ចេញទៅលំហសមុទ្រដើម្បីការពារបរិស្ថានសមុទ្រ
នៅចុងខែឧសភា ឆ្នាំ ២០២៥ បន្ទាប់ពីការធ្វើដំណើរក្នុងចម្ងាយជាង ៦០០ ម៉ាយល៍ យើងខ្ញុំនិងក្រុមត្រួតពិនិត្យអន្ដរស្ថាប័ន រួមទាំងថ្នាក់ដឹកនាំកងឆ្មាំសមុទ្រវៀតណាម ប្រភរទទ័ពជើងទឹក កម្លាំងជលផល និងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជននៃមូលដ្ឋានជាប់សមុទ្រមួយចំនួនបានចុះត្រួតពិនិត្យការបំពេញភារកិច្ចការពារបរិស្ថានដែនសមុទ្រប្រកបដោយនិរន្តរភាព និងប្រឆាំងការនេសាទខុសច្បាប់នៅដែនសមុទ្រជាប់ជាមួយភាគនិរតី។
លោកវរសេនីយ៍ត្រី Hoang Van Bien មេបញ្ជាការនាវាកងឆ្មាំសមុទ្រលេខ ៤០៣១ នៃកងវរសេនាតូចលេខ ៣០១ តំបន់លេខ ៣ កងឆ្មាំសមុទ្រវៀតណាម ឲ្យដឹងថា “រហូតមកដល់ពេលនេះ កម្មាភិបាល និងយុទ្ធជននាវាកងឆ្មាំសមុទ្រលេខ ៤០៣១ បានបន្ដឈរជើងក្នុងដែនទឹកព្រំដែនភាគនិរតីអស់រយៈពេលពីរខែមកហើយ។ ទោះបីចាកចេញពីដីគោកអស់រយៈពេលជាច្រើនថ្ងៃក៏ដោយ អាកាសធាតុលើសមុទ្រមានខ្យល់បក់ខ្លាំង រលកសមុទ្រខ្ពស់ជាញឹកញាប់ ប៉ុន្ដែស្មារតីបំពេញភារកិច្ចអស់ពីចិត្តពីថ្លើមដើម្បីការពារអធិបតេយ្យភាព សន្តិសុខ សុវត្ថិភាពនៅដែនសមុទ្រ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ទប់ស្កាត់និងដេញចាប់នាវានេសាទបរទេសបំពានដែនទឹកវៀតណាម ការពារធនធានជលផលនោះ កម្មាភិបាលនិងយុទ្ធជននាវាកងឆ្មាំសមុទ្រលេខ ៤០៣១ បានខិតខំទាំងយប់ទាំងថ្ងៃ ពុះពារគ្រប់ការលំបាក ប្ដេជ្ញាចិត្ដសម្រេចបានគ្រប់ភារកិច្ច”។
    |
 |
កម្មាភិបាលនិងយុទ្ធជនកងឆ្មាំសមុទ្រតំបន់លេខ ១ សម្អាតឆ្នេរសមុទ្រនៅកោះ Co To (ខេត្ដ Quang Ninh) |
នៅប្រភេទទ័ពជើងទឹក លោកវរសេនីយ៍ឯក Vu Anh Tuan ប្រធាននយោបាយនៃប្រភេទទ័ពជើងទឹក ឲ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងមក ប្រភេទទ័ពជើងទឹកតែងតែយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងនិងការពារធនធាន និងបរិស្ថានសមុទ្រនិងកោះ ដោយចាត់ទុកនេះភារកិច្ចនយោបាយសំខាន់ៗ។ អាស្រ័យហេតុនេះ ស្ថាប័ន អង្គភាពនានារបស់ប្រភេទទ័ពជើងទឹក បានអនុវត្ដយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស រដ្ឋ និងកងទ័ពលើការការពារធនធាន និងបរិស្ថានសមុទ្រនិងកោះ។
ជារៀងរាល់ឆ្នាំ ប្រភេទទ័ពជើងទឹកបានបញ្ជាឲ្យស្ថាប័ន និងអង្គភាពរៀបចំសកម្មភាពជាច្រើនដើម្បីជ្រោមជ្រេងទិវាបរិស្ថានពិភពលោក សប្តាហ៍សមុទ្រនិងកោះវៀតណាម ទិវាមហាសមុទ្រពិភពលោក។ល។ ព្រមទាំងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសកម្មភាពសម្អាតបរិស្ថានសមុទ្រនៅប៉ុន្មានថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ សម្របសម្រួលជាមួយស្ថាប័ន និងអង្គការមហាជនក្នុងតំបន់ឈរជើង រៀបចំកម្មវិធី “រួមគ្នាសម្អាតសមុទ្រ” និងប្រមូលសំរាមដែលទាក់ទាញការចូលរួមពីមហាជន លើកកម្ពស់ការយល់ដឹងអំពីការការពារបរិស្ថាន ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងសកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។
