បើកដំណាក់កាលអភិវឌ្ឍថ្មី ប្រកបដោយភាពរឹងមាំ និងកាន់តែទូលំទូលាយ

នៅក្នុងកិច្ចពិភាក្សានេះ លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាលរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន។ ក្នុងបរិយាកាសមិត្តភាព ភាពស្និទ្ធស្នាល និងភាពជឿជាក់គ្នា លោក Vo Van Thuong និងលោក Kishida Fumio បានរំលឹកឡើងវិញទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក ហើយបានសម្តែងការពេញចិត្តចំពោះការអភិវឌ្ឍដ៏រឹងមាំ ទូលំទូលាយ និងប្រកបដោយគុណភាពលើគ្រប់វិស័យនៃប្រទេសទាំងពីរ។ លោក Vo Van Thuong បានចាត់ទុកថា ទំនាក់ទំនងវៀតណាម-ជប៉ុន គឺជាគំរូល្អនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងស្មោះស្ម័គ្រ ដោយមានសក្ដានុពល និងទស្សនវិស័យបើកចំហខ្លាំង។ ឈរលើមូលដ្ឋាននោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការលើកកំពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។

ដោយឈរលើក្របខ័ណ្ឌទំនាក់ទំនងថ្មី ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងទូលំទូលាយអំពីទំនាក់ទំនងវៀតណាម-ជប៉ុន ព្រមទាំងបានឯកភាពលើទិសដៅ និងវិធានការសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ បើកចេញដំណាក់កាលថ្មីនៃការអភិវឌ្ឍ កាន់តែរឹងមាំ និងទូលំទូលាយ បំពេញតម្រូវការនិងផលប្រយោជន៍នៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ប្រចាំឆ្នាំក្នុងទម្រង់ជាច្រើនដែលអាចធ្វើបានតាមបណ្តាញបក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភា។ ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការកិច្ចសន្ទនាសហប្រតិបត្តិការដែលមានស្រាប់រវាងក្រសួង និងដំបន់នៃប្រទេសទាំងពីរ និងជំរុញការបង្កើតយន្តការសហប្រតិបត្តិការថ្មី ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពក្នុងវិស័យការពារជាតិ ដោយផ្អែកលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុន។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការធានាសន្តិសុខសេដ្ឋកិច្ច និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា នវានុវត្តន៍ ការផ្ទេរបច្ចេកវិទ្យា បរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង ...។

លោកនាយករដ្ឋមន្ត្រី Kishida Fumio អះអាងថា បន្តជួយវៀតណាមក្នុងវិស័យឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម កសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅជាមួយអន្តរជាតិជាមួយគោលដៅក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។ ដោយសង្កត់ធ្ងន់ថា ធុរកិច្ចជប៉ុនចាត់ទុកវៀតណាមជាមូលដ្ឋានសំខាន់ក្នុងកិច្ចសហប្រតិបត្តិការដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់ និងជាទិសដៅវិនិយោគដ៏មានសក្តានុពលបំផុតក្នុងចំណោមបណ្តាប្រទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ លោកនាយករដ្ឋមន្ត្រី Kishida Fumio បានស្នើឱ្យភាគីទាំងពីរសម្របសម្រួលដើម្បីបង្កើនប្រសិទ្ធភាព និងដោះស្រាយឧបសគ្គនានា ដើម្បីពន្លឿនការអនុវត្តគម្រោងសហប្រតិបត្តិការដោយប្រើជំនួយអភិវឌ្ឍន៍ផ្លូវការ ( ODA) និងការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ជប៉ុននៅវៀតណាម។

ក្នុងបរិបទនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្មុគ្រស្មាញក្នុងតំបន់ និងពិភពលោក ភាគីទាំងពីរបានអះអាងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា រួមចំណែកយ៉ាងសកម្មក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់និងពិភពលោក។ ភាគីទាំងពីរ គាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី អង្គការអន្តរជាតិ និងតំបន់ដូចជាអង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) អាស៊ាន អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (OECD) កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)...

