វៀតណាមជានិច្ចកាលគាំទ្រការចូលជាសមាជិកអាស៊ាននៃទីម័រឡេស្តេ
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក To Lam ប្រធានរដ្ឋវៀតណាម លោក José Ramos-Horta ប្រធានាធិបតីទីម័រឡេស្តេ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា។
យោងតាមលោក Ta Van Thong ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី និងទីម័រឡេស្តេ ដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោកប្រធានាធិបតី José Ramos-Horta គឺជាឱកាសមួយសម្រាប់ភាគីទាំងពីរបន្តពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគី ដោយហេតុនោះ រឹតបន្តឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលត្រូវបានពូនជ្រំក្នុងរយៈពេលកន្លងមក។
|
|
លោកឯកអគ្គរដ្ឋទូត Ta Van Thong (រូបថត៖ vnanet.vn) |
ស្តីពីកិច្ចសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅវេទិកាតំបន់ និងអន្តរជាតិ។ វៀតណាមនឹងបន្តធ្វើការជាមួយប្រទេសផ្សេងទៀតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងលេខាធិការដ្ឋានអាស៊ាន ដើម្បីគាំទ្រទីម័រឡេស្តេក្នុងដំណើរការត្រៀមរៀបចំសម្រាប់ការចូលរួមអាស៊ាន។
លោកឯកអគ្គរដ្ឋទូត Ta Van Thong បានចែករំលែកថា បច្ចុប្បន្ននេះ ទីម័រឡេស្តេកំពុងស្ថិតក្នុងដំណើរការចូលរួមអាស៊ាន ហើយក្នុងនាមជាសមាជិកសកម្មក្នុងអាស៊ាន វៀតណាមអាចជួយទីម័រឡេស្តេក្នុងដំណើរការត្រៀមរៀបចំ និងសម្របតាមតម្រូវការរបស់អាស៊ាន។ ដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីទីម័រឡេស្តេ មិនត្រឹមតែជាឱកាសដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបង្ហាញការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរទៀតផង។ នេះក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរពិចារណាលើសកម្មភាពសហប្រតិបត្តិការ ចរចា និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសេដ្ឋកិច្ច អប់រំ កសិកម្ម និងជលផល៕
បកប្រែដោយ Huyen Trang