អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ត្រី បញ្ជាក់ពីគោលបំណងនិងអត្ថន័យនៃជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២?

លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien៖ វៀតណាម និងឡាវ គឺជាប្រទេសជិតខាងពីរដែលមានទំនាក់ទំនងជិតស្និទ្ធ កម្រមានក្នុងពិភពលោក និងត្រូវបានចាក់គ្រឹះដោយលោកប្រធានហូជីមិញ និងលោកប្រធាន Kaysone Phomvihane និងលោកប្រធាន Souphanouvong រួមទាំងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរគ្រប់ជំនាន់ពូនជ្រំ។ ទន្ទឹមនឹងការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ឡាវក៏ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍​ឥតឈប់ឈរ ហើយបានក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

ក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំរបស់បក្សទាំងពីរ និងរដ្ឋទាំងពីរ ការសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពរបស់ក្រសួង និងស្ថាប័ន ជាពិសេសគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងកម្លាំងការពារព្រំដែន និងប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ បានរួមដៃគ្នាកសាងខ្សែព្រំដែនវៀតណាម-ឡាវ ប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរមានស្ថិរភាព; ខ្សែព្រំដែន និងបង្គោលព្រំដែនត្រូវបានគ្រប់គ្រង និងការពារបានល្អ។ កិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរជាចំណុចភ្លឺ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានសហការយ៉ាងជិតស្និទ្ធ រក្សាការផ្លាស់ប្តូរព័ត៌មាន និងសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មគ្រឿងញៀន ការក្លែងបន្លំពាណិជ្ជកម្ម ការរត់ពន្ធ ទប់ស្កាត់ការធ្វើចំណាកស្រុកដោយសេរី និងការចេញចូលប្រទេសដោយខុសច្បាប់។ ព្រមទាំងផ្សព្វផ្សាយដល់ប្រជាជននៅតាមតំបន់ព្រំដែនឱ្យអនុវត្តល្អនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការព្រំដែនរវាងប្រទេសទាំងពីរ; ជំរុញការផ្លាស់ប្តូរនិងការចងសម្ព័ន្ធមេត្រីភាពរវាងបណ្ដាមូលដ្ឋាន និងអង្គភាពជាប់ព្រំដែន បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរស់នៅ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ចុះត្រួតពិនិត្យការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី២ នៅតំបន់ច្រកទ្វារព្រំដែន Long Sap ស្រុក Moc Chau ខេត្ត Son La នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៤

ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនថ្នាក់រដ្ឋមន្ត្រីក្រសួងការពារប្រទេសរវាងវៀតណាមជាមួយប្រទេសជិតខាងដែលមានខ្សែព្រំដែន គោកជាប់គ្នានិយាយរួម និងឡាវនិយាយដោយឡែកគឺជាទម្រង់សហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិតនិងមានលក្ខណៈឈានមុខ ការជំរុញកិច្ចសហប្រតិបត្តិការបរទេសផ្នែកការពារព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិត្រូវបានគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសផ្តោតលើការដឹកនាំសម្រាប់ការអនុវត្ត។ ជំនួបប្រាស្រ័យនេះបានបង្កើនយន្តការសហប្រតិបត្តិការដែលក្រសួង​ការពារប្រទេស អង្គភាពកងទ័ពរបស់វៀតណាម និងប្រទេសជិតខាងបាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាព។

ពីភាពជោគជ័យនៃជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម - ឡាវ លើកទីមួយក្នុងឆ្នាំ ២០២១ ឆ្នាំនេះ ក្រសួងការពារប្រទេសវៀតណាមបានសហការជាមួយក្រសួងការពារជាតិឡាវរៀបចំការជួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម - ឡាវលើក​ទី ២ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែតុលា នៅស្រុក Moc Chau ខេត្ត Son La (វៀតណាម) និងស្រុក Sop Bao ខេត្ត Houaphanh (ឡាវ)។ នេះជាឱកាសសម្រាប់ប្រទេសទាំងពីរបន្តអះអាងនូវគោលការណ៍ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី ដែលត្រូវបានកំណត់ថាជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ រួមចំណែកដោយផ្ទាល់ក្នុងការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសរវាងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅតាមតំបន់ព្រំដែន ទន្ទឹមនឹងនោះ លើកកម្ពស់ស្មារតីនិងការទទួលខុសត្រូវរបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីររួមគ្នាសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រង់និងការពារខ្សែព្រំដែន និងបង្គោលព្រំដែន ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ជួយប្រជាជនកាត់បន្ថយភាពក្រីក្រ និងកសាងខ្សែព្រំដែនវៀតណាម-ឡាវប្រកបដោយសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ទៅវិញទៅមក។

អ្នកយកព័ត៌មាន៖ សូមលោកអនុរដ្ឋមន្ដ្រីបញ្ជាក់ពីចំណុចលេចធ្លោនៃជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី ២?

លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien៖ ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-ឡាវលើកទី ២ ត្រូវបានរៀបចំឡើងដោយមានសកម្មភាពដ៏សំបូរបែប និងមានអត្ថន័យជាច្រើនដូចជា៖ ការគោរពបង្គោលព្រំដែន និងលាបថ្នាំបង្គោលព្រំដែន ដាំដើមឈើមិត្តភាព; ទស្សនាសួនផ្កាមិត្តភាពនាយទាហានវ័យក្មេងវៀតណាម-ឡាវ; ទស្សនានិងផ្តល់អំណោយដល់ប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារព្រំដែន Long Sap សាលាបឋមសិក្សានិងអនុវិទ្យាល័យនៅសងខាងព្រំដែន; ចូលរួមពិធីសម្ពោធសាលា; បើកការដ្ឋានសាងសង់អាគារកងអនុសេនាធំការពារព្រំដែនលេខ ២១៤ (ឡាវ) ដែលឧបត្ថម្ភដោយក្រសួងការពារប្រទេសវៀតណាម; ទស្សនាលំហាត់សមយុទ្ធ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋជនឆ្លងដែន; យាមល្បាតរួមគ្នារវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។ ផ្លាស់ប្តូរការងារនយោបាយនិងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ ... ភាគីទាំងពីរនឹងជួបពិភាក្សាការងារ និងចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួនដែលធ្វើជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ​នាពេលខាងមុខ។

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនេះ សកម្មភាពជាក់ស្តែងជាច្រើនក៏ទទួលបានការយកចិត្តទុកដាក់ជាពិសេសពីថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរដូចជា៖ រៀបចំការពិនិត្យសុខភាព និងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ២០០០ នាក់នៅសងខាងព្រំដែន។ សាងសង់សាលាវិទ្យាល័យជនជាតិ សាលាបឋមសិក្សា និងអនុវិទ្យាល័យ Long Sap ដោយមានអាគារ ១ ខ្នង ៣ ជាន់ (១២ បន្ទប់រៀន) ដែលមានតុ កៅអី សម្ភារៈបរិក្ខារ និងកុំព្យូទ័រសម្រាប់គ្រូបង្រៀន និងសិស្ស ; ផ្ដល់តុកៅអីចំនួន ៤៥ ឈុត ដល់សាលាបឋមសិក្សា និងអនុវិទ្យាល័យ Pahang (ឡាវ); សាងសង់បន្ទាយកងអនុសេនាធំការពារព្រំដែន ២១៤ (ឡាវ); ផ្តល់អាហារូបករណ៍ ១០០ កញ្ចប់ដល់សិស្សក្រីក្រ; ផ្តល់គោពូជចំនួន ៦០ ក្បាលដល់គ្រួសារដែលមានស្ថានភាពលំបាកនៅសងខាងព្រំដែន។ ព្រមទាំងក្រុមសិល្បៈនៃប្រទេសទាំងពីរសហការរៀបចំកម្មវិធីសំដែងសិល្បៈបម្រើប្រជាជន មុននឹងរៀបចំជំនួបប្រាស្រ័យមិត្ដភាព​...

ចំណុចលេចធ្លោបំផុតនៃជំនួបប្រាស្រ័យនេះគឺជាលើកដំបូងដែលភាគីទាំងពីរសហការរៀបចំជំនួបប្រាស្រ័យការងារនយោបាយ និងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរក្រោមប្រធានបទ “ស្អិតរមួត ទំនុកចិត្ដតែមួយ” ដោយទម្រង់ពិភាក្សា និងចាក់ផ្សាយបន្តផ្ទាល់តាមប៉ុស្តិ៍ VTV1 ទូរទស្សន៍វៀតណាម ចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ការពារជាតិវៀតណាម ទូរទស្សន៍ជាតិឡាវ និងទូរទស្សន៍នៅខេត្តជាប់ព្រំដែន​វៀតណាម-ឡាវ។ កម្មវិធីនឹងឆ្លាស់គ្នារវាងវីដេអូអំពីប្រវត្តិសាស្ត្រ សាមគ្គីភាព មិត្តភាពរវាងវៀតណាម និងឡាវក្នុងដំណើរការតស៊ូប្រយុទ្ធ ដំណ្ដើមឯករាជ្យជាតិ និងបង្រួបបង្រួមជាតិ ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ រួមជាមួយនឹងការផ្លាស់ប្ដូរ និងចែករំលែកនូវទំនាក់ទំនងសហប្រតិបត្តិការ  និងជួយគ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំមូលដ្ឋាន កងទ័ព និងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ ...

កម្មវិធីនេះនឹងជាឱកាសសម្រាប់នាយទាហានវ័យក្មេងនៃកងទ័ពប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការក្នុងការងារបក្ស និងការងារនយោបាយ។ ទន្ទឹមនឹងនោះ គឺជាឱកាសមួយសម្រាប់ប្រជាជន ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ និងកងទ័ពទាំងពីរយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ ទំនាក់ទំនងដ៏ស្មោះត្រង់ ភាពស្និទ្ធស្នាល ជោគវាសនារួមរវាងបក្ស និងរដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការប្តេជ្ញាចិត្តថែរក្សា ពូនជ្រំ និងអភិវឌ្ឍទំនាក់ទំនង “តែមួយគត់” នេះ ដើម្បីបុព្វហេតុកសាង និងការពារមាតុភូមិនៃប្រទេសនីមួយៗ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក; ធ្វើឲ្យបរាជ័យនូវរាល់ឧបាយកលបំផ្លិចបំផ្លាញរបស់អរិភាព ប្រតិកម្ម និងបំបែកបំបាក់សាមគ្គីភាពរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

ខ្ញុំជឿជាក់ថា ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីថ្នាក់ដឹកនាំក្រសួងការពារប្រទេសនៃប្រទេសទាំងពីរ រួមជាមួយនឹងការរៀបចំយ៉ាងហ្មត់ចត់ និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងអង្គភាពនានានៃក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាមឡាវនឹងទទួលបានជោគជ័យ  ដោយបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ រីកសាយភាយនូវចំណងមិត្តភាព សាមគ្គីភាពពិសេស និងជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

អ្នកយកព័ត៌មាន៖ សូមអរគុណលោកអនុរដ្ឋមន្ត្រី!

បកប្រែដោយ Thanh Cong