ការអនុវត្តជាក់ស្តែងនូវអនុសញ្ញាក្នុងជីវភាពអន្តរជាតិបានបង្ហាញថា UNCLOS 1982 គឺជាយន្តការដ៏មានប្រសិទ្ធភាពមួយសម្រាប់ដំណោះស្រាយរាល់ជម្លោះនៅសមុទ្រដោយសន្តិវិធី។

និយាយអំពីសារៈសំខាន់នៃ UNCLOS 1982 លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានអះអាងថា អនុសញ្ញានេះឆ្លុះបង្ហាញខ្ពស់បំផុតនូវ ទម្លាប់អន្តរជាតិ និងការអភិវឌ្ឍ ការរីកចម្រើននៃច្បាប់អន្តរជាតិក្នុងដែនសមុទ្រ។ ដោយឈរលើគោលការណ៍ “ដីត្រួតត្រាលើសមុទ្រ” បានជា UNCLOS 1982 ជាលើកដំបូងបានដាក់ចេញនូវនិយមន័យដែលកំណត់តំបន់ខ្ពង់រាបបាតសមុទ្រ ដែនសមុទ្រ តំបន់ជាប់គ្នា តំបន់សេដ្ឋកិច្ចផ្តាច់មុខ តំបន់សមុទ្រអន្តរជាតិ។ល។ តាមរយៈនោះកំណត់នូវអធិបតេយ្យភាពសេដ្ឋកិច្ច និងយុត្តាធិការនៃប្រទេសមានឆ្នេរសមុទ្រ។

មាត្រា ៨៧ នៃអនុសញ្ញាចែងច្បាស់ថា “សមុទ្រត្រូវបានបើកចំហសម្រាប់គ្រប់ជាតិសាសន៍ មិនថាប្រទេសមាន ឬ គ្មានសមុទ្រ” រួមជាមួយនឹងនិយមន័យនៃបាតសមុទ្រថា ជាមរតករួមរបស់មនុស្សជាតិ។ UNCLOS ឆ្នាំ 1982 ក៏ជាមូលដ្ឋានសម្រាប់ភាគីនានាបន្តការចរចាលើក្របខណ្ឌច្បាប់ធ្វើវិសោធនកម្មស្តីពីការអភិរក្ស និងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាពនូវជីវចម្រុះនៅក្នុងសមុទ្រដែលស្ថិតក្រៅយុត្តាធិការរបស់គ្រប់ប្រទេស។ ក្រមប្រតិបត្តិការសម្រាប់រាល់សកម្មភាពសមុទ្រ និងមហាសមុទ្រដែលមានចែងក្នុង UNCLOS 1982 ក៏ជួយបង្កើត និងជំរុញយន្តការសម្រាប់ការគ្រប់គ្រង ការអភិរក្សធនធានសមុទ្រ និងការពារបរិស្ថានសមុទ្រប្រកបដោយភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពដោយផ្អែកលើប្រព័ន្ធអេកូឡូស៊ី។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao សមាជិកនៃគណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (UN) សម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៧

ការរួមចំណែកដ៏ធំបំផុតមួយនៃ UNCLOS 1982 គឺការបង្កើតយន្តការថ្មីដ៏មានប្រសិទ្ធភាពមួយសម្រាប់ការដោះស្រាយជម្លោះដែនសមុទ្រ។ យោងតាមលោកឯកអគ្គរដ្ឋទូត គឺ UNCLOS 1982 បានដាក់មូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយជម្លោះដែនសមុទ្រពីការកំណត់ព្រំដែនសមុទ្រ ជម្លោះពីការនេសាទ ការធ្វើនាវាចរណ៍ ការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ ការដាក់ខ្សែកាបក្រោមបាតសមុទ្រ និងបំពង់បង្ហូរប្រេង រហូតដល់ជម្លោះប្រតិបត្តិការសមុទ្រផ្សេងទៀត។

មកទល់ពេលនេះ ប្រហែលមួយភាគបីនៃតំបន់សមុទ្រត្រួតស៊ីគ្នាចំនួន ៥០០ ត្រូវបានដោះស្រាយ។ ជាលើកដំបូង យន្តការដោះស្រាយវិវាទមានលក្ខណៈបង្ខំតាមរយៈការសម្របសម្រួល និងមជ្ឈត្តកម្មត្រូវបានអនុម័ត និងអនុវត្តតាមស្ថានភាពជាក់ស្តែង។ អនុសញ្ញាគឺជាលក្ខន្តិកៈបង្កើតអង្គការអន្តរជាតិដាច់ដោយឡែកពីគ្នាអំពីសមុទ្រ ដូចជា តុលាការអាជ្ញាកណ្តាលអន្តរជាតិច្បាប់សមុទ្រ (ITLOS) គណៈកម្មាធិការដែនកំណត់នៃខ្ពង់រាបបាតសមុទ្រ (CICS) និងអាជ្ញាធរអំណាចនៅបាតមហាសមុទ្រ។ ទីភ្នាក់ងារ ស្ថាប័នទាំងនេះបានរួមចំណែកក្នុងការរក្សាការអនុលោមតាមបទប្បញ្ញត្តិនៃអនុសញ្ញានេះនៅបណ្តាតំបន់សមុទ្រពិសេស។

