លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានចែករំលែកដូចខាងលើនៅក្នុងសិក្ខាសាលា “៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់៖ សមិទ្ធផល និងយថាទស្សន៍” ដែលរៀបចំដោយក្រសួងការបរទេសវៀតណាមនៅព្រឹកថ្ងៃទី១៧ ខែធ្នូ នៅទីក្រុងហាណូយ។

leftcenterrightdel
លោកស្រី Le Thi Thu Hang ថ្លែងប្រសាសន៍ក្នុងសិក្ខាសាលា

យោងតាមលោកស្រី Le Thi Thu Hang កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងអាល្លឺម៉ង់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះបានបន្សល់ទុកនូវសមិទ្ធផលគួរឲ្យចាប់អារម្មណ៍ ដែលត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវិស័យជាច្រើន។ ចំពោះវិស័យនយោបាយ និងការបរទេស ប្រទេសទាំងពីររក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅកម្រិតខ្ពស់ តាមរយៈបណ្តាញបក្ស រដ្ឋ និងការទូតប្រជាជន តាមរយៈនោះពង្រឹងទំនុកចិត្តខាងនយោបាយ និងការយោគយល់គ្នាទៅវិញទៅមក។ នៅក្នុងវិស័យសេដ្ឋកិច្ច ប្រទេសអាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់វៀតណាមនៅអឺរ៉ុប។ នៅឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបសម្រេចបានជាង ១១.៧ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ តួលេខនេះគឺជាង ១១.១ ពាន់លានដុល្លារអាមេរិក។ ប្រទេសអាល្លឺម៉ង់គឺជាច្រកទ្វារដ៏សំខាន់សម្រាប់ទំនិញវៀតណាមទៅកាន់ទីផ្សារផ្សេងទៀតនៅអឺរ៉ុប។

បច្ចុប្បន្ននេះ ធុរកិច្ចអាល្លឺម៉ង់រាប់រយកំពុងដំណើរការប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេសវៀតណាមលើវិស័យផ្សេងៗ។ ផ្ទុយទៅវិញ ធុរកិច្ចវៀតណាមកាន់តែច្រើនឡើងកំពុងពង្រីកការវិនិយោគ និងការធ្វើអាជីវកម្មនៅក្នុងទីផ្សារអាល្លឺម៉ង់។ លោកស្រី Le Thi Thu Hang បានអះអាងថា ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) និងការអនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នាពេលខាងមុខ នឹងបើកឱកាសសម្រាប់ការជម្រុញពាណិជ្ជកម្ម និងវិនិយោគដែលមានតុល្យភាព និងប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។

កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលគឺជាចំណុចលេចធ្លោមួយនៅក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ដោយមាននិស្សិត អ្នកស្រាវជ្រាវ កម្មករបច្ចេកទេស និងសិក្ខាកាមវៀតណាមរាប់ម៉ឺននាក់កំពុងសិក្សា និងធ្វើការនៅប្រទេសអាល្លឺម៉ង់ ដែលបង្កើតស្ពានតភ្ជាប់វប្បធម៌ដ៏សំខាន់មួយរវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក៏កំពុងក្លាយជាសសរស្តម្ភយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។ យោងតាមលោកស្រី Le Thi Thu Hang ប្រទេសអាល្លឺម៉ង់គឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោកក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យាស្នូល ឧស្សាហកម្ម ៤.០ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ខណៈពេលដែលប្រទេសវៀតណាមកំពុងជម្រុញការធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចផ្អែកលើចំណេះដឹង និងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ។

នៅក្នុងបរិបទនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត ស្វ័យប្រវត្តិកម្ម ការធ្វើបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាបៃតង ថាមពលកកើតឡើងវិញ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ... មិនត្រឹមតែនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ភាគីទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការដោះស្រាយបញ្ហាប្រឈមសកលផងដែរ។ លោកស្រី Le Thi Thu Hang បានអះអាងថា “កម្មវិធីសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការតភ្ជាប់រវាងវិទ្យាស្ថាន សាកលវិទ្យាល័យ និងធុរកិច្ច ក៏ដូចជាការបង្កើតកាន់តែច្រើនឡើងនៃមជ្ឈមណ្ឌលបណ្តុះបណ្តាល ស្រាវជ្រាវ និងនវានុវត្តន៍តាមគំរូអាល្លឺម៉ង់នៅវៀតណាម កំពុងបង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលខាងមុខ”។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងឱកាសខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អាល្លឺម៉ង់ (១៩៧៥-២០២៥) និងឆ្ពោះទៅខួបលើកទី ១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ (២០១១-២០២៦)។ នេះមិនត្រឹមតែជាឱកាសសម្រាប់ភាគីទាំងពីររំលឹកឡើងវិញនូវរយៈពេល ៥០ ឆ្នាំកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសវាយតម្លៃសមិទ្ធផល ដកបទពិសោធន៍ ដាក់ចេញទិសដៅ និងដំណោះស្រាយជាក់លាក់ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតក្នុងដំណាក់កាលថ្មី។

នៅក្នុងសិក្ខាសាលានេះផងដែរ លោកស្រី Helga Margarete Barth ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅវៀតណាម បានចែករំលែកថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ទំនាក់ទំនងទ្វេភាគីត្រូវបានពង្រឹងដោយឥតឈប់ឈរ និងអភិវឌ្ឍកាន់តែស៊ីជម្រៅ ដោយមានព្រឹត្តិការណ៍សំខាន់មួយគឺសេចក្តីប្រកាសទីក្រុងហាណូយឆ្នាំ២០១១ ស្តីពីការតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រ។ លោកស្រី Helga Margarete Barth បានបញ្ជាក់ថា បន្ទាប់ពីកន្លះសតវត្សរ៍មក ទំនាក់ទំនងវៀតណាម-អាល្លឺម៉ង់ បន្តអភិវឌ្ឍឆ្ពោះទៅរកអនាគត ដែលមានសក្តានុពលបើកចំហជាច្រើន តាមរយៈនោះ រួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

បកប្រែដោយ Thuy Anh