ចាប់តាំងពីបង្កើតទំនាក់ទំនងក្នុងឆ្នាំ ១៩៨៩ មក កិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WEF ត្រូវបានជំរុញ និងអភិវឌ្ឍដោយថ្នាក់ដឹកនាំនៃភាគីទាំងពីរលើវិស័យជាច្រើន។ វៀតណាមបានចូលរួមកិច្ចប្រជុំ WEF Davos នៅកម្រិតនាយករដ្ឋមន្ត្រីចំនួនបួនដង (២០០៧, ២០១០, ២០១៧, ២០១៩); បានចូលរួមកិច្ចប្រជុំ WEF ថ្នាក់នាយករដ្ឋមន្ត្រីអាស៊ាន ៤ ដង (២០១២, ២០១៣, ២០១៤, ២០១៧)។

ថ្នាក់ដឹកនាំនៃភាគីទាំងពីរក៏បានជំរុញរាល់សកម្មភាពទំនាក់ទំនង និងផ្លាស់ប្តូរកម្រិតខ្ពស់ ព្រមទាំងជំរុញកម្មវិធីកិច្ចសហប្រតិបត្តិការផងដែរ។ ភាគីទាំងពីរបានចុះហត្ថលេខា និងអនុវត្តអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការវៀតណាម - WEF ដំណាក់កាល ២០២៣-២០២៦  ដោយផ្តោតលើវិស័យអាទិភាពរួមមាន៖ ការផ្លាស់ប្តូរឌីជីថល កំណើនបៃតង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការលើកកំពស់គុណភាពធនធានមនុស្ស ... កិច្ចប្រជុំ WEF Davos 2024 ប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខរបស់ពិភពលោកដែលមានការផ្លាស់ប្តូរស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន។ សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹងការលំបាកជាច្រើន បម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិមិត្ត (AI) និងឧស្សាហកម្មបច្ចេកវិជ្ជាជឿនលឿនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការបង្កើតគោលនយោបាយសេដ្ឋកិច្ចរបស់ប្រទេស និងអាជីវកម្ម។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh ទៅកាន់កិច្ចប្រជុំ WEF Davos 2024 គឺជាឱកាសមួយសម្រាប់វៀតណាមក្នុងការបញ្ជូនសារអំពីសមិទ្ធផលនានាក្នុងការអភិវឌ្ឍយ៉ាងស្វាហាប់ នវានុវត្តន៍ និងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ការលើកកំពស់កិត្យានុភាព និងមុខមាត់របស់វៀតណាម បញ្ជាក់តួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងភរិយា

នៅឆ្នាំ ២០២៤ វៀតណាមនឹងរួមជាមួយហុងគ្រី និងរូម៉ានី អបអរសាទរខួបលើកទី ៧៤ នៃការបង្កើតទំនាក់ទំនងការទូត (១៩៥០-២០២៤)។ អស់រយៈពេលជិតបីភាគបួននៃសតវត្សមកហើយ ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងហុងគ្រី និងរូម៉ានីបានអភិវឌ្ឍយ៉ាងល្អ និងស៊ីជម្រៅតាមរយៈការរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងកម្រិតខ្ពស់ ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ Pham Minh Chinh និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានរួមចំណែកពង្រឹងទំនុកចិត្តនយោបាយ និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីរវាងភាគីនានា។

ចំពោះហុងគ្រី វៀតណាមរក្សាទំនាក់ទំនងមិត្តភាពជាវិជ្ជមានលើវិស័យ៖ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ការពារជាតិ សន្តិសុខ អប់រំ - បណ្តុះបណ្តាល កសិកម្ម វប្បធម៌ ... ក្នុងឆ្នាំ ២០១៨ ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ប្រទេសទាំងពីរបានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ធ្វើឱ្យហុងគ្រី ក្លាយជាដៃគូគ្រប់ជ្រុងជ្រោយដំបូងរបស់វៀតណាមនៅតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត បើកចេញដំណាក់កាលនៃការអភិវឌ្ឍថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ចាប់តាំងពីឆ្នាំ ២០២០ មក ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានលើសពី ១ ពាន់លានដុល្លារអាមេរិក ដែលធ្វើឲ្យវៀតណាម ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ហុងគ្រី នៅអាស៊ីអាគ្នេយ៍។ នៅតំបន់អឺរ៉ុបកណ្តាល និងខាងកើត ហុងគ្រីគឺជាប្រទេសដែលផ្តល់ជំនួយអភិវឌ្ឍន៍ធំជាងគេ (ODA) ដល់ប្រទេសវៀតណាម - ជាមួយទឹកប្រាក់ចំនួន ៤៤០ លានអឺរ៉ូ ចាប់តាំងពីឆ្នាំ ២០១៧ - ដើម្បីអនុវត្តគម្រោងនានាក្នុងវិស័យសុខាភិបាល ការគ្រប់គ្រងប្រជាជន ការគ្រប់គ្រងទឹកស្អាត...

