អ្នកយកព័ត៌មាន៖ តើលោកស្រីអនុរដ្ឋមន្ត្រី អាចអធិប្បាយអំពីអត្ថន័យ និងសារៈសំខាន់នៃដំណើរបំពេញបេសកកម្មដើម្បីចូលរួមកិច្ចប្រជុំ WEF Davos លើកទី៥៤ នៅប្រទេសស្វីស របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ កិច្ចប្រជុំ WEF Davos លើកទី ៥៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ មករា ដោយប្រធានបទ “កសាងទំនុកចិត្តឡើងវិញ”។ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ជិត ១០០ នាក់មកពីបណ្តាប្រទេស និងអង្គការអន្តរជាតិ និងថ្នាក់ដឹកនាំសាជីវកម្ម និងធុរកិច្ចពិភពលោកប្រមាណ ៣,០០០ នាក់ កិច្ចប្រជុំឆ្នាំនេះពិតជាព្រឹត្តិការណ៍ឈានមុខគេរបស់ពិភពលោកក្នុងការចែករំលែកព័ត៌មាន គំនិត និងការចូលរួមការពិភាក្សាយ៉ាងទាក់ទាញអារម្មណ៍លើគ្រប់ទិដ្ឋភាពស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោក និន្នាការថ្មី និងចក្ខុវិស័យអភិវឌ្ឍន៍សកល... ជាមួយនឹងទំហំ និងសារៈសំខាន់នៃកិច្ចប្រជុំបែបនេះ ដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមកិច្ចប្រជុំ WEF Davos ឆ្នាំនេះមានសារៈសំខាន់ណាស់ក្នុងទិដ្ឋភាពជាច្រើន។

កិច្ចប្រជុំនេះគឺជាឱកាសដ៏មានតម្លៃមួយសម្រាប់ចាប់យកនូវគោលគំនិត គំរូអភិវឌ្ឍន៍ គំរូអភិបាលកិច្ច និងនិន្នាការអភិវឌ្ឍន៍របស់ពិភពលោក ឬនិយាយម្យ៉ាងទៀតគឺការផ្លាស់ប្តូរ និងការស្តាប់ "ចង្វាក់បេះដូង" នៃពិភពលោក ដោយហេតុនេះទាញយកអត្ថប្រយោជន៍ពីកាលានុវត្តនភាពបានទាន់ពេលវេលា និងនិន្នាការថ្មីៗ ឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមនានា និងទាក់ទាញធនធានអតិបរមាដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស។

នេះគឺជាពេលវេលាដ៏ល្អសម្រាប់ពួកយើងដើម្បីចែករំលែក ជូនដំណឹង និងផ្សព្វផ្សាយសមិទ្ធផល ការតំរង់ទិស យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយការបរទេសរបស់វៀតណាម បង្ហាញសារដ៏រឹងមាំអំពីវៀតណាមមួយប្រកបដោយថាមពលភាព ភាពច្នៃប្រឌិត និងជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់សាជីវកម្មពិភពលោក។ ផ្តើមពីទីនោះ ប្រែក្លាយបរិយាកាសគោលនយោបាយការបរទេសដែលអំណោយផលនាពេលបច្ចុប្បន្នរបស់យើងទៅជាលទ្ធផលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាក់លាក់ គម្រោងវិនិយោគជាក់ស្តែង បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

ការអញ្ជើញចូលរួមរបស់នាយករដ្ឋមន្ត្រីវៀតណាមក្នុងកិច្ចប្រជុំរួមជាមួយនឹងការចែករំលែក ការវាយតម្លៃ និងគំនិតផ្តួចផ្តើមរបស់នាយករដ្ឋមន្ត្រីអំពីស្ថានភាព ទស្សនវិស័យ ការគិតគូរអភិវឌ្ឍនៅកម្រិតពិភពលោក ដំណោះស្រាយជំរុញកំណើន និងដោះស្រាយរាល់បញ្ហាប្រឈមដែលកំពុងកើតមាននឹងបន្តអះអាងនូវការរួមចំណែកប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពរបស់វៀតណាមចំពោះសន្តិភាព ការអភិវឌ្ឍ និងបញ្ហាដែលជាកង្វល់រួម តាមរតៈនោះជាហេតុធ្វើឱ្យកាន់តែប្រសើរឡើងនូវកិត្យានុភាព និងកេរ្តិ៍ឈ្មោះរបស់ប្រទេសនៅលើឆាកអន្តរជាតិ ជាពិសេសជាមួយសហគមន៍ពាណិជ្ជកម្មពិភពលោក។

leftcenterrightdel
លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ផ្តល់បទសម្ភាសន៍សារព័ត៌មាន

