អ្នកយកព័ត៌មាន៖ សូមលោករដ្ឋមន្ត្រីរៀបរាប់អំពីលទ្ធផលសំខាន់ៗនៃសន្និសីទ WEF Dalian និងសញ្ញាសម្គាល់លេចធ្លោរបស់វៀតណាមក្នុងសន្និសីទនេះ?

លោក Bui Thanh Son៖ ដំណើរទស្សនកិច្ចការងាររបស់លោកនាយករដ្ឋមន្ត្រីទទួលបានជោគជ័យ និងមានសារៈសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៣ របស់បក្ស សារាចរលេខ២៥ របស់គណៈលេខាស្តីពីការលើកកំពស់ទំនាក់ទំនងការទូតពហុភាគី និងទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងចិនក្នុងស្មារតីនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ កសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដ៏មានអត្ថន័យជាយុទ្ធសាស្ត្រ។

គណៈប្រតិភូវៀតណាមបានបន្សល់ទុកនូវការចាប់អារម្មណ៍ក្នុងសន្និសីទ រួមមាន៖

ទីមួយ ប្រទេសម្ចាស់ផ្ទះចិន ក៏ដូចជាគណៈកម្មាធិការរៀបចំសន្និសីទបានវាយតម្លៃខ្ពស់ចំពោះតួនាទី និងគោលជំហររបស់វៀតណាម។ លោក Pham Minh Chinh គឺជាប្រមុខរដ្ឋាភិបាលម្នាក់ក្នុងចំណោមប្រមុខរដ្ឋាភិបាល/រដ្ឋចំនួនពីរដែលត្រូវបានអញ្ជើញដោយ WEF និងប្រទេសម្ចាស់ផ្ទះចិន ដើម្បីចូលរួមសន្និសីទលើកនេះ។ នៅក្នុងសន្និសីទនេះ លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានពាំនាំសារសំខាន់ៗជាច្រើនទៅកាន់ទីក្រុងកំពង់ផែ Dalian ទាំងក្នុងសន្និសីទ និងជំនួបជាមួយដៃគូនានា។

leftcenterrightdel
លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស (រូបថត៖ baochinhphu.vn)

ទីពីរ សុន្ទរកថាពិសេសនៅសម័យបើកពេញអង្គ លោកនាយករដ្ឋមន្ត្រីបានចែករំលែកអំពីការផ្លាស់ប្ដូរថ្មី ការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីក៏បានជូនសារអំពីសមិទ្ធផលសេដ្ឋកិច្ច-សង្គមលេចធ្លោ គោលនយោបាយ ចក្ខុវិស័យ និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍប្រទេសជាតិរបស់បក្ស និងរដ្ឋវៀតណាម។ តាមរយៈនេះ យើងក៏បញ្ជាក់អំពីតួនាទីរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។

ទី៣ លោកនាយករដ្ឋមន្ត្រីបានចែករំលែកទស្សនៈអំពីពិភពលោកបច្ចុប្បន្ន និងអនាគត ហើយចាត់ទុកថា គប្បីកសាង និងពង្រឹងការជឿទុកចិត្ត ជំរុញការសន្ទនា និងគប្បីមានវិធីសាស្រ្តសហប្រតិបត្តិការសកលថ្មី។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គប្បីជំរុញវិទ្យាសាស្ត្រ និងនវានុវត្តន៍ ដើម្បីបង្កើតកម្លាំងចលករសម្រាប់កំណើនថ្មី តាមរយៈការកសាងគោលនយោបាយ ទាញយកប្រយោជន៍ពីធនធាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់អនាគត។

ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ លោកនាយករដ្ឋមន្ត្រីក៏មានការពិភាក្សាដោយបើកចំហ និងស៊ីជម្រៅជាមួយដៃគូ និងធុរកិច្ច ដោយបង្ហាញពីស្មារតីផ្លាស់ប្ដូរថ្មី និងការប្តេជ្ញាចិត្តខ្ពស់របស់វៀតណាមក្នុងការផ្លាស់ប្តូរថ្មីនូវគំរូកំណើន បង្កើតបរិយាកាសអំណោយផលសម្រាប់វិនិយោគិន។

ការចែករំលែករបស់លោកនាយករដ្ឋមន្ត្រីត្រូវបានវាយតម្លៃខ្ពស់ដោយដៃគូ និងសហគមន៍ធុរកិច្ច ដែលបានបង្ហាញតាមរយៈការយកចិត្តទុកដាក់ និងបំណងចង់វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យឧស្សាហកម្ម និងវិស័យថ្មីៗ។

អ្នកយកព័ត៌មាន៖ តើលោករដ្ឋមន្រ្តីវាយតម្លៃលទ្ធផលនៃកិច្ចពិភាក្សា និងជំនួបរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៅប្រទេសចិនយ៉ាងដូចម្តេច?

