អង្គភាពអាជីវកម្មចូលរួមក្នុងការសម្រេចឱ្យបាននូវទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក

មានប្រសាសន៍នៅទីនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជូនដំណឹងអំពីកត្តាជាមូលដ្ឋានសម្រាប់អង្គភាពអាជីវកម្មទាំងអស់មានអារម្មណ៍សុវត្ថិភាពក្នុងការវិនិយោគ និងអភិវឌ្ឍនៅវៀតណាម។ លោក Pham Minh Chinh បានឱ្យដឹងថា៖ វៀតណាមកំពុងកសាងនូវលទ្ធិប្រជាធិបតេយ្យសង្គមនិយម នីតិរដ្ឋសង្គមនិយម និងសេដ្ឋកិច្ចទីផ្សារដែលតម្រង់ទិសសង្គមនិយម។ តាមរយៈដំណើរការនោះ មនុស្សត្រូវបានចាត់ទុកជាស្នូល ហើយនេះជាគោលដៅ ជាប្រធានបទ កម្លាំងជំរុញ និងជាធនធាននៃការអភិវឌ្ឍ។ វៀតណាមមិនលះបង់នូវយុត្តិធម៌ សន្តិសុខសង្គម ឬបរិស្ថាន ដើម្បីប្តូរយកកំណើនសេដ្ឋកិច្ចជាដាច់ខាតទេ។

ទន្ទឹមនឹងនោះ វៀតណាមប្រកាន់ខ្ជាប់ក្នុងការអនុវត្តនូវគោលនយោបាយការបរទេសឯករាជ្យ ភាពខ្លួនទីពឹងខ្លួន ការធ្វើពិពិធកម្ម ពហុភាគីភាវូបនីយកម្ម ជាមិត្តល្អ ជាដៃគូដែលអាចទុកចិត្តបាន និងជាសមាជិកប្រកបដោយការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ ការកសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិ សកម្ម ស៊ីជម្រៅ ជាក់ស្តែង និងប្រសិទ្ធភាព។ គោលនយោបាយការពារជាតិ “៤ មិន” គឺ៖ មិនចូលសម្ព័ន្ធភាពយោធាទេ មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីច្បាំងប្រទេសមួយ មិនអនុញ្ញាតឱ្យបរទេសបង្កើតមូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីដើម្បីប្រយុទ្ធជាមួយប្រទេសដទៃ មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។

leftcenterrightdel
លោក Pham Minh Chinh មានប្រសាសន៍ក្នុងវេទិការធុរកិច្ចវៀតណាម និងសហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា បន្ទាប់ពីជិត ៤ ទសវត្សរ៍នៃការបង្កើតថ្មី ការបើកចំហ និងការធ្វើសមាហរណកម្ម វៀតណាមទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ ទំហំសេដ្ឋកិច្ចឈានដល់ ៤០៩ ពាន់លានដុល្លារ ទំហំប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់បានកើនឡើងពី ១៦០ ដុល្លារដល់ជាង ៤,១០០ ដុល្លារ (កើនឡើងច្រើនជាង ២៥ ដង)។ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានពាណិជ្ជកម្មអន្តរជាតិធំជាងគេទាំង ២០ របស់ពិភពលោក និងជាប្រទេសមួយក្នុងចំណោម ៤០ ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។

នៅឆ្នាំ ២០២២ ថ្វីត្បិតតែប្រឈមមុខនឹងការវិឌ្ឍន៍យ៉ាងឆាប់រហ័ស ស្មុគ្រស្មាញ មិនអាចទាយទុកជាមុនបានក្នុងពិភពលោក និងសេដ្ឋកិច្ចក្នុងតំបន់ ជាមួយនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន តែវៀតណាមបាន "ប្រែក្លាយហានិភ័យទៅជាឱកាស" និងសម្រេចបាននូវលទ្ធផលសំខាន់ៗ។ នាពេលនេះ វៀតណាមកំពុងអនុវត្តរបកគំហើញយុទ្ធសាស្ត្រចំនួនបី ក្នុងការកែលម្អស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលធនធានមនុស្ស រួមទាំងវិស័យបច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្តូរថាមពល ការផ្លាស់ប្តូរបៃតង និងសេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក... វៀតណាមកំណត់ថា “ជោគជ័យរបស់វិនិយោគិន គឺជោគជ័យរបស់ខ្លួនឯង” ដោយសង្ឃឹមថា ជាមួយនឹងមូលដ្ឋានគ្រឹះដ៏ល្អ និងសន្ទុះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយអំណោយផល សហគ្រាសនៃប្រទេសទាំងពីរនឹងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងការវិនិយោគ។

