ពិធីទទួលបដិសណ្ឋារកិច្ចនេះត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅអគារសភាដែលមានទីតាំងនៅកំពូល Capital Hill ក្នុងរដ្ឋធានី Canberra នៃប្រទេសអូស្ត្រាលី នេះជាពិធីពិសេសសម្រាប់ប្រមុខរដ្ឋាភិបាលក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលី។

បន្ទាប់ពីពិធីស្វាគមន៍ លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារជាមួយគ្នា។ លោកនាយករដ្ឋមន្ត្រី Anthony Albanese បានស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមទៅកាន់ប្រទេសអូស្ត្រាលី និងវាយតម្លៃថា ដំណើរទស្សនៈកិច្ចមានសារៈសំខាន់ ជាតម្រុយថ្មីមួយក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ បន្ទាប់ពីជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត វាយតំលៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់គណៈប្រតិភូវៀតណាមចំពោះជោគជ័យជារួមនៃកិច្ចប្រជុំកំពូលពិសេសរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-អូស្ត្រាលី ដែលប្រព្រឹត្តទៅនៅទីក្រុង Melbourne នាថ្ងៃទី ៥ និងទី ៦ ខែមីនា។

leftcenterrightdel
នាយករដ្ឋមន្រ្តីទាំងពីរជួបជាមួយអ្នកសារព័ត៌មានដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សា

ទិសដៅសំខាន់ៗចំនួន ៦ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ

នៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ព្រមទាំងយល់ព្រមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងនោះភាគីទាំងពីរបានពិភាក្សា និងឯកភាពសហការគ្នាអនុវត្តនូវទិសដៅសំខាន់ៗចំនួន ៦  ដើម្បីនាំមកនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងជាក់ស្តែងបន្ថែមទៀតដូចជា៖

ការជឿទុកចិត្តខាងនយោបាយ និងការទូតកាន់តែខ្ពស់ យុទ្ធសាស្ត្រកាន់តែច្រើន។ តាមនោះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ រក្សាយន្តការសហប្រតិបត្តិការទ្វេភាគី… 

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មានលក្ខណៈអភិក្រម និងមានប្រសិទ្ធភាព ដោយទាញយកអត្ថប្រយោជន៍ពីសក្តានុពលនៃខឿនសេដ្ឋកិច្ចទាំងពីរដែលអាចបំពេញបន្ថែមគ្នាបាន។ ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការផ្លាស់ប្តូរបៃតង។ តាមនោះ ភាគីទាំងពីរបានឯកភាពអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការអប់រំ-បណ្តុះបណ្តាល បរិស្ថាន និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុគឺកាន់តែទូលំទូលាយ និងស៊ីជម្រៅ។ តាមនោះ ភាគីទាំងពីរបានឯកភាពពង្រឹងសកម្មភាពផ្លាស់ប្តូរវប្បធម៌ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈ បង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតវៀតណាមទៅសិក្សានៅប្រទេសអូស្ត្រាលី។

ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងទំនាក់ទំនងរវាងគ្រប់ជំនាន់កាន់តែបើកចំហ និងស្មោះត្រង់។ ក្រៅពីកិច្ចសហប្រតិបត្តិការល្អនាពេលនេះ ភាគីទាំងពីរបានឯកភាពជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យទេសចរណ៍ ខិតខំនាំប្រទេសទាំងពីរចូលទៅក្នុងក្រុមនៃទីផ្សារទេសចរណ៍ឈានមុខគេរបស់គ្នាទៅវិញទៅមក និងឆាប់ៗអនុវត្តអនុស្សរណៈយោគយល់គ្នារវាងរដ្ឋាភិបាលទាំងពីរស្តីពីការជួយឧបត្ថម្ភពលរដ្ឋវៀតណាមដែលកំពុងធ្វើការក្នុងវិស័យកសិកម្មអូស្ត្រាលី។ លោក Pham Minh Chinh បានស្នើសុំរដ្ឋាភិបាលអូស្ត្រាលី បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនជាតិវៀតណាមនៅអូស្ត្រាលី ក្នុងការរស់នៅ ធ្វើការ សិក្សា និងបង្កើតសមាគម...។

សសរស្តម្ភនៃកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងថាមពល

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានជួបជាមួយអ្នកសារព័ត៌មាន ដើម្បីប្រកាសពីលទ្ធផលនៃកិច្ចពិភាក្សា ដែលក្នុងនោះប្រកាសអំពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអូស្ត្រាលី។

សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់លើទិសដៅមួយចំនួនសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតរវាងប្រទេសទាំងពីរ រួមមាន៖ ការធ្វើឱ្យស៊ីជម្រៅផ្នែកនយោបាយ ការពារជាតិ សន្តិសុខ កិច្ចសហប្រតិបត្តិការវិស័យយុត្តិធម៌ ការជំរុញការតភ្ជាប់សេដ្ឋកិច្ច ការកសាងបញ្ញាវ័ន្ត និងការតភ្ជាប់ទំនាក់ទំនងប្រជាជន…

