សូមគោរពលោកប្រធាន បណ្ឌិត John Chipman
សូមគោរពអស់លោក លោកស្រីជាទីមេត្រី
ជាដំបូងខ្ញុំសូមថ្លែងអំណរគុណចំពោះវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ រដ្ឋាភិបាល និងក្រសួងការពារជាតិសិង្ហបុរីដែលបានអញ្ជើញខ្ញុំចូលរួមវេទិកាកិច្ចសន្ទនាលើកនេះ។ ដោយឆ្លងកាត់ ១៧ លើកមក វេទិកាកិច្ចសន្ទនា Shangri-La បានបញ្ជាក់ពីសារៈសំខាន់ និងតួនាទី ហើយជាវេទិកាធំបំផុតក្នុងចំណោមវេទិកាស្ដីពីសន្ដិសុខក្នុងតំបន់ និងអន្ដរជាតិ ការចែករំលែកទស្សនៈដើម្បីឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
    |
 |
លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ថ្លែងក្នុងកិច្ចសន្ទនា Shangri-La លើកទី ១៨។ |
ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះប្រធានបទ "ការទប់ស្កាត់ជម្លោះក្នុងវិស័យប្រកួតប្រជែង"។ នេះគឺជាបញ្ហាដែលមានលក្ខណៈបច្ចុប្បន្នភាព និងមានលក្ខណៈចាំបាច់ជាបន្ទាន់ផង ជាសាវន្ដយូរអង្វែងផង ដើម្បីស្វែងរកដំណោះស្រាយក្នុងការកាត់បន្ថយគម្លាតខុសគ្នា និងកាត់បន្ថយគ្រោះថ្នាក់នៃជម្លោះ រក្សាបរិស្ថានសន្តិភាព និងស្ថិរភាពដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន និងវិបុលភាពដូចបំណងប្រាថ្នារបស់យើងទាំងអស់គ្នា។
សូមគោរពអស់លោក លោកស្រីជាទីមេត្រី
ក្រឡេកមើលទិដ្ឋភាពរួមនៃសន្តិសុខពិភពលោក និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក យើងឃើញថា សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតែជានិន្នាការធំៗ ជាលំហូរសំខាន់ៗ និងជាផលប្រយោជន៍រួមនៃបណ្ដាប្រទេស។ ប៉ុន្ដែយើងនៅតែប្រឈមនឹងបញ្ហាសន្តិសុខ និងបញ្ហាស្មុគ្រស្មាញទាំងឡាយដែលក្នុងនោះមានការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងបណ្តាប្រទេស ជាពិសេសប្រទេសធំៗ។ តំបន់អាស៊ី-ប៉ាស៊ីហ្វិកមានទីតាំងភូមិសាស្រ្ត និងយុទ្ធសាស្រ្តកាន់តែសំខាន់ ហើយការទាក់ទាញកាន់តែកើនឡើងនោះដែលធ្វើឲ្យការដណ្ដើមយកផលប្រយោជន៍ជាយុទ្ធសាស្រ្តកាន់តែខ្លាំងក្លាថែមទៀត។ ការប្រកួតប្រជែងបានប្រព្រឹត្ដទៅយ៉ាងស្មុគស្មាញទាំងក្នុងសកល និងតំបន់ដោយបើកទូលាយលើវិស័យជាច្រើនទាំងផ្នែកនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ធនធានធម្មជាតិ បរិស្ថាន អធិបតេយ្យភាព កោះសមុទ្រ បណ្ដាញអុីនធើណែត និងសន្តិសុខប្រពៃណី និងមិនប្រពៃណី។