“ទន្ទឹមនឹងនោះ ប្រភេទទ័ពជើងទឹករក្សាយ៉ាងតឹងរ៉ឹងនូវកងកម្លាំង មធ្យោបាយ រៀបចំការល្បាតនិងត្រួតពិនិត្យនៅតំបន់ព្រំដែនជាប់សមុទ្រ ក្តាប់ស្ថានការណ៍និងផ្ដល់យោបល់ លើកសំណើបានទាន់ពេល និងដោះស្រាយស្ថានការណ៍នៅសមុទ្រប្រកបដោយប្រសិទ្ធភាព។ នាវាដែលមានកាតព្វកិច្ចប្រឆាំងការនេសាទខុសច្បាប់របស់ប្រភេទទ័ពជើងទឹកតែងតែដើរតួនាទីស្នូលក្នុងការប្រយុទ្ធប្រឆាំងនិងការពារបរិស្ថានសមុទ្រ បង្ការនិងទប់ទល់នឹងគ្រោះធម្មជាតិ សង្គ្រោះគ្រោះមហន្ដរាយលើសមុទ្រ និងកោះ។
លោកវរសេនីយ៍ឯក Vu Anh Tuan បានចែករំលែកថា ជាមួយនឹងសកម្មភាពជាក់លាក់ កម្មាភិបាលនិងយុទ្ធជនបានប្ដេជ្ញាចិត្ដរួមជាមួយអង្គភាព និងមូលដ្ឋាននានាក្នុងការការពារធនធានសមុទ្រ ជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ លើកកំពស់គុណភាពបរិស្ថានសមុទ្រ និងរួមចំណែកថែរក្សាដែនសមុទ្រ និងកោះនៃមាតុភូមិ"។
លោកវរសេនីយ៍ឯក Phan Duy Cuong មេបញ្ជាការរងកងឆ្មាំសមុទ្រតំបន់លេខ ៤ ដែលទទួលបន្ទុកផ្ទាល់លើការបញ្ជាកងកម្លាំងដែលបំពេញបេសកកម្មនៅដែនសមុទ្រជាប់ភាគនិរតីឲ្យដឹងថា៖ អនុវត្តតាមការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការដក "កាតលឿង" ក្នុងការនាំចេញជលផលរបស់វៀតណាមដែលដាក់ដោយគណៈកម្មការអឺរ៉ុប (EC) អស់រយៈពេលជិត ៤ ឆ្នាំ នៅដែនសមុទ្រជាប់ភាគនិរតី កងកម្លាំងរបស់កងទ័ពប្រជាជនវៀតណាមបានធានាចំនួនទ័ព និងមធ្យោបាយដើម្បីប្រចាំការទាំងយប់ទាំងថ្ងៃ។ ទោះបីអាកាសធាតុនៅសមុទ្រមានភាពស្មុគស្មាញនិងខុសពីធម្មតាក៏ដោយក៏កម្មាភិបាលនិងយុទ្ធជននៅតែក្ដាប់ជាប់ស្ថានការណ៍។ កងកម្លាំងអនុវត្តច្បាប់លើដែនសមុទ្ររបស់ក្រសួងការពារប្រទេសបានរៀបចំការល្បាត ត្រួតពិនិត្យនៅតំបន់សមុទ្រជាប់ព្រំដែន និងតំបន់សមុទ្រត្រួតស៊ីគ្នារវាងវៀតណាមនិងថៃ និងរវាងវៀតណាមនិងម៉ាឡេស៊ី។
ដោយសារការទប់ស្កាត់ និងព្រមានទាន់ពេលវេលាពីនាវាកងទ័ពជើងទឹក កងឆ្មាំឆ្នេរសមុទ្រ កម្លាំងជលផល និងកងជីវពល នាពេលកន្លងមក ចំនួនទូកនេសាទរបស់ប្រជានេសាទដែលបំពានលើដែនសមុទ្រភាគនិរតីបានថយចុះគួរឱ្យកត់សម្គាល់ ហើយចំនួននាវាបរទេសដែលបំពានលើដែនទឹកវៀតណាមក៏ថយចុះគួរឱ្យកត់សម្គាល់ផងដែរ។ លទ្ធផលខាងលើនេះ រួមចំណែកការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ រក្សាបាននូវបរិយាកាសសន្តិភាព និងកិត្យានុភាពរបស់ប្រទេសជាតិ និងប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ។
