសារច្បាប់ ប្រមូលថវិកា និងប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សកម្មភាពជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីន។ល។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់នូវការខិតខំប្រឹងប្រែងរបស់ស្ថាប័នគ្រប់លំដាប់ថ្នាក់ អង្គការនយោបាយសង្គមនានាក្នុងការអនុវត្តការជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីន ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនៃប្រទេសនានា និងអង្គការអន្តរជាតិ... ចំពោះការរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីននៅវៀតណាម។ ទន្ទឹមនឹងនោះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអំពាវនាវឲ្យសហគ្រាស អង្គការ និងបុគ្គលក្នុងនិងក្រៅប្រទេសបន្តពួតដៃគ្នាជួយឧបត្ថម្ភវៀតណាមក្នុងការជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីន។
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា នាពេលខាងមុខ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនវៀតណាម និងស្ថាប័នមានសមត្ថកិច្ចរបស់ក្រសួងការពារប្រទេស សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន និងមូលដ្ឋាននានា ពន្លឿនវឌ្ឍនភាពនៃការជំនះលើផលវិបាកដោយសារគ្រាប់បែក និងគ្រាប់មីន ហើយសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ប្រមូលផ្តុំធនធាន កសាង និងអនុវត្តគម្រោង ពង្រឹងសមត្ថភាពហ្វឹកហ្វឺន បណ្តុះបណ្តាលធនធានមនុស្ស ពង្រឹងការគ្រប់គ្រងព័ត៌មាន ជំរុញសកម្មភាពផ្សព្វផ្សាយ និងអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់បែក និងគ្រាប់មីនសម្រាប់ប្រជាជន៕
បកប្រែដោយ Huyen Trang