មូលហេតុសំខាន់គឺការអភិវឌ្ឍ និងការវិវត្ដន៍យ៉ាងឆាប់រហ័សក្នុងការប្រៀបធៀបកម្លាំង ភាពខុសគ្នាក្នុងផលប្រយោជន៍ជាយុទ្ធសាស្រ្ត ភាពមិនស៊ីគ្នារវាងសំដីនិងទង្វើនៅមានការប្រព្រឹត្ដផ្នែកនយោបាយតាមបែបមហាអំណាចដោយការបង្ខិតបង្ខំ ប្រកាន់ប្រយោជន៍ផ្ទាល់ខ្លួន មិនទទួលស្គាល់និងគោរពផលប្រយោជន៍ស្របច្បាប់របស់ប្រទេសដទៃក៏ដូចជាផលប្រយោជន៍រួមនៃតំបន់និងសហគមន៍អន្តរជាតិដែរ។
សូមគោរពអស់លោក លោកស្រីជាទីមេត្រី
ការប្រកួតប្រជែងគឺជាអត្ថិភាពមួយមានលក្ខណៈសត្យានុម័តនិងជាកម្លាំងជំរុញមួយសម្រាប់ការអភិវឌ្ឍសង្គម។ ការប្រកួតប្រជែងបាននិងកំពុង ហើយនឹងបន្ដប្រព្រឹត្ដទៅទៀត។ ក៏ប៉ុន្ដែការប្រកួតប្រជែងក្នុងគោលបំណងបង្ខិតបង្ខំគ្នា ដណ្តើមយកផលប្រយោជន៍ពីគ្នា ហ៊ុំព័ទ្ធនិងគាបសង្កត់គ្នា វានឹងនាំមកនូវភាពតានតឹង ការប្រឈមមុខដាក់គ្នាសូម្បីតែអាចកើតមានជម្លោះនិងសង្គ្រាម។ ប្រការនេះបង្គប់ទៅដោយគ្រោះថ្នាក់ដែលមិនអាចមើលស្រាលបានឡើយ។ ក្នុងស្ថានភាពនៃសកលភាវូបនីយកម្ម ការចងសម្ព័ន្ធមួយថ្ងៃកាន់តែជិតស្និទ្ធនិងការពឹកផ្អែកគ្នាទៅវិញទៅមកកាន់តែកើនឡើង ប្រសិនបើកើតមានជម្លោះនឹងនាំមកនូវផលវិបាកដែលស្មានមិនដល់។ វាមិនត្រឹមតែប៉ះពាល់ដល់ប្រទេសពាក់ព័ន្ធដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងមានផលប៉ះពាល់ទាំងក្នុងតំបន់និងពិភពលោកទៀតផង។
បញ្ហាសំខាន់គឺរបៀបដោះស្រាយការប្រកួតប្រជែង។ ទោះបីជាមានភាពខុសគ្នាលើផលប្រយោជន៍ដ៏ដោយ ប៉ុន្តែប្រសិនបើប្រទេសទាំងអស់គោរពសន្តិភាពនិងស្ថិរភាពជាធំ ក៏យើងអាចសហប្រតិបត្ដិការនិងរកវិធីដើម្បីកាត់បន្ថយភាពខុសគ្នា និងដោះស្រាយការវិវាទបាន។ ផ្ទុយទៅវិញប្រសិនបើចេះតែបង្ខិតបង្ខំ ប្រើប្រាស់កម្លាំងឬការគំរាមកំហែងប្រើប្រាស់កម្លាំងដើម្បីដោះស្រាយជម្លោះនោះនឹងធ្វើឲ្យការវិវាទ ការជម្លោះកាន់តែកើនឡើងថែមទៀត យើងត្រូវតែរួមគ្នាគ្រប់គ្រង ទប់ស្កាត់រាល់ការប្រកួតប្រជែងដែលអាចនាំមានជម្លោះនិងសង្រ្គាម។ អាស្រ័យហេតុនេះ ភាគីទាំងអស់ត្រូវគោរពច្បាប់អន្តរជាតិ គោរពឯករាជ្យ អធិបតេយ្យភាពនិងផលប្រយោជន៍ដ៏ត្រឹមត្រូវ ស្របច្បាប់របស់ប្រទេសទាំងអស់។ មិនប្រើកម្លាំងនិងគំរាមកំហែងប្រើកម្លាំង ក៏ដូចជាមិនធ្វើអោយស្មុគស្មាញដល់ស្ថានភាពថែមទៀត។ ស្វែងរកវិស័យសហប្រតិបត្ដិការដែលនាំមកផលប្រយោជន៍គ្នាទៅវិញទៅមក កសាងទំនុកចិត្ត ដោះស្រាយវិវាទនិងជម្លោះជាជំហានៗ។ នេះគឺជាដំណើរការមួយដ៏យូរអង្វែង ស្មុគស្មាញដែលតម្រូវឱ្យមានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយនិងការរួមដៃគ្នារបស់ប្រទេសទាំងអស់។
