ក្នុងនាមជាសមាជិកអាស៊ាន វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងយន្តការពហុភាគីលើវិស័យការពារជាតិនិងសន្តិសុខក្នុងក្របខ័ណ្ឌអាស៊ាននិងដឹកនាំដោយអាស៊ាន។ ប្រការនេះត្រូវបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចប្រជុំ ADMM និង ADMM + ក៏ដូចជាវេទិកាការពារជាតិនិងសន្តិសុខក្នុងតំបន់និងអន្តរតំបន់ដែរ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងបានទទួលតួនាទីជាប្រធានអាស៊ាននៅឆ្នាំ ២០២០ (រូបថត៖ vnanet.vn)

 

ជាពិសេស  ការផ្ដល់គំនិតផ្តួចផ្តើមរបស់វៀតណាមបានរួមចំណែកក្នុងការបង្កើតរចនាសម្ព័ន្ធសន្តិសុខថ្មីនៅក្នុងតំបន់ ក្នុងនោះកិច្ចប្រជុំ ADMM + ត្រូវបានរៀបចំឡើងជាលើកដំបូងដោយទទួលបានជោគជ័យកាលពីខែតុលាឆ្នាំ ២០១០ នៅទីក្រុងហាណូយ។ នេះត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រអាស៊ាន ដែលជាជំហានថ្មីមួយនៃកិច្ចសហប្រតិបត្តិការការពារជាតិអាស៊ានដើម្បីបង្កើនសន្តិភាពស្ថិរភាពនិងការអភិវឌ្ឍក្នុងតំបន់។ ADMM + បានពង្រីកតួនាទីជាវេទិកាដ៏សំខាន់ដើម្បីជួយជំរុញកិច្ចសន្ទនាស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខរវាងអាស៊ានជាមួយដៃគូពាណិជ្ជកម្មធំ ៗ ព្រមទាំងបើកឱកាសសម្រាប់ភាគីនានាចូលរួមដោះស្រាយរាល់បញ្ហាប្រឈមអំពីសន្តិសុខប្រពៃណីនិងសន្ដិសុខក្រៅប្រពៃណី។

នៅក្នុងកិច្ចប្រជុំ ADMM + វៀតណាមតែងតែបញ្ជាក់គោលជំហរគាំទ្រនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអាស៊ានជាមួយដៃគូនានា ព្រមទាំងផ្ដល់គំនិតផ្ដួមផ្ដើមដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ ឧទាហរណ៍ នៅកិច្ចប្រជុំ ADMM + លើកទី ៥ នៅប្រទេសសិង្ហបុរីជាមួយដៃគូចិន​កន្លងមក វៀតណាមបានផ្ដល់គំនិតផ្តួចផ្តើមចំនួន ៣ ស្តីពីការបង្កើតបណ្តាញទូរស័ព្ទផ្ទាល់រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាននិងរដ្ឋមន្ត្រីការពារជាតិចិន  ហើយរៀបចំកម្មវិធីសំណេះសំណាលរវាងនាយទាហាន​វ័យក្មេងអាស៊ាន - ចិនជាលើកដំបូងនៅប្រទេសវៀតណាម ក៏ដូចជាបង្កើតក្រុមការងាររួមរវាងអាស៊ាននិងចិនទៀតផង។

បច្ចុប្បន្ននេះ ការប្រឈមមុខនឹងបញ្ហាសន្តិសុខកាន់តែស្មុគស្មាញនិងសំបូរបែបដែលលើសពីសមត្ថភាពរបស់ប្រទេសមួយក្នុងការទប់ស្កាត់សម្បីតែជាប្រទេសមហាអំណាចឬប្រទេសតូចក៏ដោយ គំនិតផ្តួចផ្តើមក្នុងកិច្ចប្រជុំ ADMM + របស់វៀតណាម បានបង្ហាញពីចក្ខុវិស័យជាយុទ្ធសាស្រ្ត រួមចំណែកពង្រឹងកម្លាំងក្នុងតំបន់ តាមរយៈនោះពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិឱ្យកាន់តែស៊ីជម្រៅនិងជាក់ស្ដែងជាមួយបណ្ដាប្រទេសក្រៅតំបន់។  គំនិតផ្តួចផ្តើមនេះរួមចំណែកបញ្ជាក់ពីសមត្ថភាព តួនាទីនិងកិត្យានុភាពរបស់វៀតណាមក្នុងការអនុវត្ដឲ្យជាក់ស្ដែងនូវយន្តការសហប្រតិបត្តិការការពារជាតិពហុភាគីនិងរៀបចំរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់។

