អ្នកយកព័ត៌មាន៖ សូមលោកចែករំលែកនូវគោលបំណង និងអត្ថន័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសគុយបារបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម?
លោក Le Hoai Trung៖ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក To Lam ទៅកាន់ប្រទេសគុយបា ក្នុងឋានៈជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម។ ដំណើរទស្សនកិច្ចនៅគុយបារបស់លោកអគ្គលេខាបក្ស និងប្រធានរដ្ឋ To Lam ធ្វើឡើងក្នុងបរិបទដែលប្រទេសទាំងពីរត្រៀមរៀបចំពិធីរំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (១៩៦០-២០២៥)។
អស់រយៈពេលជិត ៦៥ ឆ្នាំមកនេះ ទំនាក់ទំនងជាប្រពៃណី សាមគ្គីភាព គាំទ្រនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបាត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរក្នុងវិស័យជាច្រើន។ ក្នុងអំឡុងដែលប្រជាជនវៀតណាមធ្វើសង្គ្រាមតស៊ូរំដោះជាតិក្នុងទស្សវត្សរ៍ឆ្នាំ ១៩៦០ និង ១៩៧០ គុយបាតែងតែជានិមិត្តរូប និងជាអ្នកនាំមុខក្នុងចលនាប្រជាជនពិភពលោករួបរួមគ្នាគាំទ្រការតស៊ូរបស់វៀតណាម និងជួយគាំទ្រដ៏មានតម្លៃនិងមានប្រសិទ្ធភាពសម្រាប់វៀតណាម ។
|
|
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្ស (រូបថត៖ vnanet.vn) |
រីឯខ្លួនវិញ វៀតណាមជានិច្ចកាលពង្រឹងសាមគ្គីភាព និងការផ្សាភ្ជាប់ ហើយខិតខំជំរុញនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ។ ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងរដ្ឋទាំងពីរបានសង្កត់ធ្ងន់ធ្ងរលើទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជា "និមិត្តរូបនៃយុគសម័យ"។
ដំណើរទស្សនកិច្ចនៅគុយបារបស់លោក To Lam អគ្គលេខាបក្សនិងជាប្រធានរដ្ឋវៀតណាម សំដៅអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ ដោយអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយមិត្តជាប្រពៃណី។ ដំណើរទស្សនកិច្ចនេះបង្ហាញពីសាមគ្គីភាព ស្អិតរមួត និងខ្ជាប់ខ្ជួនរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាមជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។ ទន្ទឹមនឹងនោះ អះអាងថា បក្ស រដ្ឋ និងប្រជាជនវៀតណាមមានបំណងចង់រួមដំណើរ សហប្រតិបត្តិការនិងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាព ប្រពៃណី និងមិត្តភាពពិសេសជាមួយបក្ស រដ្ឋ និងប្រជាជនគុយបា។
តាមរយៈដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋទាំងពីរនឹងពិភាក្សា និងវាយតម្លៃលើសមិទ្ធិផល និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងគុយបាក្នុងរយៈពេលកន្លងមកនេះ; ដាក់ចេញទិសដៅដើម្បីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ នាំទំនាក់ទំនងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងគុយបា ឈានចូលដំណាក់កាលថ្មី កាន់តែអភិវឌ្ឍន៍ជាក់ស្ដែង និងចីរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។
អ្នកយកព័ត៌មាន៖ សូមលោកចែករំលែកនូវការរំពឹងទុករបស់ភាគីទាំងពីរក្នុងដំណើរទស្សនកិច្ចនៅគុយបារបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម?
លោក Le Hoai Trung៖ ក្នុងដំណើរទស្សនកិច្ចនេះ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam នឹងជួបពិភាក្សាការងារ និងជួបសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃគុយបា។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam និងគណៈប្រតិភូនឹងអញ្ជើញទៅអុជធូប និងដាក់ផ្កានៅវិមានប្រធានហូជីមិញ និងវីរៈបុរសជាតិគុយបា José Martí និងទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចមួយចំនួន រួមទាំងទីកន្លែងដែលមានគម្រោងវិនិយោគរបស់សហគ្រាសវៀតណាម ជួបសំណេះសំណាលជាមួយយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ...
តាមរយៈដំណើរទស្សនកិច្ចនេះ វៀតណាមបានអះអាងនូវបំណងចង់បន្តទទួលមរតក និងលើកកម្ពស់ទំនាក់ទំនងដ៏មានតម្លៃរវាងប្រទេសទាំងពីរដែលពូនជ្រំ និងស្ថាបនាដោយលោកប្រធានហូជីមិញ និងលោក Fidel Castro។ ជំនួបទ្វេភាគីរវាងអគ្គលេខាបក្ស និងប្រធានរដ្ឋ To Lam និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសគុយបា នឹងជួយបង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងបង្កើនកិច្ចសហការលើបញ្ហាសំខាន់ៗ ដោយហេតុនេះ ពង្រឹងថែមទៀតនូវទំនាក់ទំនងប្រពៃណី ជាពិសេសរវាងប្រទេសទាំងពីរ។
អមដំណើរអគ្គលេខាបក្ស និងជាប្រធានរដ្ឋ To Lam ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាល និងតំណាងមូលដ្ឋាន ហើយនឹងមានជំនួបទ្វេភាគីជាច្រើនផងដែរ។ អាស្រ័យហេតុនេះ ភាគីទាំងពីរនឹងឯកភាពគ្នាវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ដាក់ទិសដៅនិងវិធានការជាក់លាក់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នវៀតណាមជាដៃគូពាណិជ្ជកម្មធំទីពីរ និងជាដៃគូវិនិយោគធំជាងគេនៅគុយបា មកពីតំបន់អាស៊ី និងអូសេអានី។ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរបន្តបង្កើនការយោគយល់គ្នា និងសហការលើបញ្ហាអន្តរជាតិ ដើម្បីផលប្រយោជន៍របស់ប្រទេសទាំងពីរ និងប្រជាជនទាំងពីរក្នុងដំណាក់កាលបច្ចុប្បន្ន។ លើសពីនេះ រាល់សកម្មភាពរវាងភរិយាទាំងពីរ និងការជួបប្រាស្រ័យមិត្តភាពជាមួយប្រជាជន និងយុវជនជំនាន់ក្រោយនៃគុយបា ក៏នឹងបង្ហាញយ៉ាងរស់រវើកនូវទំនាក់ទំនងពិសេស និងមនោសញ្ចេតនាពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ។
ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ រួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពពិសេស និងបងប្អូនជិតស្និទ្ធរវាងប្រជាជាតិទាំងពីរ។ លទ្ធផលទាំងឡាយដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកបន្តសរសេរទំព័រប្រវត្តិសាស្ត្រដ៏វិសេសវិសាលរវាងប្រទេសទាំងពីរ និងនាំទំនាក់ទំនងវៀតណាម-គុយបា ឈាន់ចូលដំណាក់កាលថ្មីមួយ ដោយមានការអភិវឌ្ឍន៍កាន់តែខ្លាំងក្លា និងនិរន្តរភាព ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសង្គមនិយម ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់នីមួយៗ និងលើពិភពលោក៕
អ្នកយកព័ត៌មាន៖ សូមអរគុណលោក!
បកប្រែដោយ Pham Diep