ចំពោះបញ្ហាប្រឈមនានានៃសន្តិសុខដ៏ស្មុគស្មាញនោះ ឥរិយាបថនិងទង្វើរបស់បណ្តាប្រទេសធំៗមានតួនាទីយ៉ាងសំខាន់។ ភាពខ្វែងគំនិតគ្នានិងខ្វះការទទួលខុសត្រូវនៃបណ្តាប្រទេសធំបាននាំឱ្យមានការសង្ស័យ សូម្បីតែមានការព្រួយបារម្ភចំពោះបណ្ដាប្រទេសតូចនិងប្រទេសមធ្យម។ ដូច្នេះបណ្ដាប្រទេសធំត្រូវមានតែការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងតំបន់និងអន្តរជាតិ។ ការដែលភាគីពាក់ព័ន្ធជួបសន្ទនាគ្នាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដោះស្រាយការខ្វែងគំនិតគ្នាគឺទង្វើជាវិជ្ជមានដែលត្រូវមានការគាំទ្រនិងលើកទឹកចិត្ត។
សូមគោរពអស់លោក លោកស្រីជាទីមេត្រី
វៀតណាមគឺជាប្រទេសមួយដែលធ្លាប់ឆ្លងកាត់សង្រ្គាម ទទួលរងនូវទុក្ខសោកជាច្រើនដើម្បីរំដោះដណ្ដើមយកឯករាជ្យ សេរីភាព មិនគ្រាន់តែសម្រាប់ប្រជាជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងបំពេញកាតព្វកិច្ចអន្តរជាតិទៀតផង។ វៀតណាមចង់រស់នៅក្នុងសន្តិភាពស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍប្រកបដោយវិបុលភាព។ គោលដៅការពារជាតិរបស់វៀតណាមគឺការពារឯករាជ្យអធិបតេយ្យភាព និងផលប្រយោជន៍ជាតិ ការពារខឿនសន្តិភាពរបស់ប្រទេសជាតិ។ ដោះស្រាយរាល់ជម្លោះដោយសន្ដិវិធីដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។ វៀតណាមមានការខិតខំប្រឹងប្រែង និងបុរេសកម្មក្នុងការធ្វើសមាហរណកម្មអន្តរជាតិ ពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសចូលរួមក្នុងការការពារសន្តិភាព ស្ថិរភាព និងសន្តិសុខនៃតំបន់ និងលើពិភពលោក។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានខិតខំប្រឹងប្រែងជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិក្នុងការកសាង និងអនុវត្តយន្តការសហប្រតិបត្តិការ និងចូលរួមក្នុងវេទិកាពហុភាគី រៀបចំកិច្ចប្រជុំ APEC និងកិច្ចប្រជុំកំពូលរវាងអាមេរិក និងកូរ៉េខាងជើងលើកទី ២ ប្រកបដោយជោគជ័យ។ យើងខ្ញុំនឹងបន្តចូលរួមយ៉ាងសកម្ម និងរួមចំណែកក្នុងយន្តការសហប្រតិបត្តិការពហុភាគី ជំរុញសន្តិភាព ទប់ស្កាត់ជម្លោះ។ នេះគឺជាគោលបំណង និងការទទួលខុសត្រូវរបស់វៀតណាមនៅពេលទទួលតួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ ២០២០ និងឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអាណត្ដិ២០២០-២០២១។