លោក Bui Thanh Son៖ ក្នុងដំណើរទស្សនកិច្ចការងារលើកនេះ លោក Pham Minh Chinh មានសកម្មភាពទ្វេភាគីជាច្រើន។ សកម្មភាពរបស់គណៈប្រតិភូទទួលបានជោគជ័យ ដោយសម្រេចបាននូវគោលដៅដែលបានកំណត់។ លទ្ធផល និងអត្ថន័យនៃកិច្ចពិភាក្សា និងជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងចំណុចបួន៖

ទីមួយ រក្សាជាទៀងទាត់នូវការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់រវាងបក្សទាំងពីរ និងប្រទេសទាំងពីរ ពង្រឹងនិងបង្កើនទំនុកចិត្តនយោបាយរវាងភាគីទាំងពីរ និងពង្រីកតួនាទីដ៏សំខាន់ក្នុងការតម្រង់ទិសសម្រាប់ការអភិវឌ្ឍនៃទំនាក់ទំនងទ្វេភាគី។

លោក Pham Minh Chinh និងថ្នាក់ដឹកនាំជាន់ខ្ពស់ចិនបញ្ជាក់ពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋរបស់ភាគីនីមួយៗចំពោះទំនាក់ទំនងទ្វេភាគី ក៏ដូចជាតួនាទីពិសេសនៃទំនាក់ទំនងទ្វេភាគីក្នុងគោលនយោបាយការបរទេសរបស់ប្រទេសនីមួយៗ។

ភាគីទាំងពីរបានឯកភាពបន្តជំរុញយន្តការផ្លាស់ប្តូរ សហប្រតិបត្តិការលើគ្រប់វិស័យ។ ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងជាក់ស្តែង ឆ្ពោះទៅខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ចិន នៅឆ្នាំ២០២៥។

ទីពីរ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើទិសដៅ និងវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗនាពេលខាងមុខ។ ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមវៀតណាម-ចិន ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សទាំងពីរ តាមរយៈនោះ បង្កើតកងកម្លាំងចលករ បង្កើតឱកាសសហប្រតិបត្តិការថ្មី ពង្រីកកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងសហគមន៍ចែករំលែកអនាគតដែលមានមានអត្ថន័យជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

ទី៣ ពង្រឹងមូលដ្ឋានសង្គមដ៏រឹងមាំសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។  ភាគីទាំងពីរខិតខំអភិវឌ្ឍ និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការផ្លាស់ប្តូរមិត្តភាព ដូចជា៖ វេទិកាប្រជាជន មហោស្រពប្រជាជនតាមព្រំដែន ជំនួបមិត្តភាពយុវជន មហោស្រពយុវជនវៀតណាម-ចិន។ ប្រទេសចិនផ្តល់អាហារូបករណ៍ចំនួន ១,០០០ ដល់គ្រូបង្រៀនភាសាចិនរបស់វៀតណាម បង្កើនការផ្សព្វផ្សាយអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃបក្សទាំងពីរនិងប្រទេសទាំងពីរ ជំរុញការតភ្ជាប់ឡើងវិញនូវកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអាកាសចរណ៍។

ទី៤ ដោះស្រាយការខ្វែងគំនិតគ្នា និងសហការគ្នាដើម្បីរក្សាបរិយាកាសសន្តិភាព និងស្ថិរភាព។ ភាគីទាំងពីរបានឯកភាពសហការគ្រប់គ្រងព្រំដែនគោក រៀបចំឲ្យបានល្អនូវសកម្មភាពអបអរសាទរខួបលើកទី ២៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាស្ដីពីព្រំដែនគោក និងខួបលើកទី ១៥ នៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន ៣ ស្ដីពីព្រំដែនគោកវៀតណាម-ចិននៅឆ្នាំ២០២៤។

ភាគីទាំងពីរក៏បានឯកភាពបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀង និងទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ គោរពតាមច្បាប់អន្តរជាតិ គ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងដោះស្រាយការខ្វែងគំនិតគ្នា និងមិនអនុញ្ញាតឲ្យមានការខ្វែងគំនិតគ្នាប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ចូលរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោករដ្ឋមន្ត្រី!

បកប្រែដោយ Thuy Anh