“វៀតណាមជាជនជាតិទី ១០ ក្នុងតំបន់ Abyei របស់យើងខ្ញុំ”
កប.អនឡាញ - Abyei ជាទឹកដីនៃការប្រយុទ្ធគ្នារវាងស៊ូដង់ និងស៊ូដង់ខាងត្បូងអស់រយៈពេលជាង១០ឆ្នាំកន្លងមក ហើយជាតំបន់អស្ថិរភាពទាំងផ្នែកសន្តិសុខ និងនយោបាយ និងជាកន្លែងដែលនៅរដូវប្រាំង ដីមានសភាពហួតហែង ប៉ុន្តែនៅរដូវវស្សាផ្លូវថ្នល់លិចទឹក មិនអាចធ្វើដំណើរបានឡើយ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅទីនេះមិនអាចអភិវឌ្ឍទៅបាន ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាកខ្លាំង។
អំពើចោប្លន់កើតឡើងជាញឹកញាប់ ប្រជាពលរដ្ឋភ័យខ្លាចដែលធ្វើឱ្យការធ្វើអាជីវកម្មក៏មិនអាចអភិវឌ្ឍទៅបាន។ ជម្លោះជាតិសាសន៍ និងជម្លោះប្រដាប់អាវុធបានធ្វើឱ្យតំបន់ Abyei កាន់តែក្រីក្រ។ ជាកន្លែងដែលពិតជាត្រូវការវត្តមានពីកងទ័ព "មួកខៀវ" វៀតណាម។
ដោយទើបតែចូលរួមបេសកកម្មរក្សាសន្តិភាពនៅស្ថានបេសកកម្ម UNISFA តំបន់ Abyei អស់រយៈពេលជាង ២ ឆ្នាំប៉ុណ្ណោះទេ ប៉ុន្ដែរូបភាពដ៏ស្រស់ស្អាតដែលកងកម្លាំងរក្សាសន្តិភាពវៀតណាមបន្សល់ទុកនៅទឹកដីនេះត្រូវបានទទួលស្គាល់ដោយអាជ្ញាធរ និងប្រជាពលរដ្ឋនៅទីនេះ។ ដោយស្មារតីទទួលខុសត្រូវរបស់កងទ័ពអ៊ំ ហូ និងបេះដូងស្រឡាញ់សន្តិភាព ក្រុមវិស្វកម្មវៀតណាម និងក្រុមការងារ UNISFA បានរៀបចំសកម្មភាពជាច្រើនដើម្បីជួយប្រជាពលរដ្ឋនៅទីនេះ ក្នុងបំណងចង់នាំមកនូវជីវភាពរស់នៅកាន់តែល្អប្រសើរសម្រាប់ប្រជាជននៅទឹកដីដ៏លំបាកនេះ ដូចជា៖ ការសាងសង់ផ្លូវថ្នល់ សាងសង់សាលារៀន ថ្នាក់រៀន និងរៀបចំសកម្មភាពសប្បុរសធម៌នៅតាមសាលារៀន និងមន្ទីរពេទ្យ Abyei ជាដើម។
|
|
កម្មាភិបាល និងបុគ្គលិកនៃក្រុមវិស្វកម្មលេខ ២ ប្រគល់អំណោយដល់មន្ទីរពេទ្យ Abyei |
ជាមួយនឹងការរួមចំណែកទាំងនោះ គ្រប់ទីកន្លែងក្នុងទឹកដីក្រីក្រពេញមួយឆ្នាំនេះដែលពោរពេញទៅដោយអស្ថិរភាព កងទ័ពអ៊ំ ហូ បាននិងកំពុងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ។ ទៅណាមកណា មិនថាទៅបំពេញកាតព្វកិច្ច ឬ ទៅផ្សារទេ កងទ័ព "មួកខៀវ" វៀតណាមតែងតែឮពាក្យ "សួរស្ដី" និង“វៀតណាម” ពីប្រជាពលរដ្ឋនៅទីនេះដោយភាសាវៀតណាម។ វាពិតជាគួរឲ្យរំជួលចិត្ត និងមានមោទនភាពណាដែលកងទ័ព អ៊ំ ហូ របស់កងទ័ពប្រជាជនវៀតណាមត្រូវបានគេគោរពស្រលាញ់លើទឹកដីដែលពោរពេញដោយការលំបាក និងកាចសាហាវនេះ។
Abyei មានជនជាតិចំនួន ៩ រួមមានជនជាតិ Ngok Dinka, Misseriya, Dinka Twic, Nuer... ហើយគ្រាន់តែរយៈពេលជាង ២ ឆ្នាំ ដែលបំពេញបេសកកម្មរក្សាសន្តិភាពនៅតំបន់ Abyei កងទ័ព "មួកខៀវ" វៀតណាមត្រូវបានស្វាគមន៍ដូចជាជនជាតិទី ១០ ក្នុងទឹកដីនេះ។
បទសុន្ទរកថារបស់លោក Mading Anyag - អភិបាលតំបន់ Abyei ក្នុងពិធីប្រគល់មេដាយសម្រាប់បុព្វហេតុរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅមូលដ្ឋាន Highway បានបញ្ជាក់យ៉ាងរំជួលចិត្តថា៖ "វៀតណាមជាជនជាតិទី ១០ នៅក្នុងទឹកដី Abyei របស់យើងខ្ញុំ"។ ខណៈដែលលោក Chon Chang-ga រដ្ឋមន្ត្រីក្រសួងសំណង់សន្តិភាព និងផ្សះផ្សាតំបន់ Abyei ក្នុងពិធីប្រគល់ទូកជូនអ្នកភូមិបានកត់សម្គាល់រាល់ការរួមចំណែកដែលកងទ័ពប្រជាជនវៀតណាមបានផ្តល់ជូនប្រជាពលរដ្ឋ Abyei៖ “យើងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ថ្លៃថ្នូរបស់អ្នកជាមួយនឹងអ្វីគ្រប់យ៉ាងដែលអ្នកបានរួមចំណែកដល់ទឹកដីនេះ។ ទោះបីជាថ្ងៃណាមួយអ្នកចាកចេញក៏ដោយអ្វីដែលអ្នកធ្វើនឹងក្លាយជាមរតកនៅ Abyei ជារៀងរហូត”។
ការរួមចំណករបស់កងកម្លាំងរក្សាសន្តិភាពវៀតណាមចំពោះប្រជាជន Abyei បានចារឹករូបភាពកងទ័ព "មួកខៀវ" វៀតណាមក្នុងដួងចិត្តប្រជាជនគ្រប់រូបនៅទីនេះ រួមចំណែកបន្តរីកសាយភាយរូបភាពកងទ័ព អ៊ំ ហូ ទៅកាន់គ្រប់ទិសទីលើពិភពលោក៕
បកប្រែដោយ Pham Diep