កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី១១
កប.អនឡាញ - នារសៀលថ្ងៃទី ១០ ខែកុម្ភៈ នៅទីក្រុង Fukuoka (ជប៉ុន) បានប្រព្រឹត្ដទៅកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - ជប៉ុនលើកទី ១១ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោក Kano Koji អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនធ្វើជាសហប្រធាននៃកិច្ចសន្ទនានេះ។
នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោក និងតំបន់។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា៖ វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងការបរទេស។ ត្រៀមខ្លួនសហប្រតិបត្តិការជាមួយបណ្ដាប្រទេស និងអង្គការអន្តរជាតិដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ ដោះស្រាយជម្លោះ ដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
អំពីបញ្ហាសមុទ្រខាងកើត ចាំបាច់ត្រូវគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងជំរុញការបញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោក Kano Koji អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន |
លោក Kano Koji អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងវៀតណាម-ជប៉ុននិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនិយាយដោយឡែក។ ចែករំលែកទស្សនៈអំពីស្ថានភាពពិភពលោកនិងតំបន់ លោកអនុរដ្ឋមន្ត្រី Kano Koji បានសង្កត់ធ្ងន់លើស្មារតីនៃការគោរពច្បាប់ និងរួមដៃគ្នាកសាងបរិយាកាសសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ លោក Kano Koji ជឿជាក់ថា ក្នុងស្មារតីនៃការផ្លាស់ប្តូរដោយស្មោះត្រង់ និងវិជ្ជមាន កិច្ចសន្ទនានេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន នាពេលខាងមុខឱ្យកាន់តែអភិវឌ្ឍន៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។
អំពីកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសង្កត់ធ្ងន់ថា ចាប់តាំងពីកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី១០ មក ទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ដូចជាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ការអប់រំនិងបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាព រក្សាការសន្ទនា ការពិគ្រោះយោបល់ ឧស្សាហកម្មការពារជាតិ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ជំនះផលវិបាកនៃសង្គ្រាម; កិច្ចសហប្រតិបត្តិការវេជ្ជសាស្រ្តយោធា ការសង្គ្រោះគ្រោះមហន្ដរាយ សម្របសម្រួលនិងចូលរួមសកម្មភាពពហុភាគីដែលរៀបចំដោយក្រសួងការពារជាតិរបស់ប្រទេសនីមួយៗ ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគីអន្តរជាតិ...
លោកអនុរដ្ឋមន្ត្រី Kano Koji បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការលើកកម្ពស់សន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោក។ លោកអនុរដ្ឋមន្ត្រី Kano Koji សម្តែងការកោតសរសើរចំពោះសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងការតស៊ូដណ្ដើមឯករាជ្យ និងបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងការកសាងប្រទេសជាតិនាពេលបច្ចុប្បន្ន។
ភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងការពារជាតិសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន ហើយនៅមានសក្ដានុពលសម្រាប់ការអភិវឌ្ឍនាពេលខាងមុខ។ ភាគីទាំងពីរបានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុនឱ្យកាន់តែស៊ីជម្រៅ ស្របតាមខ្លឹមសារនិងយន្តការសហប្រតិបត្តិការដែលភាគីទាំងពីរបានឯកភាពក្នុងកិច្ចសន្ទនា។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោក Kano Koji អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុននៅពិធីចុះហត្ថលេខាលើកំណត់ហេតុ |
នៅចុងបញ្ចប់នៃកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម និងលោក Kano Koji អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-ជប៉ុនលើកទី១១៕
បកប្រែដោយ Pham Diep