ក្នុងស្មារតីនោះ គោលនយោបាយការទូតរបស់វៀតណាមគឺបង្ហាញឯកសារសំខាន់មួយនៃសៀវភៅសការពារជាតិ។ វៀតណាមបន្តបញ្ជាក់ច្បាស់ពីលក្ខណៈជាមូលដ្ឋាននៃខឿនការពារជាតិសន្ដិភាព ហើយលើកច្បាស់ពីរាល់បញ្ហាប្រឈមផ្នែកការពារជាតិ និងសន្តិសុខ ការកែសម្រួលជាយុទ្ធសាស្រ្ត យន្ដការដឹកនាំ ការគ្រប់គ្រងការពារជាតិ ព្រមទាំងបង្ហាញការតម្លាភាពគោលនយោបាយ និងលទ្ធភាពការពារជាតិវៀតណាម។
សូមគោរពអស់លោក លោកស្រីជាទីមេត្រី
សមុទ្រខាងកើតគឺជាតំបន់មួយក្នុងចំណោមតំបន់ដែលពោរពេញទៅដោយវិស័យប្រកួតប្រជែងទាំងសេដ្ឋកិច្ច យោធា និងការទូត....បង្គប់ទៅដោយគ្រោះថ្នាក់នៃការជម្លោះ។ ដោយមានទីតាំងភូមិសាស្ត្រនយោបាយដ៏សំខាន់ និងមានសក្តានុពលយ៉ាងធំធេងលើវិស័យជាច្រើន ប្រទេសជាច្រើនមានផលប្រយោជន៍ជាយុទ្ធសាស្រ្តនៅសមុទ្រខាងកើត។ ប្រសិនបើយើងទាំងអស់គ្នាគោរពច្បាប់អន្តរជាតិ មានការទទួលខុសត្រូវ និងសុច្ឆន្ទៈគឺសមុទ្រខាងកើតនឹងក្លាយជាដែនសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ យើងខ្ញុំវាយតម្លៃខ្ពស់ចំពោះការវិវត្ដន៍ក្នុងការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) និងឆាប់ៗកសាង COC ប្រកបដោយជាក់ស្ដែង និងមានប្រសិទ្ធភាពនឹងរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាសន្តិភាព ស្ថិរភាព សេរីភាព សន្តិសុខ សុវត្ថិភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងសមុទ្រខាងកើត។ វៀតណាមមានបំណងឱ្យភាគីពាក់ព័ន្ធបង្កើនកិច្ចសន្ទនា ការពិគ្រោះយោបល់ រួមគ្នាគ្រប់គ្រងហានិភ័យ និងទប់ស្កាត់ជម្លោះ។ វៀតណាមបាន និងកំពុងសហការជាមួយចិន និងបណ្តាប្រទេសពាក់ព័ន្ធ ជំរុញការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្ដិវិធីដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ។ អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានបញ្ជាក់ថា "ប្រកាន់ខ្ជាប់ជានិច្ច និងប្ដេជ្ញាចិត្ដការពាររឹងមាំឯករាជ្យ អធិបតេយ្យភាព និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ"។
គោលនយោបាយយ៉ាងខ្ជាប់ខ្ជួនរបស់វៀតណាម គឺបណ្ដាបញ្ហាដែលទាក់ទងរវាងប្រទេសទាំងពីរត្រូវបានដោះស្រាយទ្វេភាគី បញ្ហាដែលទាក់ទងទៅនឹងប្រទេសជាច្រើនត្រូវបានដោះស្រាយជាលក្ខណៈពហុភាគី ធានាផលប្រយោជន៍របស់ភាគីនានា និងផលប្រយោជន៍រួមនៃតំបន់។ ដោះស្រាយជម្លោះ និងការវិវាទនៅសមុទ្រខាងកើតក្នុងបរិយាកាសសន្តិភាព ក្នុងស្មារតីភាពជាដៃគូដើម្បីការទទួលខុសត្រូវចំពោះសហគមន៍។