បញ្ជាក់ពីតួនាទីស្នូល
យោងតាមឧត្តមសេនីយ៍ត្រី Pham Van Ty អនុប្រធាននាយកដ្ឋានជួយសង្គ្រោះ (អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម) ធាតុពិតជាក់ស្តែងក្នុងប៉ុន្មានឆ្នាំកន្លងមកបានបង្ហាញថា ការចូលរួមជម្នះការបំពុលបរិស្ថានសមុទ្រ និងឧប្បត្តិហេតុនៅសមុទ្រ គឺជាភារកិច្ចដ៏សំខាន់មួយរបស់បណ្ដាអង្គភាពកងទ័ព ជាពិសេសអង្គភាពដែលឈរជើងនៅតំបន់ឆ្នេរសមុទ្រ កោះ និងផ្ទះរន្ទា DK1។ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស បានកំណត់គោលដៅ និងភារកិច្ចជាក់លាក់ និងចាត់តាំងអង្គភាពពាក់ព័ន្ធចូលរួមការពារធនធានបរិស្ថាន ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជំនះឧប្បត្តិហេតុក្នុងបរិយាកាសសមុទ្រ និងកោះវៀតណាម ហើយបង្កើនការសហការជាមួយក្រសួងនិងស្ថាប័ន ឆ្លើយតបយ៉ាងសកម្មចំពោះគ្រប់ស្ថានការណ៍។
ដោយអះអាងពីតួនាទីរបស់កងទ័ពក្នុងភារកិច្ចការពារបរិស្ថាន និងជំនះឧប្បត្តិហេតុនៅសមុទ្រ នៅអង្គសិក្ខាសាលា ក្រោមប្រធានបទ “ប្រមូលផ្តុំធនធាន ឈានទៅសមុទ្រ” ដែលរៀបចំដោយកាសែតកងទ័ពប្រជាជន លោកសាស្ត្រាចារ្យ បណ្ឌិត Nguyen Chu Hoi សមាជិករដ្ឋសភា ប្រធានសមាគមការពារបរិស្ថានសមុទ្រ និងជាអនុប្រធានអចិន្ត្រៃយ៍សមាគមនេសាទវៀតណាម បានបញ្ជាក់ថា កងទ័ពជាកម្លាំងស្នូលក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ គ្រោះមហន្តរាយបរិស្ថាននិងជួយសង្គ្រោះ។ តាមរយៈសកម្មភាពជាក់លាក់ កម្មាភិបាលនិងយុទ្ធជនបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាបរិស្ថានសមុទ្រ និងកោះរបស់វៀតណាម ដោយកាត់បន្ថយហានិភ័យនៃការបំពុលសមុទ្រ។
ដោយមានឆ្នេរសមុទ្រប្រវែងជាង ៣,២៦០ គីឡូម៉ែត្រ និងកោះធំនិងតូចជាង ៣,០០០ តំបន់សមុទ្រវៀតណាមត្រូវបានចាត់ទុកថាសម្បូរទៅដោយធនធានធម្មជាតិ ជាមួយនឹងទីតាំងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយដ៏សំខាន់នៅក្នុងតំបន់និងពិភពលោក។ ធនធានបរិស្ថានសមុទ្រ និងកោះ គឺជាមូលដ្ឋានគ្រឹះ និងធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ លោក Nguyen Chu Hoi ឲ្យដឹងថា “យើងជឿជាក់យ៉ាងមុតមាំថា ជាមួយនឹងតួនាទីស្នូលរបស់ខ្លួន អង្គភាពកងទ័ពនឹងបន្តធ្វើជាអធិបតី និងសហការល្អជាមួយស្ថាប័ន អង្គការសង្គមក្នុងស្រុក និងក្រៅប្រទេសក្នុងការគ្រប់គ្រង ការពារ ទប់ស្កាត់ និងដោះស្រាយស្ថានភាព និងឧប្បត្តិហេតុដែលប៉ះពាល់ដល់បរិស្ថានសមុទ្រ រួមចំណែកលើកកម្ពស់ក្នុងការការពារធនធានសមុទ្រ អភិរក្សជីវៈចម្រុះ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដែលជះឥទ្ធិពលអវិជ្ជមានដល់សមុទ្រ និងកោះនៃមាតុភូមិ...”៕
បកប្រែដោយ Pham Diep