កងទ័ពទាំងមូលបើកវគ្គហ្វឹកហ្វឺនឆ្នាំ២០២៥
កប.អនឡាញ - នាថ្ងៃទី ៣ ខែមីនា កងទ័ពទាំងមូលបានប្រារព្ធពិធីបើកវគ្គហ្វឹកហ្វឺនឆ្នាំ២០២៥ និងបំផុសចលនាប្រឡងប្រណាំង "រហ័ស - ប្តេជ្ញាឈ្នះ"។
ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម អគ្គស្នងការដ្ឋាននយោបាយ និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបានចូលរួម បញ្ជា និងលើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃអង្គភាពនានា។
*លោកឧត្តមសេនីយ៍ឯក Trinh Van Quyet លេខាមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គស្នងការនយោបាយ នៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញចូលរួម និងផ្តល់អនុសាសន៍ដឹកនាំក្នុងពិធីបើកវគ្គហ្វឹកហ្វឺននៅកងវរសេនាធំលេខ ២៨៥ កងពលធំលេខ៣៦៣ ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាសនៃកងទ័ពប្រជាជនវៀតណាម។
    |
 |
លោកឧត្តមសេនីយ៍ឯក Trinh Van Quyet ថ្លែងមតិក្នុងពិធី |
ថ្លែងមតិនៅពិធីនេះ លោកឧត្តមសេនីយ៍ឯក Trinh Van Quyet បានស្នើឲ្យគណៈកម្មាធិការបក្ស បញ្ជាការដ្ឋាន និងកម្មាភិបាល យុទ្ធជនប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស យល់ជ្រួតជ្រាបទស្សនៈ មាគ៌ាយោធា ការពារជាតិរបស់បក្ស សេចក្តីសម្រេចចិត្ត សារាចរ និងសេចក្តីសន្និដ្ឋានរបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្តីពីការហ្វឹកហ្វឺន ពង្រីកតួនាទីដឹកនាំរបស់គណៈកម្មាធិការបក្ស និងមេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងភារកិច្ចហ្វឹកហ្វឺនត្រៀមខ្លួនប្រយុទ្ធជាស្រេច។ រៀបចំសមយុទ្ធ ហ្វឹកហាត់ និងព្រឹត្តិការណ៍ប្រកួតកីឡាប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពជាក់ស្តែង។ រក្សាវិន័យ ការត្រៀបខ្លួនប្រយុទ្ធជាស្រេច និងគ្រប់គ្រងដែនអាកាសយ៉ាងតឹងរ៉ឹង។ ចូលរួមយ៉ាងសកម្មក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ ការស្វែងរកនិងជួយសង្គ្រោះ ការបង្ការ និងពន្លត់អគ្គីភ័យ ការការពារទ្រព្យសម្បត្តិរដ្ឋ និងអាយុជីវិតរបស់ប្រជាជន... យកចិត្តទុកដាក់ដល់ការកសាងបរិយាកាសវប្បធម៌យោធា ចូលរួមយ៉ាងសកម្មក្នុងការជួយប្រជាជននៅមូលដ្ឋានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ពង្រឹងការការពារជាតិ និងសន្តិសុខ កសាងមូលដ្ឋាននយោបាយដ៏រឹងមាំនៅមូលដ្ឋាន...
*លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងដឹកនាំពិធីបើកវគ្គហ្វឹកហ្វឺនឆ្នាំ២០២៥ នៅកងពលតូចលេខ១៤៧ តំបន់លេខ១ នៃកងទ័ពជើងទឹក។
ថ្លែងក្នុងពិធី លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យកងពលតូចលេខ ១៤៧ បន្តយល់ជ្រួតជ្រាបទស្សនៈ មាគ៌ាយោធា ការពារជាតិរបស់បក្ស និងសេចក្តីសម្រេចចិត្ត សារាចររបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្តីពីការហ្វឹកហ្វឺន... ផ្តោតសំខាន់លើការដឹកនាំស្ថាប័ន និងអង្គភាពនានាក្នុងការផ្លាស់ប្ដូរថ្មី និងលើកកំពស់គុណភាពនៃការហ្វឹកហ្វឺន និងសមត្ថភាពត្រៀបខ្លួនប្រយុទ្ធជាស្រេច បំពេញតម្រូវការនៃភារកិច្ចក្នុងស្ថានភាពថ្មី។
ចំពោះភារកិច្ចហ្វឹកហ្វឺនយុទ្ធជនថ្មី លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានស្នើឲ្យកងពលតូចលេខ១៤៧ ហ្វឹកហ្វឺនតាមកម្មវិធី មានខ្លឹមសារគ្រប់គ្រាន់ ធានាគុណភាព។ កម្មាភិបាលគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្មាភិបាលទទួលបន្ទុកគ្រប់គ្រង និងហ្វឹកហ្វឺន ត្រូវជម្នះរាល់ការលំបាក លើកតម្កើងស្មារតីទំនួលខុសត្រូវ មានទំនាក់ទំនងជិតស្និទ្ធជាមួយយុទ្ធជន ដើម្បីរៀបចំការហ្វឹកហ្វឺនប្រកបដោយគុណភាព ស្របតាមបទប្បញ្ញត្តិធានាសុវត្ថិភាពដាច់ខាត ដកបទពិសោធន៍ជាប្រចាំ។
*លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញចូលរួម និងថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនយោធាឆ្នាំ ២០២៥ នៃកងវរសេនាធំលេខ ១៤១ កងពលធំលេខ ៣ (យោធភូមិភាគទី១)។
    |
 |
ព្យុហយាត្រាយោធាក្នុងពិធីបើកវគ្គហ្វឹកហាត់ |
ថ្លែងមតិនៅពិធីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យកងវរសេនាធំលេខ ១៤១ យល់ជ្រួតជ្រាបទស្សនៈ មាគ៌ាយោធា ការពារជាតិរបស់បក្ស និងសេចក្តីសម្រេចចិត្ត សារាចររបស់គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស ស្តីពីការហ្វឹកហ្វឺន ផ្តោតលើការដឹកនាំ ការផ្លាស់ប្ដូរថ្មី និងលើកម្ពស់គុណភាពនៃការបង្វឹកបង្ហាត់ និងសមត្ថភាពត្រៀមខ្លួនប្រយុទ្ធជាស្រេច បំពេញតម្រូវការនៃភារកិច្ចការពារមាតុភូមិក្នុងស្ថានភាពថ្មី បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មានក្នុងការហ្វឹកហ្វឺន ជម្រុញចលនាប្រឡងប្រណាំងប្តេជ្ញាឈ្នះនៅគ្រប់លំដាប់ថ្នាក់ បង្កើតបរិយាកាសប្រឡងប្រណាំងដ៏រស់រវើកចាប់ពីថ្ងៃដំបូងនៃការហ្វឹកហ្វឺន...
* លោកឧត្តមសេនីយ៍ឯក Le Huy Vinh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញចូលរួម និងថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនឆ្នាំ ២០២៥ និងបំផុសចលនាប្រឡងប្រណាំង "ពន្លឿនល្បឿន - ប្តេជ្ញាយកឈ្នះ" នៅកងពលធំលេខ ៣១៦ (យោធភូមិភាគទី២)។
លោកឧត្តមសេនីយ៍ឯក Le Huy Vinh បានស្នើឲ្យគណៈកម្មាធិការបក្ស និងមេបញ្ជាការកងពលធំ ផ្តោតលើការដឹកនាំស្ថាប័ន និងអង្គភាព ផ្លាស់ប្តូរថ្មី និងលើកកម្ពស់គុណភាពនៃការហ្វឹកហ្វឺន និងសមត្ថភាពត្រៀមប្រយុទ្ធជាស្រេច បំពេញតាមតម្រូវការនៃភារកិច្ចក្នុងស្ថានភាពថ្មី។ កសាងផែនការ ធ្វើបានល្អក្នុងការគ្រប់គ្រង ដឹកនាំការហ្វឹកហ្វឺន។ រៀបចំវគ្គហ្វឹកហ្វឺនតាមកម្មវិធី និងផែនការ ដោយផ្តោតលើការហ្វឹកហ្វឺន ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ និងសមត្ថភាពសហការរបស់កម្មាភិបាលគ្រប់លំដាប់ថ្នាក់។ ផ្តល់ចំណេះដឹងដល់ជួរកម្មាភិបាល និងសហការជាមួយស្ថាប័ន អង្គភាព និងមូលដ្ឋាន ដើម្បីធ្វើឲ្យបានល្អក្នុងការរៀបចំសមយុទ្ធ បំពេញល្អភារកិច្ច និងធានាសុវត្ថិភាពដាច់ខាត៕
បកប្រែដោយ Thuy Anh