ក្នុងស្មារតីនោះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងាររវាងថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងចិន។ កាលពីប៉ុន្មានថ្ងៃមុននេះនៅទីក្រុងហាណូយ ខ្ញុំនិងរដ្ឋមន្រ្តីការពារជាតិចិនលោក Wei Fenghua បានឯកភាពថា វៀតណាម និងចិនមានភាពខុសគ្នាចំពោះបញ្ហាសមុទ្រខាងកើត ប៉ុន្ដែការរក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការគឺផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងតំបន់។ វាគឺជាមូលដ្ឋានគ្រឹៈដើម្បីប្រែសមុទ្រខាងកើតទៅជាដែនសមុទ្រ "សន្ដិភាព កិច្ចសហប្រតិបត្តិការសន្តិភាព - ការអភិវឌ្ឍ"។ ដោយផ្អែកលើមូលដ្ឋាននោះបង្រួញគម្លាតនៃការខ្វែងគំនិតគ្នា ដោះស្រាយរាល់បញ្ហាវិវាទ និងជម្លោះជាជំហានៗ កុំឱ្យការជម្លោះគ្នាកើតមានឡើង។ ខ្ញុំជឿជាក់ថា ចិនយល់ស្របពីតួនាទីជាប្រទេសធំក្នុងតំបន់ដែលកំពុងផ្តួចផ្តើមគំនិតបង្កើត "សហគមន៍មួយ វាសនាមួយ" នឹងគាំទ្រ រួមជាមួយវៀតណាម និងបណ្តាប្រទេសប្រែប្រការនេះទៅជាការពិត។ ដើម្បីធ្វើដូច្នេះ ប្រទេសចិន និងវៀតណាមនឹងបង្កើត "គំរូល្អមួយ" សម្រាប់ "ការដោះស្រាយជម្លោះក្នុងបរិយាកាសសន្ដិភាព ក្នុងស្មារតីភាពជាដៃគូដើម្បីការទទួលខុសត្រូវចំពោះសហគមន៍" ។
សូមគោរពអស់លោក លោកស្រីជាទីមេត្រី
យើងកំពុងមានយន្តការសហប្រតិបត្តិការក្នុងតំបន់ប្រកបដោយប្រសិទ្ធភាពដែលដឹកនាំដោយអាស៊ានដូចជាវេទិកាសន្តិសុខក្នុងតំបន់អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងវេទិកាសមុទ្រអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ានបើកទូលាយ និងយន្តការផ្សេងៗទៀតដូចជាកិច្ចសន្ទនា Shangri-La សន្និសីទសន្តិសុខអន្តរជាតិម៉ូស្គូ ...បានរួមចំណែកយ៉ាងសំខាន់ក្នុងការគ្រប់គ្រងស្ថានភាពអសន្ដិសុខ ការប្រកួតប្រជែង និងការទប់ស្កាត់ការជម្លោះ។
ADMM + ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ នៅទីក្រុងហាណូយ ADMM + គឺជាយន្តការសហប្រតិបត្ដិការការពារជាតិដ៏សំខាន់ចំបងរវាងអាស៊ាននិងបណ្តាប្រទេសជាដៃគូ ហើយជាវេទិកាមួយសម្រាប់ថ្នាក់ដឹកនាំការពារជាតិនៃបណ្ដាប្រទេសជាសមាជិកចូលរួមចែករំលែកនូវទស្សនៈនិងកិច្ចពិភាក្សាលើរាល់បញ្ហាដែលបណ្ដាប្រទេសយកចិត្ដទុកដាក់ដូចគ្នា កសាងទំនុកទុកចិត្ត និងទប់ស្កាត់ការជម្លោះ។ ព្រមទាំងជាយន្តការមួយសម្រាប់កងកម្លាំងយោធានៃបណ្ដាប្រទេសជាសមាជិក ចែករំលែកបទពិសោធន៍ និងជួយគ្នាទៅវិញទៅមកដើម្បីកសាងសមត្ថភាពតាមរយៈក្រុមអ្នកជំនាញ។
