រៀបចំសកម្មភាពជាក់ស្តែងដើម្បីជួយប្រជាជន
កប.អនឡាញ - កងពលធំលេខ ៣៣០ (យោធភូមិភាគទី៩) ឈរជើងនៅខេត្ត An Giang, ខេត្ត Kien Giang និងទីក្រុង Can Tho (ភាគខាងត្បូងវៀតណាម) ជាតំបន់ដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ ក្នុងនោះ ភាគច្រើនជាជនជាតិខ្មែរ។ ដោយអនុវត្តគោលនយោបាយជនជាតិរបស់បក្ស និងរដ្ឋវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ជីវភាពខាងសម្ភារៈ និងស្មារតីរបស់ជនរួមជាតិត្រូវបានកែលម្អ និងអភិវឌ្ឍ។
ដើម្បីអនុវត្តកិច្ចការជនជាតិនៅតំបន់ជនជាតិភាគតិច គណៈកម្មាធិការបក្ស និងមេបញ្ជាការកងពលធំលេខ ៣៣០ បានបញ្ជាឲ្យអង្គភាពនានាសហការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរ ស្ថាប័ន និងអង្គការមហាជនមូលដ្ឋាន ដើម្បីពិនិត្យ ក្តាប់ស្ថានភាព និងកសាងផែនការអនុវត្តឲ្យសមស្របទៅនឹងភារកិច្ច និងលក្ខខណ្ឌជាក់ស្តែងរបស់មូលដ្ឋាន។ លោកវរសេនីយ៍ឯកបំរុង Duong Cong Sang ប្រធាននយោបាយនៃកងពលធំលេខ៣៣០ បានឲ្យដឹងថា វិធានការមួយក្នុងចំណោមវិធានការដែលពួកយើងខ្ញុំអនុវត្តកិច្ចការជនជាតិនៅតំបន់ជនជាតិភាគតិច គឺធ្វើដំណើរទ័ពដើម្បីចលនាមហាជនតាមដំណាក់កាលបង្វឹកបង្ហាត់ប្រចាំឆ្នាំ។ មុនពេលធ្វើដំណើរទ័ពដើម្បីចលនាឲ្យបានល្អ ពួកយើងបានអប់រំអំពីទំនួលខុសត្រូវ និងចែករំលែកបទពិសោធន៍ក្នុងការចលនាមហាជនដល់កម្មាភិបាល និងយុទ្ធជន។ ជាពិសេស យើងបានជ្រើសរើសយោធិនជនជាតិភាគតិច ដែលមានចំណេះដឹង សមត្ថភាព និងចេះភាសាជនជាតិភាគតិច ដើម្បីបំពេញភារកិច្ចនៃក្រុមចលនាមហាជន។ នេះជាកម្លាំងស្នូល ដើម្បីបំពេញភារកិច្ចចលនាមហាជននៅតំបន់ជនជាតិភាគតិច។
    |
 |
តំណាងកងពលធំលេខ ៣៣០ និងកម្មាភិបាលមូលដ្ឋានចុះសួរសុខទុក្ខ និងប្រគល់អំណោយជូនបងប្អូនជនរួមជាតិខ្មែរ |
ខ្លឹមសារនៃការចលនាមហាជននៅតំបន់ជនជាតិភាគតិចរបស់កងពលធំលេខ៣៣០ ផ្តោតលើការផ្សព្វផ្សាយគោលការណ៍ គោលនយោបាយស្តីពីជនជាតិ និងសាសនារបស់បក្ស រដ្ឋ និងកងទ័ពក្នុងស្ថានភាពថ្មី; ច្បាប់ស្តីពីកាតព្វកិច្ចយោធា; ចលនាប្រជាជនលុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិល និងកសាងរបៀបរស់តាមវប្បធម៌; ចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រ រៀបចំការផ្លាស់ប្តូរវប្បធម៌-សិល្បៈ។ល។ ចាប់តាំងពីឆ្នាំ ២០១២ មកដល់បច្ចុប្បន្ន កងពលធំបានជួយសាងសង់ និងជួសជុល “ផ្ទះតបស្នងសងគុណសម្រាប់យុទ្ធមិត្ត” "ផ្ទះមេត្តាធម៌" "ផ្ទះមហាសាមគ្គីភាព" ចំនួន ៧៧ ខ្នង ដោយមានតម្លៃជិត ៤.៥ ពាន់លានដុង ជូនអំណោយនិងអង្ករដល់គ្រួសារក្រីក្រនៅតំបន់ជនជាតិភាគតិច និងទីសក្ការបូជាដែលមានតម្លៃសរុបជាង ៤៥០ លានដុង; ពិនិត្យ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជិត ៥ ពាន់នាក់ក្នុងតម្លៃជិត ៥០០ លានដុង។ល។
សកម្មភាពទាំងនេះបានចូលរួមចំណែកជួយជនជាតិភាគតិចនៅខេត្ត An Giang, ខេត្ត Kien Giang និងទីក្រុង Can Tho ជំនះការលំបាក និងរក្សាលំនឹងជីវភាពរស់នៅ។ លោកវរសេនីយ៍ឯក Nguyen Viet Hung មេបញ្ជាការកងពលធំលេខ៣៣០ បានអះអាងថា នាពេលខាងមុខ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងពលធំ នឹងយល់ជ្រាប និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់ឯកសាររបស់ថ្នាក់លើអំពីកិច្ចការជនជាតិក្នុងស្ថានភាពថ្មី និងណែនាំអំពីការធ្វើដំណើរទ័ពដើម្បីចលនាមហាជន។ ពង្រីកការទទួលខុសត្រូវរបស់អង្គការ និងបុគ្គលទាំងអស់ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងពាក់ព័ន្ធ ដើម្បីក្តាប់ជាប់ស្ថានភាពនៅតំបន់ជនជាតិភាគតិច យល់ច្បាស់នូវទំនៀមទម្លាប់របស់ប្រជាជន និងផែនការរបស់កងកម្លាំងអរិភាព ... ដើម្បីធ្វើសកម្មភាពចលនាមហាជននៅតំបន់ជនជាតិភាគតិចប្រកបដោយភាពបត់បែន ច្នៃប្រឌិត និងមានប្រសិទ្ធភាព៕
បកប្រែដោយ Thuy Anh