ជាមួយនឹងទស្សនៈថា "ធនធានកើតចេញពីការគិត និងការយល់ឃើញ កម្លាំងចិត្តកើតចេញពីការច្នៃប្រឌិត កម្លាំងបានមកពីប្រជាជន និងសហគ្រាស" លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អង្គភាពអាជីវកម្មអាមេរិក នឹងបន្តវិនិយោគនៅវៀតណាម ជួយវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិតដើម្បីឈ្នះទាំងអស់គ្នាក្នុងស្មារតីនៃ "ផលប្រយោជន៍រួម ហានិភ័យរួម"។

ឆ្លើយតបនឹងប្រសាសន៍របស់នាយករដ្ឋមន្ត្រី តំណាងធុរកិច្ចនៃប្រទេសទាំងពីរមានការផ្លាស់ប្តូរដោយបើកចំហ ស្មោះត្រង់ និងជាក់ស្តែងអំពីកាលានុវត្តក្នុងកិច្ចសហប្រតិបត្តិការវិនិយោគ ដោយផ្តោតលើវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត និងពួគេមានបំណងចូលរួមក្នុងដំណើរការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម។

នៅក្នុងវេទិកានេះ លោក Pham Minh Chinh និងគណៈប្រតិភូបានធ្វើជាសាក្សីក្នុងពិធីប្រគល់កិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនអាមេរិកមួយចំនួន។ មុនពេលនោះ នៅព្រឹកថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី បានទទួលទានអាហារពេលព្រឹក និងធ្វើការជាមួយអាជីវកម្មវៀតណាមនៅឯបរទេសលេចធ្លោមួយចំនួន។

leftcenterrightdel
លោក Pham Minh Chinh ទៅទស្សនាការតាំងបង្ហាញផលិតផលនៅវេទិកាធុរកិច្ចវៀតណាម-អាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ (រូបថត៖ vnanet.vn)

ជំរុញទំនាក់ទំនងរវាងតំបន់នានារបស់វៀតណាម និងសហរដ្ឋអាមេរិក

នារសៀលថ្ងៃទី១៨ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីក្រុង San Francisco លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទទួលជួបគណៈប្រតិភូអ្នកនយោបាយ និងធុរកិច្ចរដ្ឋ Oregon ដឹកនាំដោយលោក Vince Porter នាយខុទ្ទកាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋ Oregon។

នៅក្នុងជំនួបនេះ លោក Pham Minh Chinh បានអះអាងថា វៀតណាមមានបំណងចង់ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយរដ្ឋ Oregon ដែលជារដ្ឋនៅច្រកទ្វារទៅកាន់ភាគខាងលិចនៃសហរដ្ឋអាមេរិក។ លោកនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រដ្ឋ Oregon និងតំបន់មូលដ្ឋានវៀតណាម ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីទាញយកសក្តានុពលនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។ លោកបានលើកឡើងពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ក៏ដូចជានៅក្នុងវិស័យនានាដែលកំពុងរីកចម្រើនមួយចំនួនដូចជា ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចែករំលែក។

លោកនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា រដ្ឋ Oregon នឹងស្វាគមន៍ចំពោះផលិតផលនាំចេញរបស់វៀតណាម ដូចជាស្បែកជើង និងសម្លៀកបំពាក់ ហើយភាគីទាំងពីរនឹងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។ នេះក៏ជាការដែលភាគីទាំងពីរធ្វើការជាក់ស្តែងជាមួយគ្នាដើម្បីសម្រេចបាននូវគោលដៅនៃការដំឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ។

លោក Pham Minh Chinh បានចាត់ទុកថា ការកើនឡើងនៃចំនួនប្រជាជនវៀតណាមជាប់ឆ្នោតសម្រាប់តំណែងជាអ្នកដឹកនាំនៅរដ្ឋ Oregon គឺជាភស្តុតាងនៃការធ្វើសមាហរណកម្ម និងការរួមចំណែករបស់សហគមន៍វៀតណាម និងបានបញ្ជាក់ពីឋានៈរបស់ប្រជាជនវៀតណាមនៅសហរដ្ឋអាមេរិក។