អស់រយៈពេលជិតមួយទសវត្សរ៍កន្លងមក ADMM + បានពង្រីកតួនាទី និងប្រសិទ្ធភាពក្នុងរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ដែលកំពុងលេចឡើងរូបរាង្គ ការតភ្ជាប់រវាងបណ្ដាសមាជិក និងការប្រមូលកម្លាំងពីសហគមន៍ដើម្បីទប់ទល់ទៅនឹងរាល់បញ្ហាប្រឈមជាទូទៅដែលរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងលើពិភពលោក។ ដូច្នេះការដែលបណ្ដាប្រទេសធំចង់ចូលរួម ADMM + ស្របតាមនិន្នាការទូទៅដែលតម្រូវឲ្យមានការគាំទ្រ។
រំលឹកខួបលើកទី ១០ នៃការបង្កើត ADMM + គឺជាឱកាសមួយសម្រាប់បណ្ដាប្រទេសជាសមាជិកពិនិត្យឡើងវិញនូវលទ្ធផលដែល សម្រេចបាន ដកចេញនូវមេរៀន និងកំណត់ទិសដៅសម្រាប់អភិវឌ្ឍន៍នាពេលអនាគត។ ក្នុងនាមជាប្រធានអាស៊ាននាឆ្នាំ ២០២០ វៀតណាមចង់ចូលរួមជាមួយបណ្តាប្រទេសជាសមាជិក ADMM + ដើម្បីកសាងចក្ខុវិស័យរួមមួយសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខក្នុងតំបន់ក្នុងប៉ុន្មានទសវត្សន៍ខាងមុខនេះ ដើម្បី ADMM + ពង្រីកតួនាទីកាន់តែខ្ពស់នៃយន្តការបើកចំហនិងដើរតួនាទីយ៉ាងសកម្មសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីធានានូវបរិយាកាសសន្តិភាព សន្ដិសុខ និងស្ថិរភាពនៅតំបន់អាស៊ី - ប៉ាស៊ីហ្វិក។
សូមគោរពអស់លោក លោកស្រីជាទីមេត្រី
តំបន់អាស៊ី-ប៉ាស៊ីហ្វិកកំពុងស្ថិតនៅក្នុងដំណាក់កាលវិវត្ដន៍ក្នុងពិភពលោកមួយដោយមានការស្មុគស្មាញយ៉ាងខ្លាំង បញ្ហាប្រឈមជាច្រើន ហើយទំនួលខុសត្រូវដាក់នៅលើស្មារបស់យើងទាំងអស់គ្នា។ តំបន់អាស៊ី - ប៉ាស៊ីហ្វិក បន្ដជាតំបន់កំណើនសេដ្ឋកិច្ចពិភពលោកនិងជាតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្ដិការ និងអភិវឌ្ឍន៍ប្រកបដោយវិបុលភាពដែរឬទេគឺពឹងផ្អែកលើរាល់សកម្មភាពរបស់យើងទាំងសអស់គ្នាសព្វថ្ងៃនេះ។
ខ្ញុំមានសុទិដ្ឋិនិយមថាជាមួយនឹងការទទួលខុសត្រូវចំពោះសហគមន៍ សុឆន្ទៈ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នាក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការដោះស្រាយការខ្វែងគំនិត និងភាពខុសគ្នាដោយសន្ដិវិធី ដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិនោះគឺភាពខុសគ្នាមិនអាចទប់ទល់ទៅនឹងគោលដៅសន្ដិភាព ស្ថិរភាព និងវិបុលភាពរបស់ប្រទេសនិមួយៗនិងតំបន់៕
សូមអំណរគុណ!
បកប្រែដោយ Pham Diep