អ្នកយកព័ត៌មាន៖ តើវៀតណាមនឹងរួមចំណែកអ្វីខ្លះក្នុងកិច្ចប្រជុំនេះ លោកស្រីអនុរដ្ឋមន្ត្រី?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ នាយករដ្ឋមន្ត្រីវៀតណាមគ្រោងនឹងមានកម្មវិធីសកម្មភាពជាបន្តបន្ទាប់នៅកិច្ចប្រជុំ WEF Davos ឆ្នាំនេះ រួមទាំងចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សាសំខាន់ៗ ក្នុងនោះមានកិច្ចប្រជុំពិសេសមួយចំនួនសម្រាប់វៀតណាមតែម្តង។ នាយករដ្ឋមន្រ្តីវៀតណាមនឹងធ្វើជាប្រធានកិច្ចពិភាក្សាជាច្រើនជាមួយថ្នាក់ដឹកនាំនៃសាជីវកម្មឈានមុខគេ និងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំប្រទេស អង្គការអន្តរជាតិ និងធុរកិច្ចជាច្រើនផងដែរ។ វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូទាំង ៩ ដែលត្រូវបាន WEF ស្នើឱ្យសម្របសម្រួលក្នុងការរៀបចំកិច្ចសន្ទនាយុទ្ធសាស្ត្រជាតិជាមួយ WEF ហើយលោក Pham Minh Chinh នាយករដ្ឋមន្ត្រី គឺជាមេដឹកនាំប្រទេសមួយក្នុងចំណោមមេដឹកនាំប្រទេសចំនួន ៨ ដែលមានសម័យសន្ទនាដាច់ដោយឡែកជាមួយ WEF។

នាយករដ្ឋមន្ត្រីនឹងចែករំលែកការវាយតម្លៃ ការសង្កេត និងទស្សនៈរបស់វៀតណាមអំពីទស្សនវិស័យ កាលានុវត្តភាព និងបញ្ហាប្រឈម ព្រមទាំងនិន្នាការកែប្រែនៃសេដ្ឋកិច្ចពិភពលោកទាំងរចនាសម្ព័ន្ធ និងគំរូ ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍរបស់ពិភពលោក និងប្រទេសនីមួយៗ។ តាមរយៈបទពិសោធន៍ និងមេរៀនរបស់វៀតណាម និងអាស៊ាន លោកនាយករដ្ឋមន្ត្រីវៀតណាម នឹងលើកឡើងដំណោះស្រាយទាំងភ្លាមៗ និងរយៈពេលវែង ដើម្បីពង្រឹងសាមគ្គីភាពអន្តរជាតិ កសាងទំនុកចិត្តឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា រវាងរដ្ឋាភិបាល និងសហគ្រាស និងដៃគូ ដើម្បីចែករំលែកទំនួលខុសត្រូវរួម ប្រែស្ថានភាព ហើយប្រែក្លាយបញ្ហាប្រឈមទៅជាឱកាសវិញ។

អ្នកយកព័ត៌មាន៖ តើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសហុងគ្រី និងរូម៉ានី របស់លោក Pham Minh Chinh មានអត្ថន័យពិសេសយ៉ាងដូចម្តេចលោកស្រី?

លោកស្រី Nguyen Minh Hang អនុរដ្ឋមន្ត្រី៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងភរិយានឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសហុងគ្រី និងរូម៉ានី ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២៣ ខែមករា។ ហុងគ្រី និងរូម៉ានី គឺជាប្រទេសពីរក្នុងចំណោមប្រទេសទាំង១០ដំបូងលើពិភពលោក ដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម បន្ទាប់ពីវៀតណាមទទួលបានឯករាជ្យ។ ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលអូសបន្លាយរយៈពេលបីភាគបួននៃសតវត្សន៍ និងក្នុងបរិបទនៃស្ថានការណ៍ពិភពលោកដ៏ស្មុគស្មាញ ស៊ីជម្រៅ និងមានលក្ខណៈជារបត់មួយនោះ ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh មានអត្ថន័យសំខាន់ខ្លាំងណាស់ ដើម្បីបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មទំនាក់ទំនងបរទេសរបស់វៀតណាម រួមទាំងការបន្តលើកកម្ពស់ និងធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយដៃគូប្រពៃណី និងមិត្តភក្តិ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីនឹងរួមចំណែកដល់ការបង្កើនទំនុកចិត្តខាងនយោបាយ ពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មរវាងវៀតណាម និងហុងគ្រី និងរូម៉ានី។ ជំរុញ និងនាំយកវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រពៃណីដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ពលកម្ម វប្បធម៌ ការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស ... ទៅកាន់ដំណាក់កាលថ្មីមួយ ដើម្បីបំពេញតម្រូវការអភិវឌ្ឍរបស់ប្រទេសនីមួយៗ។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល និងរឹងមាំ រឹតចំណងមិត្តភាពរវាងប្រជាជនវៀតណាម និងប្រជាជននៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ចនេះក៏ជាឱកាសមួយសម្រាប់ពួកយើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយហុងគ្រី និងរូម៉ានី ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងវៀតណាម និងតំបន់អឺរ៉ុបកណ្តាល និងរវាងប្រទេសទាំងពីរ និងអាស៊ាន ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាសកលលោក ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រីអនុរដ្ឋមន្ត្រី!

បកប្រែដោយ Minh Trung