ទីភ្នាក់ងារព័ត៌មានស៊ីនហួរ បានផ្សាយថា លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានប្រគល់គ្រឿងឥស្សរិយយសមេត្រីភាពនៃសាធារណរដ្ឋប្រជាមានិតចិន ជូនលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម នៅក្នុងពិធីដ៏ឧឡារិកមួយនៅឯមហាសាលប្រជាជននៅទីក្រុងប៉េកាំង។ ទីភ្នាក់ងារសារព័ត៌មានស៊ីនហ៊ួរ បានដកស្រង់សម្តីរបស់លោក Xi Jinping ដែលបាននិយាយថា គ្រឿងឥស្សរិយយសមេត្រីភាព នេះបង្ហាញពីសេចក្តីស្រឡាញ់របស់ប្រទេស និងប្រជាជនចិនជូនចំពោះលោក Nguyen Phu Trong អគ្គលេខាបក្ស ក៏ដូចជាប្រជាជនវៀតណាម នេះជាសក្ខីភាពនៃទំនាក់ទំនងមិត្តភាពដ៏ជ្រាលជ្រៅរវាងចិន និងវៀតណាម។

បន្ទាប់ពីពិធីប្រគល់ មេដឹកនាំទាំងពីរបានពិសារទឹកតែជាមួយគ្នា និងពិភាក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីក៏ដូចជាទស្សនវិស័យអភិវឌ្ឍន៍របស់ភាគីទាំងពីរ។ យោងតាមស៊ីនហួ ពិធីទទួលបដិសណ្ឋារកិច្ចជូនលោក Nguyen Phu Trong អគ្គលេខាបក្ស បន្ទាប់ពីមហាសន្និបាតជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិន បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងពិសេស “ជាសមមិត្តផង និងជាបងប្អូនផង” ចិន-វៀតណាម និងការគោរពចំពោះទំនាក់ទំនង មិត្តភាពប្រពៃណីរបស់ប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Nguyen Phu Trong និងលោក Xi Jinping ពិភាក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណី ក៏ដូចជាទស្សនវិស័យអភិវឌ្ឍន៍របស់ភាគីទាំងពីរ (រូបថត៖ vnanet.vn)

កាសែត People's Daily ដែលជាស្ថាប័ននាំពាក្យ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានផ្សាយថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មានជំនួបជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីចិន។ នៅក្នុងជំនួបនេះ លោក Li Keqiang បានសង្កត់ធ្ងន់ថា ចិន និងវៀតណាម គឺជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលមានផលប្រយោជន៍រួមយ៉ាងទូលំទូលាយ។ ចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រីកទំនាក់ទំនងជាមួយវៀតណាម មានបំណងចង់ធ្វើការជាមួយវៀតណាមដើម្បីអនុវត្តឱ្យបានល្អនូវរាល់សមិទ្ធផល និងការប្តេជ្ញាចិត្តរួមដែលភាគីទាំងពីរសម្រេចបាន។ ប្រទេសចិនមានឆន្ទៈក្នុងការនាំចូលផលិតផលកសិកម្មកាន់តែច្រើនពីវៀតណាមដែលអាចប្រើប្រាស់បាននៅក្នុងទីផ្សារចិន ហើយរួមគ្នារក្សាពាណិជ្ជកម្មព្រំដែនចិន-វៀតណាម ដោយរលូន។

លើកឡើងអំពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong លោក Somsavat Lengsavad អតីតសមាជិកការិយាល័យនយោបាយ និងជាអតីតឧបនាយករដ្ឋមន្ត្រីឡាវ បាននិយាយថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ណាស់មិនត្រឹមតែសម្រាប់វៀតណាម និងចិន ប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុព្វហេតុសង្គមនិយមលើពិភពលោក។ មហាសន្និបាតលើកទី២០ របស់បក្សកុម្មុយនិស្តចិនទើបតែបានបញ្ចប់ដោយជោគជ័យ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន បានអញ្ជើញលោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម មកបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន។ នោះបង្ហាញពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដំណើរទស្សនកិច្ចនេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំបក្សទាំងពីរផ្លាស់ប្តូរបទពិសោធន៍អំពីរបៀបកសាងសង្គមនិយម។

យោងតាមអតីតឧបនាយករដ្ឋមន្ត្រីឡាវ គឺព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងបរិបទនៃស្ថានការណ៍ពិភពលោកដ៏ស្មុគស្មាញនោះ ដំណើរទស្សនកិច្ចនេះគឺជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរបទពិសោធន៍លើការកសាងបក្ស ពង្រឹងជំនឿទុកចិត្តខាងនយោបាយដោយហេតុនេះជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗទៀត។

វាយតម្លៃពីលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសចិនរបស់លោក Nguyen Phu Trong លោកសាស្ត្រាចារ្យ Yang Dan Zhi ជំនួយការនាយកវិទ្យាស្ថានសិក្សាអាស៊ី-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រសកល នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានអះអាងថា ដំណើរទស្សនកិច្ចពិតជាមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ទន្ទឹមនឹងនោះគឺជួយពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីក្នុងយុគសម័យថ្មីថែមទៀត។ លោកសាស្ត្រាចារ្យ Yang Dan Zhi បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះ ទាំងជា “ត្រីវិស័យ” សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម នាពេលអនាគត តែក៏ជាការចាប់ផ្តើមបង្កើតមូលដ្ឋានគ្រឹះដ៏ល្អប្រសើរ និងខ្ពស់សម្រាប់ជំរុញការអភិវឌ្ឍទំនាក់ទំនងចិន-វៀតណាម។ លោកសាស្ត្រាចារ្យ Yang Dan Zhi បានសង្កត់ធ្ងន់ថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាជាច្រើនក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងស៊ីជម្រៅ និងទូលំទូលាយ។ ក្នុងបរិបទនៃការផ្លាស់ប្តូរស្ថានភាពពិភពលោកជាមួយនឹងហានិភ័យ និងបញ្ហាប្រឈមថ្មីៗជាច្រើន ទំនាក់ទំនងរវាងវៀតណាម និងចិនមានចំណុចចាប់ផ្តើមថ្មី។ បន្ទាប់ពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម និងមហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិន ភាគីទាំងពីរចាំបាច់ត្រូវលើកដំកើង និងលើកកំពស់គុណភាពនៃទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ៕

បកប្រេដោយ Minh Trung