ដំណើរទស្សនកិច្ចជាផ្លូវការនៅហុងគ្រីរបស់លោក Pham Minh Chinh និងភរិយា គឺជាការផ្លាស់ប្តូរគណៈប្រតិភូលើកដំបូងនៅថ្នាក់នាយករដ្ឋមន្ត្រីរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧ ឆ្នាំកន្លងទៅ ដែលមានអត្ថន័យសំខាន់ក្នុងការធ្វើឱ្យទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម-ហុងគ្រី កាន់តែស៊ីជម្រៅថែមទៀត។ ជាពិសេសផ្នែកសេដ្ឋកិច្ច ការអប់រំ-បណ្តុះបណ្តាល និងបច្ចេកវិទ្យាឱសថ។

ក្នុងបរិបទដែលហុងគ្រីទទួលដំណែងជាប្រធានប្តូរវេណសហភាពអឺរ៉ុប (EU) ក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០២៤ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់វៀតណាម ក្នុងការពង្រឹងការសម្របសម្រួលជាមួយ EU លើរាល់បញ្ហាតំបន់ និងពិភពលោក ជាពិសេសគឺជំរុញការផ្តល់សច្ចាប័នលើ កិច្ចព្រមព្រៀងការពារការវិនិយោគរវាងវៀតណាម និងសហភាពអឺរ៉ុប (EVIPA)។ ក្នុងទំនាក់ទំនងវៀតណាម - រ៉ូម៉ានី ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ជាប្រចាំក្នុងនោះរួមទាំងថ្នាក់ខ្ពស់ផងដែរ។ រូម៉ានីតែងតែអះអាងថា វៀតណាមជាដៃគូនាំមុខគេនៅអាស៊ីអាគ្នេយ៍។ ទោះបីជាត្រូវបានរងផលប៉ះពាល់ដោយការរីករាលដាលនៃ Covid-19 ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២២ នៅតែកើនឡើងដល់ជាង ៤០០ លានដុល្លារអាមេរិក កើនឡើង ១៥% បើប្រៀបធៀបទៅនឹងឆ្នាំ ២០២១។

ក្នុងឋានៈជាប្រធានសហភាពអឺរ៉ុបវិលជុំក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៩ រូម៉ានី បានគាំទ្រយ៉ាងសកម្ម និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងជារដ្ឋមួយក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង៣ដំបូងដែលបានផ្តល់សច្ចាប័នលើ EVFTA។ កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការពារជាតិ សន្តិសុខ វប្បធម៌ អប់រំ-បណ្តុះបណ្តាល កម្លាំងពលកម្ម... បន្តអភិវឌ្ឍយ៉ាងសកម្ម និងមានប្រសិទ្ធភាព។ រូម៉ានី គឺជាប្រទេសសមាជិកសហភាពអឺរ៉ុបដំបូងគេ ដែលជួយវ៉ាក់សាំងចំនួន ៣០០០០០ ដូស ជួយវៀតណាមទប់ទល់នឹងការរាតត្បាតជំងឺ Covid-19។

ដំណើរទស្សនកិច្ចនៅរ៉ូម៉ានីលើកនេះរបស់នាយករដ្ឋមន្ត្រីវៀតណាម គឺជាការផ្លាស់ប្តូរគណៈប្រតិភូលើកដំបូងនៅថ្នាក់នាយករដ្ឋមន្ត្រីរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ដែលមានអត្ថន័យសំខាន់ក្នុងការពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគី រវាងវៀតណាម និងរូម៉ានី បង្កើតការលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលមានភាពរឹងមាំរបស់ប្រទេសរូម៉ានី និងស្របតាមតម្រូវការអភិវឌ្ឍរបស់វៀតណាមដូចជា កសិកម្ម ឧស្សាហកម្មកែច្នៃ ការផលិត និងថ្នាំពេទ្យអន្តរជាតិ... ជំរុញកិច្ចសហប្រតិបត្តិការអាជីវកម្ម និងទាក់ទាញការវិនិយោគលើវិស័យសក្តានុពលជាច្រើន។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនៅហុងគ្រី និងរូម៉ានី និងការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ WEF Davos 2024 របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងទទួលបានជោគជ័យ រួមចំណែកលើកកំពស់កិត្យានុភាព ឋានៈរបស់ប្រទេសជាតិ។ កាលានុវត្តភាព និងសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការជាមួយបណ្តាខឿនសេដ្ឋកិច្ចឈានមុខគេលើពិភពលោក ទន្ទឹមនឹងនោះពង្រឹងទំនុកចិត្តផ្នែកនយោបាយ នាំមកនូវទំនាក់ទំនងរវាងវៀតណាម និង WEF ហុងគ្រី និងរូម៉ានី ឲ្យកាន់តែខ្លាំងក្លាថែមទៀតប្រកបដោយខ្លឹមសារ និងប្រសិទ្ធភាព៕

បកប្រែដោយ Minh Trung