ក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានសម្តែងការព្រួយបារម្មណ៍ចំពោះការអភិវឌ្ឍនៅសមុទ្រខាងកើត ព្រមទាំងបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តចំពោះសន្តិភាព សន្តិសុខ ស្ថិរភាព សេរីភាពនៃការធ្វើនាវាចរណ៍ អាកាសចរណ៍ និងពាណិជ្ជកម្មស្របច្បាប់គ្មានការរារាំង និងគោរពដំណើរការការទូត និងផ្លូវច្បាប់ ព្រមទាំងដោះស្រាយរាល់វិវាទ រួមទាំងវិវាទនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយមិនប្រើប្រាស់ ឬគម្រាមកំហែងក្នុងការប្រើប្រាស់កម្លាំង ស្របតាមច្បាប់អន្តរជាតិ រួមទាំង UNCLOS ១៩៨២។ ភាគីទាំងពីរបានអះអាងសារជាថ្មីថា អនុសញ្ញានេះកំណត់ក្របខ័ណ្ឌច្បាប់ទូលំទូលាយសម្រាប់រាល់សកម្មភាពនៅសមុទ្រ និងមហាសមុទ្រ។ ភាគីទាំងពីរបន្តអំពាវនាវឲ្យមានការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ឆ្នាំ ២០០២ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយថា ក្រមប្រតិបត្តិណាមួយនៅសមុទ្រខាងកើតក្តីក៏ត្រូវតែមានខ្លឹមសារ ប្រសិទ្ធភាព និងស្របទៅនឹងច្បាប់អន្តរជាតិ។ ជាពិសេស UNCLOS ១៩៨២ ព្រមទាំងមិនប៉ះពាល់ដល់សិទ្ធិរបស់ប្រទេសដទៃក្រោមច្បាប់អន្តរជាតិ។

គួរឱ្យរំលឹកដែរថា លោក Anthony Albanese និងលោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា និងប្រគល់ឯកសារកិច្ចសហប្រតិបត្តិការចំនួន ១១ រវាងប្រទេសទាំងពីរលើវិស័យ៖ អប់រំ និងបណ្តុះបណ្តាល; ថាមពល និងរ៉ែ; កសិកម្ម រុក្ខាកម្ម និងនេសាទ; វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត; ពលកម្មនិងការងារ; ពាណិជ្ជកម្ម ការវិនិយោគ ហិរញ្ញវត្ថុ ធនាគារ; ការការពារនិងសន្តិភាព; យុត្តិធម៌។

ដៃគូសំខាន់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

នាព្រឹកថ្ងៃដដែល នៅវិមានអគ្គទេសាភិបាលក្នុងទីក្រុង Canberra លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយាបានជួបជាមួយអគ្គទេសាភិបាលអូស្ត្រាលី David Hurley និងភរិយា Linda Hurley។ លោក Pham Minh Chinh បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏មានតម្លៃដែលអូស្ត្រាលីបានផ្តល់ដល់វៀតណាមនាពេលអតីតកាល និងបច្ចុប្បន្ន ជាពិសេសការសាងសង់ស្ពានចំនួនពីរ My Thuan និង Cao Lanh ក្នុងតំបន់ដីសណ្តទន្លេមេគង្គ ជួយវៀតណាមដឹកជញ្ជូនកងពេទ្យកម្រិតពីរទៅកាន់ប្រទេសស៊ូដង់ខាងត្បូងដើម្បីចូលរួមជាមួយកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វៀតណាម។

អគ្គទេសាភិបាលអូស្ត្រាលីបានស្នើឱ្យវៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាកលវិទ្យាល័យធំៗរបស់អូស្ត្រាលី បើកមូលដ្ឋានបណ្តុះបណ្តាលនៅវៀតណាម។ បន្ទាប់ពីជំនួបនោះ អគ្គទេសាភិបាលអូស្ត្រាលីផ្ទាល់បានជិះរថយន្តអគ្គិសនីជូនលោក Pham Minh Chinh និងភរិយា ទៅទស្សនាវិមានអគ្គទេសាភិបាល។

ក្នុងជំនួបជាមួយប្រធានព្រឹទ្ធសភាអូស្ត្រាលី Sue Lines លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលីរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាម មានអត្ថន័យសំខាន់ៗ បង្ហាញនូវបំណងចង់ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយអូស្ត្រាលីឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលី រួមចំណែកបើកចេញនូវទស្សនវិស័យសហប្រតិបត្តិការថ្មីនាពេលខាងមុខ។ ប្រធានព្រឹទ្ធសភាអូស្ត្រាលី Sue Lines បាននិយាយថា លោកស្រីនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះគឺដើម្បីអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសភាទាំងពីរដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០២២។

បកប្រែដោយ Minh Trung