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងវៀតណាម-ជប៉ុនទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។

leftcenterrightdel
លោក Vo Van Thuong  និងលោក Kishida Fumio ធ្វើជាសហប្រធានសន្និសីទសារព័ត៌មានអន្តរជាតិ

វៀតណាមគឺជាមូលដ្ឋានដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសជប៉ុន

នាល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម និងលោក Kishida Fumio នាយករដ្ឋមន្ត្រីជប៉ុន បានធ្វើជាសហប្រធានសន្និសីទសារព័ត៌មានអន្តរជាតិដោយប្រកាសលទ្ធផលនៃកិច្ចពិភាក្សាទ្វេភាគី។

ផ្តល់ព័ត៌មានអំពីលទ្ធផលនៃកិច្ចពិភាក្សាប្រកបដោយជោគជ័យជាមួយលោក Vo Van Thuong លោក Kishida Fumio បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងជប៉ុន-វៀតណាម និងបានឯកភាពលើកកំពស់ទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យចំនួន៤។ ក្នុងវិស័យសេដ្ឋកិច្ច លោក Kishida Fumio បានឲ្យដឹងថា វៀតណាមជាដៃគូចាំបាច់របស់ជប៉ុន ដើម្បីឆ្ពោះទៅការអនុវត្តគំនិតផ្តួចផ្តើមឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។ វៀតណាមក៏ជាមូលដ្ឋានដ៏សំខាន់មួយក្នុងសង្វាក់ផ្គត់ផ្គង់របស់ជប៉ុន។ ភាគីទាំងពីរនឹងសហការគ្នាបង្កើតឧស្សាហកម្មនាពេលអនាគតដូចជា បច្ចេកវិទ្យាខ្ពស់ ការបណ្តុះបណ្តាលធនធានមនុស្ស... រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការគាំទ្រលើឧបករណ៍ការពារជាតិ។

អញ្ជើញមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន លោក Vo Van Thuong បានឲ្យដឹងថា ថ្នាក់ដឹកនាំទាំងពីរបានពិនិត្យឡើងវិញនូវរាល់សមិទ្ធផល និងជំហាននៃការអភិវឌ្ឍន៍ដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការ វៀត ណាម-ជប៉ុន ក្នុងអំឡុង ៥០ ឆ្នាំកន្លងទៅ។ លោក Vo Van Thuong បានសង្កត់ធ្ងន់ថា៖ “យើងបានឯកភាពរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមស្តីពីការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរទៅកម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក។

ភាគីទាំងពីរក៏បានឯកភាពលើទិសដៅសំខាន់ៗនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុននាពេលខាងមុខ។ តាមនោះ លើវិស័យនយោបាយ ការពារជាតិនិងសន្តិសុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងកម្រិតខ្ពស់ប្រចាំឆ្នាំក្នុងទម្រង់អាចបត់បែនបានជាច្រើន។ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិស័យថ្មី ភាគីទាំងពីរបានឯកភាពបន្តពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ជំរុញកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិសុខសេដ្ឋកិច្ច ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការបង្កើតថ្មី ការផ្ទេរបច្ចេកវិទ្យា បរិវត្តកម្មឌីជីថល និងការផ្លាស់ប្តូរបៃតង។

លោក Vo Van Thuong ក៏បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចពិភាក្សា ភាគីទាំងពីរបានបញ្ជាក់ពីភាពចាំបាច់នៃការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយសេរី និងបើកចំហ ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់លើរាល់បញ្ហាដែលមានការយកចិត្តទុកដាក់រួម  ក្នុងនោះរួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ។ ភាគីទាំងពីរបានឯកភាពគាំទ្រការធានាសន្តិសុខ និងសុវត្ថិភាពដែនសមុទ្រ និងអាកាសចរណ៍ ព្រមទាំងការដោះស្រាយរាល់វិវាទ និងការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

* គួរឱ្យរំលឹកដែរថា នាថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសជប៉ុន លោក Vo Van Thuong ប្រធានរដ្ឋវៀតណាម បានទទួលជួបប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម Nikai Toshihiro។ នៅក្នុងជំនួបនេះ លោក Vo Van Thuong បានអះអាងថា ការតភ្ជាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការផ្លាស់ប្តូរយុវជន និងការផ្លាស់ប្តូរវប្បធម៌ គឺជាកត្តាសំខាន់ក្នុងការជំរុញ និងតភ្ជាប់ប្រទេសទាំងពីរ។ លោកប្រធានរដ្ឋស្នើឱ្យសមាជិកសភាគាំទ្រការរៀបចំពិធីបុណ្យវប្បធម៌បន្ថែមទៀតនៅក្នុងប្រទេសទាំងពីរ ក៏ដូចជាកម្មវិធីផ្លាស់ប្តូរយុវជន និងជំនាន់វ័យក្មេងនៃប្រទេសទាំងពីរ ពង្រឹងទំនាក់ទំនងជាក់ស្តែងរវាងមូលដ្ឋាន តាមនោះរួមចំណែកដល់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុនប្រកបដោយចីរភាពនាពេលខាងមុខ៕

បកប្រែដោយ Minh Trung