គួរកត់សម្គាល់ថា វៀតណាមតែងតែសង្កត់ធ្ងន់លើការរក្សាការឯកភាព និងតួនាទីមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ ដោយចាត់ទុកថានេះជាផលប្រយោជន៍រួមរបស់ភាគីនានានិងជាទំនួលខុសត្រូវរបស់ប្រទេសដៃគូនានា។ នៅក្នុងកិច្ចប្រជុំ ADMM លើកទី ១៣ រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអះអាងថា អាស៊ានចាំបាច់ត្រូវពង្រឹងសាមគ្គីភាព លើកកម្ពស់សមត្ថភាពខ្លួនទីពឹងខ្លួននិងលើកកំពស់តួនាទីមជ្ឈភាពនិងដឹកនាំក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់។

ដើម្បីអនុវត្ដឲ្យបានជាក់ស្ដែងនូវគោលការណ៍នេះ នៅរាល់វេទិកាការពារជាតិក្នុងតំបន់ វៀតណាមតែងតែគាំទ្រគំនិតផ្តួចផ្តើមនានានិងលើកឡើងនូវវិធានការនានាដើម្បីរក្សាស្ថិរភាពសន្តិសុខនិងសណ្តាប់ធ្នាប់នៅក្នុងតំបន់របស់ប្រទេសម្ចាស់ផ្ទះ។ នៅក្នុងកិច្ចប្រជុំ ADMM លើកទី ១៣ នៅប្រទេសថៃនាពេលថ្មីៗនេះ ក្រសួងការពារប្រទេសវៀតណាមបានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ក្រសួងការពារជាតិថៃក្នុងការលើកកម្ពស់តួនាទីរបស់កងកម្លាំងប្រដាប់អាវុធនិងស្ថាប័នការពារជាតិក្នុងការដោះស្រាយបញ្ហាធ្វើនេសាទខុសច្បាប់។ វៀតណាមប្តេជ្ញាចូលរួមយ៉ាងសកម្មនិងមានទំនួលខុសត្រូវក្នុងគំនិតផ្តួចផ្តើមនេះ។ បច្ចុប្បន្ននេះ វៀតណាមកំពុងចាត់វិធានការចាំបាច់ដើម្បីរារាំងប្រជានេសាទវៀតណាមមិនឲ្យរំលោភដែនសមុទ្រនៃប្រទេសដទៃ មិនឲ្យប្រជានេសាទនៃប្រទេសដទៃរំលោភដែនសមុទ្ររបស់វៀតណាម។

ក្នុងតួនាទីជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំ ADMM និង ADMM + នៅឆ្នាំ ២០២០ វៀតណាមកំពុងបង្កើតគំនិតផ្តួចផ្តើមនិងរបៀបវារៈ រួមទាំងផែនការរៀបចំកិច្ចប្រជុំការពារជាតិ-យោធា។ ដោយមានការចូលរួមយ៉ាងសកម្មនិងការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀតណាមក្នុងវេទិកាការពារជាតិក្នុងតំបន់ រួមជាមួយការគាំទ្រនិងទំនុកចិត្តពីបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាបណ្តាប្រទេសដៃគូនោះ វៀតណាមមិនត្រឹមតែបន្តលើកកម្ពស់តួនាទីជាសមាជិកសកម្មនិងមានការទទួលខុសត្រូវរបស់អាស៊ានប៉ុណ្ណោះទេ ថែមទាំងវៀតណាមនឹងបង្ហាញតួនាទីដឹកនាំរបស់ប្រទេសម្ចាស់ផ្ទះទៀតផង។

ជាពិសេសនៅឆ្នាំ ២០២០ ក៏ជាគំរប់ខួបលើកទី ១០ នៃការបង្កើតរចនាសម្ព័ន្ធសន្តិសុខ ADMM + ដែលនឹងជាឱកាសសម្រាប់វៀតណាមលើកកម្ពស់តួនាទីរបស់អាស៊ាន និងកំណត់ផែនការនិងកម្មវិធីសកម្មភាពសម្រាប់ដំណាក់កាលបន្ទាប់៕

បកប្រែដោយ Pham Diep