លោកឯកអគ្គរដ្ឋទូត Nguyen Hong Thao បានឲ្យដឹងថាក្នុងស្មារតីគោរពតាមបទប្បញ្ញត្តិនៃអនុសញ្ញា វៀតណាមជាប្រទេសជោគជ័យបំផុតក្នុងតំបន់ក្នុងការដោះស្រាយជម្លោះដែនសមុទ្រដោយប្រើបណ្តាឧបករណ៍ចម្រុះបំផុត។ វៀតណាមបានអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវគោលការណ៍ភាពយុត្តិធម៌ក្នុងការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ និងខ្ពង់រាបបាតសមុទ្រជាមួយប្រទេសថៃក្នុងឆ្នាំ ១៩៩៧,  ឈូងសមុទ្រតុងកឹងជាមួយប្រទេសចិនក្នុងឆ្នាំ ២០០០,  កំណត់តំបន់ខ្ពង់រាបបាតសមុទ្រជាមួយឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០០៣,  របៀបនៃកិច្ចសហប្រតិបត្តិការ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការធ្វើអាជីវកម្មរួមគ្នាលើវិស័យនេសាទជាមួយចិននៅឈូងសមុទ្រតុងកឹង ២០០៤,  ជាមួយម៉ាឡេស៊ីឆ្នាំ ១៩៩៥, ជាមួយកម្ពុជានៅឆ្នាំ ១៩៨២ និងកំពុងបន្តចរចាដើម្បីដោះស្រាយការកំណត់ព្រំដែនសមុទ្រនៅតំបន់ក្រៅមាត់ឈូងសមុទ្រខាងជើង ឬ កំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខជាមួយឥណ្ឌូនេស៊ី។

វៀតណាមគាំទ្រយុត្តាធិការរបស់តុលាការអាជ្ញាកណ្តាលដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី VII នៃអនុសញ្ញាក្នុងករណីហ្វីលីពីនប្រឆាំងនឹងចិននៅសមុទ្រខាងកើតក្នុងឆ្នាំ ២០១៦ ហើយបានបង្ហាញឆន្ទៈក្នុងការអនុវត្តរាល់វិធានការដើម្បីដោះស្រាយជម្លោះដែនសមុទ្រដោយសន្តិវិធីនៅសមុទ្រខាងកើតជាមួយប្រទេសជិតខាង។ រាល់បទប្បញ្ញត្តិ និងស្មារតីនៃអនុសញ្ញាឆ្នាំ ១៩៨២ ក៏បង្ហាញឱ្យឃើញច្បាស់ក្នុងដំណើរការបង្កើត និងអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងដំណើរការចរចានៃក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC)។

វៀតណាមនិងអាល្លឺម៉ង់បានសហការបង្កើតសម្ព័ន្ធមិត្ត UNCLOS 1982 នៅខែមិថុនា ឆ្នាំ ២០២១។ គំនិតផ្តួចផ្តើមនេះត្រូវបានសហការឧបត្ថម្ភដោយប្រទេសចំនួន ១០ ផ្សេងទៀត ហើយមកដល់បច្ចុប្បន្នមានប្រទេសចូលរួមជិត ១០០។ យោងតាមលោកឯកអគ្គរដ្ឋទូត Nguyen Hong Thao សម្ព័ន្ធមិត្តនៃ UNCLOS 1982 នឹងជួយឆ្លុះបង្ហាញឱ្យឃើញពីទស្សនៈកាន់តែទូលំទូលាយអំពី UNCLOS ពីគ្រប់ទីតាំងជុំវិញពិភពលោក។ ក្របខណ្ឌនេះនឹងជួយប្រទេសនានាយល់អំពីនិន្នាការ ពង្រាយកម្លាំង និងប្រយុទ្ធដើម្បីតម្លៃផ្លូវច្បាប់ដ៏ត្រឹមត្រូវដែល UNCLOS នាំយកមក៕

បកប្រែដោយ Minh Trung