នេះគឺជាមតិរបស់បណ្តាអ្នកជំនាញស្វីសនៅពេលផ្តល់មតិជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ដោយសង្ឃឹមថា ដំណើរទស្សនកិច្ចនឹងទទួលបានជោគជ័យ។

យោងតាមលោក Philipp Rösler អតីតឧបនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងកុងស៊ុលកិត្តិយសទីមួយរបស់វៀតណាមប្រចាំនៅប្រទេសស្វីស វៀតណាមបានរួមចំណែកយ៉ាងច្បាស់លាស់នៅក្នុងបណ្តាវេទិកាពហុភាគីនាពេលថ្មីៗនេះ។

លោកបានសង្កត់ធ្ងន់ថា៖ “វត្តមានរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ WEF នៅទីក្រុង Davos ក្នុងនាមជាប្រធានគណៈប្រតិភូជាន់ខ្ពស់ រួមទាំងតំណាងធុរកិច្ចជាច្រើន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ។ សកម្មភាពរបស់គណៈប្រតិភូនឹងបង្កើតជោគជ័យថ្មីមួយទៀតក្នុងព្រឹត្តិការណ៍កិច្ចការបរទេសលេចធ្លោរបស់វៀតណាមនាពេលកន្លងមកនេះ។ ជាមួយនឹងសកម្មភាពបែបនេះ វៀតណាមបង្ហាញឱ្យឃើញដល់មិត្តអន្តរជាតិអំពីប្រៀបខ្លាំងរបស់ខ្លួនក្នុងការតាក់តែងផែនការសេដ្ឋកិច្ចឆ្ពោះទៅអនាគត ដោយផ្តោតលើកំណើនប្រកបដោយនិរន្តរភាព និងឌីជីថលភាវូបនីយកម្មក្នុងគ្រប់វិស័យដូចជាស្បៀងអាហារ កសិកម្ម ផលិតកម្ម សេវាកម្ម និងដំណោះស្រាយឌីជីថល”។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម (រូបថត៖ vnanet.vn)

នៅទីក្រុង Davos លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងអញ្ជើញចូលរួម និងថ្លែងសុន្ទរកថា ចែករំលែកទស្សនៈវិស័យរបស់វៀតណាមនៅសម័យប្រជុំសំខាន់ៗនៃកិច្ចប្រជុំ រួមទាំងសម័យសន្ទនាយុទ្ធសាស្ត្រជាតិវៀតណាម-WEF ជាមួយសាជីវកម្មឈានមុខគេអំពីប្រធានបទ “ជើងមេឃបន្ទាប់៖ ជំរុញបរិវត្តកម្ម បើកដំណើរការជំរុញកំណើនថ្មីនៅវៀតណាម”; សម័យសន្ទនាគោលនយោបាយ “វៀតណាម៖ តម្រង់ទិសចក្ខុវិស័យសកល” និងសម័យពិភាក្សាជាមួយថ្នាក់ដឹកនាំអាស៊ានមួយចំនួនស្តីពី “ការលើកកម្ពស់តួនាទីនៃកិច្ចសហប្រតិបត្តិការជាសាកលក្នុងអាស៊ាន”។

លោក Ivo Sieber អតីតឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា លោកមានក្តីសង្ឃឹមខ្ពស់ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅកាន់ទីក្រុង Davos ពីព្រោះលោកនាយករដ្ឋមន្ត្រីនឹងមិនត្រឹមតែចូលរួមកិច្ចប្រជុំនៅទីក្រុង Davos ប៉ុណ្ណោះទេ ថែមទាំងមានជំនួបនៅខាងក្រៅទៀតផង។

លោកបានវាយតម្លៃថា ក្រោយរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងផ្លូវការមក វៀតណាម និងស្វីសមានគម្រោងសហប្រតិបត្តិការអភិវឌ្ឍន៍រួម ក៏ដូចជាភាពស្រដៀងគ្នាជាច្រើន។ លោកបានលើកឧទាហរណ៍អំពីប្រទេសវៀតណាមដែលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាណត្តិឆ្នាំ ២០២៣-២០២៥ ខណៈដែលប្រទេសស្វីសក៏បានកាន់តំណែងជាប្រធានស្ថាប័ននេះកាលពីឆ្នាំមុនផងដែរ។

លោករូបនេះសង្ឃឹមថា ដំណើរទស្សនកិច្ចការងារនាពេលខាងមុខរបស់គណៈប្រតិភូដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងក្លាយជាឱកាសមួយដើម្បីលើកកម្ពស់រូបភាពរបស់វៀតណាមលើឆាកអន្តរជាតិ។

វៀតណាមគួរតែទាញយកប្រយោជន៍ពីវេទិកាដើម្បីជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ដូចជាកិច្ចប្រជុំនៅទីក្រុង Davos ដើម្បីបង្ហាញឲ្យឃើញដល់ពិភពលោកអំពីសមិទ្ធផលដែលបក្ស និងរដ្ឋាភិបាលសម្រេចបានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ នេះជាមតិរបស់លោក Roger Köppel អគ្គនិពន្ធនាយកកាសែត Die Weltwoche ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងព្រឹត្តិការណ៍បើកវេទិកាសេដ្ឋកិច្ចវៀតណាម-ស្វីសនៅទីក្រុង Zurich។

លោកបានសង្កត់ធ្ងន់ថា៖ “វៀតណាមបានឆ្លងកាត់ការឈឺចាប់នៃសង្គ្រាមក្នុងសតវត្សរ៍ទី ២០ ប៉ុន្តែខ្ញុំឃើញថាវៀតណាមបានទុកអតីតកាលទៅមួយឡែក ឆ្ពោះទៅរកអនាគត ហើយខិតខំរក្សាសន្តិភាព។ សម្រាប់ខ្ញុំ វៀតណាមគឺជាគំរូនៃកិច្ចសហប្រតិបត្តិការ និងការរក្សាតុល្យភាព”។

ទន្ទឹមនឹងនោះ លោក Ewald Beivi មន្ត្រីទទួលបន្ទុកទំនាក់ទំនង និងអភិវឌ្ឍន៍អាជីវកម្មនៅសាកលវិទ្យាល័យ Zurich មានប្រសាសន៍ថា កិច្ចប្រជុំនៅទីក្រុង Davos គឺជាឱកាសសម្រាប់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស សាជីវកម្ម និងអង្គការនានាជួបជុំ និងផ្លាស់ប្តូរទស្សនៈ កសាងផែនការសកម្មភាព។

លោកបាននិយាយថា "កិច្ចប្រជុំរបស់ WEF នៅទីក្រុង Davos គឺជាឱកាសដ៏ល្អសម្រាប់វៀតណាមស្វែងរកគំនិតថ្មីៗ និងស្វែងយល់អំពីនិន្នាការថ្មីៗ"៕

បកប្រែដោយ Huyen Trang