នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកប្រធានរដ្ឋវៀតណាមនៅប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីរយៈពេល ៩ ឆ្នាំ ព្រមទាំងជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំវៀតណាមនៅប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីមហាសន្និបាតបក្សលើកទី១៣ ក៏ដូចជាក្រោយជំងឺ Covid-19។

leftcenterrightdel
លោក Nguyen Xuan Phuc ប្រធានរដ្ឋ (រូបថត៖ vnanet.vn)

រយៈពេលជិត ៧ ទសវត្សរ៍មុន ពោលគឺនាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៥ ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាប្រទេសដំបូងនៅអាស៊ីអាគ្នេយ៍ដែលបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយវៀតណាម។ នៅឆ្នាំ១៩៥៩ ដំណើរទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី របស់លោកប្រធានហូជីមិញ និងដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Sukarno ប្រធានាធិបតីក្នុងឆ្នាំដដែលបានចាក់គ្រឹះយ៉ាងរឹងមាំសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងវៀតណាម-ឥណ្ឌូណេស៊ី បានឈានដល់កម្ពស់ថ្មីមួយនៅពេលដែលប្រទេសទាំងពីរដំឡើងទំនាក់ទំនងទ្វេភាគីទៅជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន វៀតណាមនៅតែជាដៃគូយុទ្ធសាស្ត្រតែមួយគត់របស់ឥណ្ឌូនេស៊ីនៅអាស៊ីអាគ្នេយ៍។

ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងឥណ្ឌូនេស៊ី ដែលបង្កើតឡើងដោយលោកប្រធានហូជីមិញ និងលោក Sukarno ប្រធានាធិបតី ត្រូវបានពូនជ្រំដោយឥតឈប់ឈរដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ ហើយកំពុងរីកចម្រើនយ៉ាងទូលំទូលាយ។

ក្នុងអំឡុងការវិវឌ្ឍយ៉ាងស្មុគស្មាញនៃជំងឺរាតត្បាត Covid-19 វៀតណាម និងឥណ្ឌូនេស៊ីនៅតែរក្សាជំនួបជាន់ខ្ពស់ជាច្រើន ហើយរៀបចំកិច្ចប្រជុំលើកទី ៤ នៃគណៈកម្មាធិការសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរប្រកបដោយជោគជ័យ។ វៀតណាម និងឥណ្ឌូណេស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន រួមទាំងកម្មវិធីធ្វើសកម្មភាពអនុវត្តទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០១៩-២០២៣។ ក្នុងនោះ ឥណ្ឌូណេស៊ីជាដៃគូពាណិជ្ជកម្មធំទី៣ របស់វៀតណាមក្នុងអាស៊ាន ហើយវៀតណាមជាដៃគូពាណិជ្ជកម្មធំទី៤ របស់ឥណ្ឌូនេស៊ីក្នុងអាស៊ាន។ នៅឆ្នាំ២០២១ ជាលើកទីមួយ ដែលទំហំពាណិជ្ជកម្មទ្វេភាគីលើសពីគោលដៅ ១០ ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលប្រទេសទាំងពីរកំណត់នៅពេលឈានដល់ ១១.៥ ពាន់លានដុល្លារអាមេរិក។ ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីក៏បានឈានដល់ ១១.៦ ពាន់លានដុល្លារអាមេរិកផងដែរ។

ទន្ទឹមនឹងនោះ ឥណ្ឌូណេស៊ីជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់ដែលបង្កើតទំនាក់ទំនងលើវិស័យការពារជាតិ និងសន្តិសុខដំបូងបំផុតជាមួយវៀតណាម។ ភាគីទាំងពីរកំពុងអនុវត្តសេចក្តីថ្លែងការណ៍ស្ដីពីចក្ខុវិស័យរួមស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដំណាក់កាល ២០១៧-២០២២ ហើយចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខក្នុងក្របខ័ណ្ឌអាស៊ាន។ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ កសិកម្ម នេសាទ ថាមពល យុត្តិធម៌ ជាដើម ក៏ត្រូវបានជំរុញដោយវៀតណាម និងឥណ្ឌូនេស៊ី តាមរយៈកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នាផងដែរ។ វៀតណាម និងឥណ្ឌូនេស៊ី ក៏បានសហការយ៉ាងជិតស្និទ្ធជាមួយគ្នានៅវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន។ ចាប់តាំងពីវៀតណាមបានចូលជាសមាជិកអាស៊ាន ទំនាក់ទំនងរវាងប្រទេសទាំងពីរអភិវឌ្ឍកាន់តែខ្លាំងឡើង។

ក្នុងបរិបទនៃប្រទេសទាំងពីរឆ្ពោះទៅប្រារព្ធខួបលើកទី១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ២០២៣ ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសឥណ្ឌូនេស៊ី របស់លោក Nguyen Xuan Phuc ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបង្ហាញពីការយកចិត្តទុកដាក់ និងបំណងចង់បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរក្នុងអាស៊ាន ចូលរួមចំណែកពង្រីកជំនឿទុកចិត្តផ្នែកនយោបាយ ជម្រុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការពហុភាគី ពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែជាក់ស្ដែង និងមានប្រសិទ្ធភាព៕

បកប្រែដោយ Thuy Anh