ក្នុងរយៈពេល ៧៥ ឆ្នាំនៃការអភិវឌ្ឍចាប់តាំងពីការបង្កើតឡើងនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ១៩៤៥ រហូតមកដល់សព្វថ្ងៃនេះ អង្គការសហប្រជាជាតិបានក្លាយជាអង្គការសកលលោកទូលំទូលាយបំផុតដោយមានការចូលរួមពីប្រទេសឯករាជ្យស្ទើរតែទាំងអស់នៅលើភពផែនដី ហើយតួនាទី និងសកម្មភាពក៏ត្រូវបានពង្រីកលើគ្រប់ទិដ្ឋភាពផងដែរ។ ពីសមាជិកចំនួន ៥១ ប្រទេសប៉ុណ្ណោះ បច្ចុប្បន្នអង្គការសហប្រជាជាតិមានប្រទេសជាសមាជិករហូតដល់ ១៩៣ ហើយនិងបានក្លាយជាប្រព័ន្ធគ្រប់ជ្រុងជ្រោយមួយដែលប្រតិបត្តិការលើគ្រប់វិស័យ ចាប់ពីការដោះស្រាយជម្លោះ ការទប់ស្កាត់ជម្លោះ រហូតដល់ការរំសាយអាវុធ ការប្រយុទ្ធប្រឆាំងភេរវកម្ម ការការពារជនភៀសខ្លួន ការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាដើម។

leftcenterrightdel
កងទ័ពវៀតណាមចូលរួមយ៉ាងសកម្មក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

ជាមួយនឹងសមិទ្ធិផលសំខាន់ៗដែលសម្រេចបានទាំងនេះ អង្គការសហប្រជាជាតិត្រូវបានទទួលស្គាល់ដោយសហគមន៍អន្តរជាតិថា ជាអង្គការពិភពលោកមួយដែលដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតនយោបាយអន្តរជាតិ និងជាគ្រឹះដែលមិនអាចខ្វះបានសម្រាប់ពិភពលោកមួយប្រកបដោយសន្តិភាព វិបុលភាព និងកាន់តែរុងរឿង និងយុត្តិធម៌។ ការចូលរួមវិភាគទានសំខាន់ៗរបស់អង្គការសហប្រជាជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះរួមមានវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ការអភិវឌ្ឍ ការធានានិងការលើកកម្ពស់សិទ្ធិមនុស្ស  ការពង្រឹងច្បាប់អន្តរជាតិ ...

នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ១៩៧៧ ប្រទេសវៀតណាម បានចូលជាសមាជិកអង្គការសហប្រជាជាតិជាផ្លូវការ។ កិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការសហប្រជាជាតិក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកបានរួមចំណែកការពារ និងលើកស្ទួយផលប្រយោជន៍ជាតិ ជាពិសេសក្នុងការថែរក្សា និងការពង្រឹងបរិយាកាសសន្តិភាព សន្តិសុខ និងអំណោយផលសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិ ការលើកកម្ពស់ការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅ ការជំរុញជំហរ និងរូបភាពរបស់​វៀត​ណាមនៅលើឆាកអន្តរជាតិ ការធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងរបស់វៀតណាមជាមួយបណ្តាប្រទេសដៃគូសំខាន់ៗ និងមិត្តភក្តិដោយទទួលបានផលប្រយោជន៍ពីគ្រប់ប្រភពធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ម៉្យាងវិញទៀត តាមរយៈការចូលរួមវិភាគទានប្រកបដោយសកម្ម និងកាន់តែជាក់ស្តែងចំពោះសកម្មភាពរបស់អង្គការសហប្រជាជាតិ ប្រទេសវៀតណាមត្រូវបានអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិចាត់ទុកជាគំរូជោគជ័យមួយក្នុងការអនុវត្តនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ និងជាប្រទេសមួយដែលបានប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។ លើសពីនេះទៀត រួមចំណែកដល់ការលើកកម្ពស់គំនិតផ្តួចផ្តើមអំពីកំណែទម្រង់របស់អង្គការសហប្រជាជាតិ។ ការចូលរួមវិភាគទានទាំងនេះគឺជាមូលដ្ឋានសម្រាប់វៀតណាមត្រូវបានប្រទេសនានាជឿទុកចិត្ត និងគាំទ្របោះឆ្នោតឲ្យកាន់តួនាទីនៅទីភ្នាក់ងារសំខាន់ៗជាច្រើនរបស់អង្គការសហប្រជាជាតិ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមករា ឆ្នាំ២០២០ ប្រទេសវៀតណាមបានបញ្ចប់យ៉ាងល្អនូវការងារគ្រប់គ្រង ការដឹកនាំសកម្មភាព និងការដែលតំណាងឲ្យក្រុមប្រឹក្សាសន្តិសុខក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេស  និងទីភ្នាក់ងារនៃអង្គការសហប្រជាជាតិ និងអង្គការនានាទាំងក្នុងតំបន់ និងអន្តរជាតិ និងសារព័ត៌មានផងដែរ។ ប្រទេសវៀតណាមក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងដិតដាមជាមួយនឹងការរៀបចំព្រឹត្តិការណ៍ចំនួនពីរគឺ ៖ ការពិភាក្សាបើកទូលាយរបស់ក្រុមប្រឹក្សាសន្តិសុខក្រោមប្រធានបទ “ការលើកកម្ពស់ការអនុលោមតាមធម្មនុញ្ញក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” ដែលក្រោមការដឹកនាំដោយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh និងកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអង្គការសហប្រជាជាតិដែលជាលើកដំបូងនៅក្រុមប្រឹក្សាសន្តិសុខ។

