ពិធីរំលឹកខួបលើកទី ៧៥ នៃទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ
កប.អនឡាញ - នៅថ្ងៃទី ២៧ ឧសភា នៅស្ថានបេសកកម្មសន្តិសុខបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិតំបន់ Abyei (UNISFA) បានប្រព្រឹត្ដទៅពិធីរំលឹកខួបលើកទី ៧៥ នៃទិវាអន្ដរជាតិរក្សាសន្តិភាពអង្គការសហប្រជាជាតិ (២៩ ឧសភា ១៩៤៨ / ថ្ងៃទី ២៩ ឧសភា ២០២៣) ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr ប្រធានស្តីទីស្ថានបេសកកម្ម មេបញ្ជាការយោធា។ អញ្ជើញចូលរួមមានថ្នាក់ដឹកនាំ និងមេបញ្ជាការបណ្តាអង្គភាព កម្មាភិបាល និងបុគ្គលិកទាំងអស់នៃស្ថានបេសកកម្ម UNISFA។ គណៈបញ្ជាការនៃក្រុមទ័ពជាងវៀតណាម និងមេបញ្ជាការបណ្ដាក្រុមកងទ័ពចូលរួមពិធីនេះ។
នៅក្នុងពិធីនេះ មេបញ្ជាការនិងថ្នាក់ដឹកនាំស្ថានបេសកកម្មបានដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធកម្មាភិបាល និងបុគ្គលិករក្សាសន្តិភាពអង្គការសហប្រជាជាតិដែលបានពលីជីវិតក្នុងអំឡុងពេលបំពេញបេសកកម្ម។ ពិធីរំលឹកវិញ្ញាណក្ខន្ធបានប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងឱឡារឹក បង្ហាញស្មារតីទទួលខុសត្រូវ សាមគ្គីភាព ជួយគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៃកងកម្លាំងមួកខៀវនៅស្ថានបេសកកម្ម UNISFA ។
    |
 |
ក្បួនដង្ហែរនៃក្រុមទ័ពជាងវៀតណាមចូលរួមពិធី |
ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr បានសង្កត់ធ្ងន់ថា៖ ប្រធានបទឆ្នាំនេះគឺ "សន្តិភាពចាប់ផ្តើមពីខ្ញុំ"។ ខ្ញុំចង់ឲ្យយើងម្នាក់ៗចងចាំចំណុចនេះដើម្បីបន្តចូលរួមចំណែកជូនសហគមន៍ និងទាំងអស់គ្នា។ ខ្ញុំសូមកោតសរសើរចំពោះភាពក្លាហាន ការធ្វើសកម្មភាព និងការប្តេជ្ញាចិត្តរបស់មិត្ដទាំងអស់ចំពោះបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី Benjamin Olufemi Sawyerr បានពាំនាំនូវសាររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិដែលមានខ្លឹមសារថា ៖ «កងកម្លាំងរក្សាសន្តិភាពគឺជា «បេះដូងកំពុងលោត» ជាមួយនឹងការប្តេជ្ញាចិត្តដើម្បីពិភពលោកមួយដែលមានសន្តិភាពជាងមុន។ អស់រយៈពេល ៧៥ ឆ្នាំមកនេះ ពួកគេបានជួយឧបត្ថម្ភគ្រប់គ្នានិងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះ និងអស្ថិរភាពនៅជុំវិញពិភពលោក។
ក្នុងពិធីផ្លាស់ប្តូរវប្បធម៌-ម្ហូបអាហារ អង្គភាពនីមួយៗបានឧទ្ទេសនាមស្តង់ម្ហូបអាហារដែលមានលក្ខណៈប្រចាំតំបន់នៃប្រទេសនីមួយៗ។ ស្តង់ម្ហូបអាហាររបស់ក្រុមទ័ពជាងវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភក្តិអន្ដរជាតិ។
ក្នុងឱកាសនេះ តាមរយៈកញ្ចក់ទូរទស្សន៍ ក្រុមទ័ពជាងវៀតណាមបានឧទ្ទេសនាមអំពីរូបភាពទឹកដី ប្រជាជន និងរម្មណីយដ្ឋាននៃប្រទេសវៀតណាម។ ជាពិសេស មុខម្ហូបបែបប្រពៃណីវៀតណាមដូចជា៖ នំ ណែម កាហ្វេ តែក្រូចឆ្មា ... ។ ទន្ទឹមនឹងនោះ អង្គភាពទាំងឡាយក៏បានសម្តែងវប្បធម៌ដែលមានលក្ខណៈប្រពៃណី។
ទិវាអន្តរជាតិកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានផ្តល់កិត្តិយសដល់ការរួមចំណែកដ៏ធំធេងចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ ចាប់តាំងពីឆ្នាំ ១៩៤៨ កម្លាំងរក្សាសន្តិភាពជាង ២ លាននាក់ ត្រូវបានដាក់ពង្រាយនៅក្នុងស្ថានបេសកកម្មចំនួន ៧១ ដែលជួយប្រទេសនានាឱ្យយកឈ្នះលើការលំបាកជាច្រើនពីសង្គ្រាមរហូតដល់សន្តិភាព។ បច្ចុប្បន្ននេះ មានយុទ្ធជនចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិជាង ៨៧,០០០ នាក់ មកពីប្រទេសចំនួន ១២៥ ដែលត្រូវបានដាក់ពង្រាយនៅស្ថានបេសកកម្មចំនួន ១២៕
បកប្រែដោយ Thanh Cong