កាសែត The Nation (ថៃ) ចេញផ្សាយនៅថ្ងៃទី ២៨ ខែធ្នូ បានចុះផ្សាយអត្ថបទមួយដែលមានចំណងជើងថា “វៀតណាមដើរតួនាទីជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់នៅអាស៊ីអាគ្នេយ៍” ដោយកត់សម្គាល់ថា វៀតណាមកំពុងលេចចេញជាចំណុចភ្លឺសម្រាប់កំណើននៅក្នុងតំបន់ ដោយសារកំណែទម្រង់ឧស្សាហកម្ម ពន្លឿនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងអនុវត្តគំរូអភិវឌ្ឍន៍ប្រកបដោយចីរភាព។

leftcenterrightdel
ផលិតសម្លៀកបំពាក់សម្រាប់នាំចេញ (រូប​ថត៖ vnanet.vn)

យោងតាមអត្ថបទនេះ បច្ចុប្បន្នវៀតណាមស្ថិតក្នុងចំណោមសេដ្ឋកិច្ចដែលមានការរីកចម្រើនលឿនបំផុតនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ដោយដកស្រង់ទិន្នន័យពីសភាពាណិជ្ជកម្ម និងឧស្សាហកម្មថៃប្រចាំនៅវៀតណាម ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមក្នុងឆ្នាំ ២០២៥ បានកត់ត្រាកំណើនប្រចាំត្រីមាសខ្ពស់ ដោយត្រីមាសទី ១ កើនឡើង ៦.៩៣% ត្រីមាសទី ២ កើនឡើង ៧.៧% និងត្រីមាសទី ៣ កើនឡើង ៨.២៣% ដែលលើសពីសេដ្ឋកិច្ចក្នុងតំបន់ជាច្រើនដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី និងថៃ។

ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាមបានកើនឡើង ៧.៨៥% ដែលទាបជាងការកើនឡើង ៩.៤៤% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ប៉ុណ្ណោះ ដែលបង្ហាញពីការងើបឡើងវិញប្រកបដោយចីរភាព ខណៈពេលដែលសេដ្ឋកិច្ចក្នុងតំបន់កំពុងធ្លាក់ចុះ។

សភាពាណិជ្ជកម្ម និងឧស្សាហកម្មថៃប្រចាំនៅប្រទេសវៀតណាមព្យាករណ៍ថា ប្រទេសវៀតណាមនឹងបន្តស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយទំហំសេដ្ឋកិច្ចរបស់ខ្លួនអាចស្មើនឹងទំហំសេដ្ឋកិច្ចរបស់ប្រទេសថៃនៅឆ្នាំ ២០២៩។

ប្រទេសវៀតណាមមានគោលបំណងសម្រាប់កំណើនផលិតផលក្នុងស្រុកសរុបជាមធ្យម ១០% ក្នុងមួយឆ្នាំ ដំណាក់កាល ២០២៦-២០៣០ ដោយខិតខំក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់របស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងកើនឡើងពីជិត ៥,០០០ ដុល្លារអាមេរិកនៅឆ្នាំ ២០២៤ ដល់ ៨,៥០០ ដុល្លារអាមេរិកនៅឆ្នាំ២០៣០។

កំណើនរបស់ប្រទេសវៀតណាមត្រូវបានគាំទ្រដោយគុណសម្បត្តិជាច្រើន រួមទាំងប្រជាជនជាង ១០០ លាននាក់ ដែលជិត ៧០% ក្នុង​វ័យ​ធ្វើការ គុណសម្បត្តិអំពីតម្លៃពលកម្មនិងថាមពលបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយនិងបរិយាកាសគោលនយោបាយនយោបាយ និងរូបិយវត្ថុដែលមានស្ថិរភាព។

ក្រៅពីគុណសម្បត្តិរយៈពេលខ្លី ប្រទេសវៀតណាមកំពុងបន្តយុទ្ធសាស្ត្រអភិវឌ្ឍន៍បៃតងរយៈពេលវែង ដោយមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នសុទ្ធសូន្យនៅឆ្នាំ ២០៥០។

ការវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅក្នុងប្រទេសវៀតណាមបានឈានដល់ប្រមាណ ៣៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤ ដែលលើសប្រទេសថៃ ហើយកំពុងផ្តោតកាន់តែខ្លាំងឡើងលើវិស័យបច្ចេកវិទ្យាខ្ពស់ និងបញ្ញាសិប្បនិម្មិត។

យោងតាមសភាពាណិជ្ជកម្ម និងឧស្សាហកម្មថៃប្រចាំវៀតណាម ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍របស់វៀតណាមគឺផ្អែកលើកំណែទម្រង់រដ្ឋបាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកែលម្អគុណភាពធនធានមនុស្ស និងការផ្លាស់ប្តូរឆ្ពោះទៅរកឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់។

អត្ថបទនេះក៏បានបង្ហាញផងដែរថា ប្រទេសវៀតណាមបន្តទទួលបានផលប្រយោជន៍ពីនិន្នាការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយសារបរិយាកាសវិនិយោគអំណោយផលរបស់ខ្លួន និងតួនាទីកាន់តែខ្លាំងឡើងនៅក្នុងខ្សែសង្វាក់តម្លៃក្នុងតំបន់ ជាពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។

បើតាមកាសែត The Nation បានកត់សម្គាល់ថា ជាមួយនឹងចំនួនប្រជាជនច្រើន តម្រូវការក្នុងស្រុកដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស កំណែទម្រង់រដ្ឋបាលយ៉ាងទូលំទូលាយ និងលំហូរ FDI ប្រកបដោយចីរភាពនោះ ប្រទេសវៀតណាមកំពុង​លេច​ចេញជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ខ្លាំងក្លានៅអាស៊ីអាគ្នេយ៍៕

បកប្រែដោយ Duy Hoan