លើសពីនេះ ក្នុងនាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសវៀតណាមបានចូលរួមក្នុងការងាររួមរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក្នុងស្មារតីឯករាជ្យ ស្វ័យភាព សកម្ម មានការទទួលខុសត្រូវ និងមានតុល្យភាព ហើយបានបង្ហាញយ៉ាងច្បាស់អំពីជំហរគាំទ្រ និងការគោរពតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្ដរជាតិក្នុងការស្វែងរកដំណោះស្រាយចំពោះគ្រប់ជម្លោះទាំងអស់ក្នុងតំបន់ និងអន្តរជាតិតាមរយៈការចរចា និងការសម្របសម្រួលដោយសន្តិវិធី ព្រមទាំងលើកកម្ពស់ការខំប្រឹងប្រែង និងបទពិសោធន៍របស់វៀតណាមក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ និងការធ្វើសមាហរណកម្មអន្តរជាតិ និងតំបន់។

ក្រៅពីនេះ ឆ្លៀតឱកាសបានល្អនៃការដើរតួនាទីពីរក្នុងពេលតែមួយ ពោលគឺជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ និងជាប្រធានអាស៊ាននៅឆ្នាំ ២០២០ វៀតណាមបានរៀបចំយ៉ាងល្អកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្ដិសុខស្ដីពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន ហើយជារឿយៗសង្កត់ធ្ងន់លើតួនាទីរបស់បណ្តាអង្គការក្នុងការជួយដោះស្រាយបញ្ហានានានៃតំបន់។ ប្រទេសវៀតណាមក៏បានផ្តោតសំខាន់លើការលើកកម្ពស់បញ្ហា និងប្រធានបទមួយចំនួនដែលទទួលបានការយកចិត្តទុកដាក់ និងការគាំទ្រពីបណ្តាប្រទេសសមាជិកជាច្រើនចំពោះការលើកកម្ពស់តួនាទី និងការចូលរួមរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខ ដោយរួមមាន ៖ ការជំនះនូវផលវិបាកនៃគ្រាប់បែកមីនសម្រាប់ការស្ថាបនាឡើងវិញក្រោយជម្លោះប្រដាប់អាវុធ, ការការពារជនស៊ីវិលក្នុងជម្លោះប្រដាប់អាវុធ , ការការពារសន្តិសុខ និងការប្រែប្រួលអាកាសធាតុ, បញ្ហាស្ត្រី សន្តិភាព និងសន្តិសុខ, កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអង្គការនានាក្នុងតំបន់ និងអនុតំបន់, បញ្ហាកុមារ និងបញ្ហាជម្លោះប្រដាប់អាវុធ, សកម្មភាពថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។ល។

ជារៀងរាល់ខែកញ្ញា ប្រចាំឆ្នាំ ប្រមុខដឹកនាំនៃប្រទេសជាសមាជិកអង្គការសហប្រជាជាតិបានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមកិច្ចប្រជុំពិភាក្សានៃកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ នៅឆ្នាំនេះ ដោយសារផលប៉ះពាល់ដ៏ស្មុគស្មាញនៃរោគរាតត្បាត Covid-19 បានជាសប្តាហ៍កិច្ចប្រជុំជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ ត្រូវបានធ្វើឡើងក្នុងទម្រង់រួមបញ្ចូលគ្នា។ ដូច្នោះ មេដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសត្រូវបានអញ្ជើញឱ្យថតវីដេអូថ្លែងសុន្ទរកថាដើម្បីចាក់ផ្សាយនៅសាលប្រជុំនៃមហាសន្និបាត ឬ តំណាងប្រទេសដែលមានវត្តមាននឹងថ្លែងមតិដោយផ្ទាល់នៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅញូវយ៉ក តែម្តង។ អនុវត្តតាមកម្មវិធីទំនាក់ទំនងការបរទេសនៅឆ្នាំ ២០២០ នោះ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមនឹងចូលរួមសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥  ក្រោមទម្រង់នៃការថតវីដេអូថ្លែងមតិ។ តាមការគ្រោងទុកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong , នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc, ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Pham Binh Minh នឹងផ្ញើសារទៅព្រឹត្តិការណ៍នេះ។

យើងជឿជាក់យ៉ាងមុតមាំថា សប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ នឹងទទួលបានជោគជ័យដ៏ធំធេង រួមចំណែកបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមចំពោះពហុភាគីនិយម និងបើកទិសដៅប្រកបដោយប្រសិទ្ធភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងជាសកលនាពេលបច្ចុប្បន្នរបស់អង្គការសហប្រជាជាតិនៅក្នុងវិស័យជាច្រើន។ ការចូលរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមក្នុងព្រឹត្តិការណ៍នេះក៏បង្ហាញពីការគាំទ្រ និងការវាយតម្លៃខ្ពស់របស់វៀតណាមចំពោះតួនាទីរបស់អង្គការសហប្រជាជាតិ និងបំណងចង់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបន្តធ្វើជាសមាជិកមានការទទួលខុសត្រូវ និងការរួមចំណែកយ៉ាងសកម្ម ជាក់ស្តែងដល់គ្រប់សកម្មភាពរបស់អង្គការសហប្រជាជាតិក៏ដូចជាសហគមន៍អន្តរជាតិផងដែរ៕

បកប្រែដោយ Minh Trung