លោក Vince Porter នាយខុទ្ទកាល័យអភិវឌ្ឍន៍សេដ្ឋកិច្ចរដ្ឋ Oregon បានអះអាងថា រដ្ឋចង់ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយវៀតណាម ជាពិសេសទំនាក់ទំនងជាមួយតំបន់មូលដ្ឋានវៀតណាម។ លោក Vince Porter បានសម្តែងនូវសេចក្តីរីករាយដែលវៀតណាមស្ថិតក្នុងចំណោមដៃគូពាណិជ្ជកម្មធំជាងគេទាំង ១០ របស់រដ្ឋ Oregon មាននិស្សិតវៀតណាមជាច្រើនកំពុងសិក្សា និងធ្វើការនៅសាកលវិទ្យាល័យរដ្ឋ និងនៅក្រុមហ៊ុនធំៗលំដាប់ពិភពលោកដែលមានមូលដ្ឋាននៅរដ្ឋ Oregon និងកំពុងធ្វើអាជីវកម្មដោយជោគជ័យនៅវៀតណាម។

គណៈប្រតិភូក៏បាននិយាយផងដែរថា បច្ចុប្បន្នមានតំណាងរាស្រ្តនៃរដ្ឋគឺមានដើមកំណើតវៀតណាមចំនួន ៥ នាក់នៅក្នុងសភារដ្ឋ Oregon និងជាចៅក្រមដើមកំណើតវៀតណាមផងដែរ តាមរយៈនោះបានបង្ហាញពីកិត្យានុភាព និងតួនាទីរបស់សហគមន៍វៀតណាមក្នុងរដ្ឋ Oregon ហើយមានបំណងចង់ជំរុញការផ្លាស់ប្តូរ និងសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។ តំណាងរដ្ឋ Oregon បាននិយាយថា មជ្ឈមណ្ឌលវប្បធម៌វៀតណាមនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះនៅរដ្ឋ Oregon។

* នារសៀលថ្ងៃដដែល នៅទីក្រុង San Francisco លោក Pham Minh Chinh បានទទួលជួបគណៈប្រតិភូអ្នកនយោបាយមកពីទីក្រុង San Francisco Bay Area រដ្ឋ California ដឹកនាំដោយលោកស្រី Sheng Thao អភិបាលក្រុង Oakland។

ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី មានសេចក្តីសោមនស្សរីករាយជូនដំណឹងថា វៀតណាម និងអាមេរិកទើបតែបានលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Joe Biden ប្រធានាធិបតីអាមេរិក។ ប្រទេសទាំងពីរបន្តជំរុញទំនាក់ទំនងអភិវឌ្ឍជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

លោកស្រី Sheng Thao បាននិយាយថា តំបន់ San Francisco Bay មានសហគមន៍ជនជាតិវៀតណាមដ៏ធំមួយ ដែលទទួលបានការគាំទ្រ និងការសម្របសម្រួលដោយអាជ្ញាធររដ្ឋ និងទីក្រុងនានា។ លោកស្រី Sheng Thao ក៏បានបង្ហាញពីបំណងចង់ស្វែងរកឱកាសសហប្រតិបត្តិការជាមួយធុរកិច្ចវៀតណាម ដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅសហរដ្ឋអាមេរិក រួមទាំងក្រុមហ៊ុនរថយន្ត Vinfast ផងដែរ។

លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរីករាយចំពោះវឌ្ឍនភាពជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហរដ្ឋអាមេរិកនិយាយរួម និងបណ្តាមូលដ្ឋាននៅតំបន់ឈូងសមុទ្រ San Francisco ជាដោយឡែក។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលស្វាគមន៍ និងផ្តល់នូវក្តីស្រឡាញ់នៃគ្រួសារជូនចំពោះអាណិកជនត្រឡប់ទៅស្រុកកំណើតវិញ។

* ក៏នាថ្ងៃទី១៨ ខែកញ្ញា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានទៅទស្សនា និងពិភាក្សានៅសាកលវិទ្យាល័យ San Francisco (USF)៕

បកប្រែដោយ Minh Trung