ក្នុងរយៈពេល ២៨ ឆ្នាំបន្ទាប់ពីការបង្កើតទំនាក់ទំនងការទូត និង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ ទំនាក់ទំនងវៀតណាម-អាមេរិក បានអភិវឌ្ឍយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងទូលំទូលាយលើគ្រប់វិស័យ ទាំងកម្រិតទ្វេភាគី តំបន់ និងអន្តរជាតិ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក។

មូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិកគឺការបញ្ជាក់ពីគោលការណ៍ជាមូលដ្ឋានរបស់ភាគីទាំងពីរនោះគឺ៖ គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី របបនយោបាយ កិច្ចសហប្រតិបត្តិការប្រកបដោយសមភាព និងផលប្រយោជន៍ទៅវិញទៅមក ដោយឈរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

leftcenterrightdel
ទំនាក់ទំនងវៀតណាម-អាមេរិកអភិវឌ្ឍយ៉ាងស៊ីជម្រៅ ជាក់ស្តែង

ដោយឈរលើមូលដ្ឋាននោះ វៀតណាម និងអាមេរិកបន្តបង្កើនទំនាក់ទំនងលើវិស័យនយោបាយ និងការទូត តាមរយៈដំណើរទស្សនកិច្ចគ្រប់លំដាប់ថ្នាក់រវាងប្រទេសទាំងពីរ តាមនោះ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងជម្រុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅ។ ដំណើរទស្សនកិច្ច ជំនួប ការផ្លាស់ប្តូរ និងកិច្ចសន្ទនាតាមទូរស័ព្ទរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក សមភាព និងគោរពឯករាជ្យភាព និងអធិបតេយ្យភាព និងរបបនយោបាយរបស់គ្នាទៅវិញទៅមក។

ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មត្រូវបានចាត់ទុកជាវិស័យទទួលបានជោគជ័យបំផុតនៃកិច្ចសហប្រតិបត្តិការ ហើយក្លាយជាសសរស្ដម្ភ មូលដ្ឋានគ្រឹះ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកគឺជាដៃគូពាណិជ្ជកម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាទីផ្សារនាំចេញដំបូងរបស់វៀតណាមដែលទំហំសម្រេចបានជាង ១០០ ពាន់លានដុល្លារអាមេរិក។ ទាក់ទងនឹងការវិនិយោគ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកតែងតែជាវិនិយោគិនបរទេសធំជាងគេនៅវៀតណាម។ នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកគឺជាវិនិយោគិនបរទេសធំជាងគេទី ១១ ក្នុងចំណោមប្រទេសទាំង១០៨ ដែលវិនិយោគនៅវៀតណាមជាមួយនឹងទម្រង់វិនិយោគសម្បូរបែប។ ទន្ទឹមនឹងនោះ ឥឡូវនេះ វៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោក។

កិច្ចសហប្រតិបត្តិការលើបញ្ហាមនុស្សធម៌ និងការជំនះផលវិបាកនៃសង្គ្រាមបន្តជាអាទិភាពក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ហើយសម្រេចបានលទ្ធផលជាក់លាក់ជាច្រើន។ មកទល់ពេលនេះ ស្ថាប័នពាក់ព័ន្ធរបស់វៀតណាមក៏បានសម្របសម្រួលស្វែងរក កំណត់អត្តសញ្ញាណ និងប្រគល់អដ្ឋិធាតុយោធិនអាមេរិកចំនួន ៧៣៣ អដ្ឋិធាតុដែលបាត់ខ្លួនក្នុងសង្គ្រាម។

នាពេលថ្មីៗនេះ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើន តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល និងការផ្ទេរបច្ចេកវិទ្យា។ កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល និងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ ក្រោយជំងឺរាតត្បាត Covid-19 នៅតែបន្តជាចំណុចភ្លឺគួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុងការជួយគ្នាទៅវិញទៅមកនូវឧបករណ៍វេជ្ជសាស្ត្រ ការទទួលបានវ៉ាក់សាំង និងការចែករំលែកបទពិសោធន៍ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាល និងការការពារប្រជាពលរដ្ឋ។

ចំពោះកិច្ចសហប្រតិបត្តិការក្នុងបញ្ហាតំបន់ និងអន្តរជាតិ ភាគីទាំងពីរបង្កើនការសម្របសម្រួលនៅវេទិកាតំបន់ និងបញ្ហាជាសកល ជាពិសេសនៅពេលដែលវៀតណាមដើរតួនាទីជាប្រធានអាស៊ាន និងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Joe Biden ប្រធានាធិបតីអាមេរិកទៅកាន់ប្រទេសវៀតណាម បង្ហាញពីការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះវៀតណាម។ នេះក៏ជាដំណើរទស្សនកិច្ចលើកទីមួយដែលទាំងប្រធានាធិបតី និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងមួយអាណត្តិ។

ការដែលវៀតណាមទទួលស្វាគមន៍លោក Joe Biden បំពេញទស្សនកិច្ចផ្លូវរដ្ឋ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអនុវត្តគោលនយោបាយកិច្ចការបរទេសនៃមហាសន្និបាតលើកទី១៣ របស់បក្ស ហើយជំរុញឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីជាមួយដៃគូ ព្រមទាំង បង្កើនការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទន្ទឹមនឹងនោះ ក៏អះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងជាមួយអាមេរិក និងមានបំណងចង់បន្តជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរតាមទិសដៅនៃកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងលើពិភពលោក។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Joe Biden នឹងបន្តរួមចំណែកក្នុងការកសាង និងបង្កើនជំនឿទុកចិត្តខាងនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ជម្រុញទំនាក់ទំនងវៀតណាម-អាមេរិកឲ្យកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាពថែមទៀត៕

បកប្រែដោយ Thuy Anh