នៅក្នុងកិច្ចប្រជុំបុកសរុបសកម្មភាពនៅពេលដែលវៀតណាមជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅខែមករា ឆ្នាំ ២០២០ ប្រទេសទាំងឡាយបានទទួលស្គាល់ថា ប្រទេសវៀតណាមបានទទួលតួនាទីដ៏សំខាន់នេះបន្ទាប់ពីការចាប់ផ្តើមអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ២០២០-២០២១ មិនមែនជាបញ្ហាងាយស្រួលទេ។ ប្រទេសវៀតណាមទទួលបានការអបអរសាទរជាច្រើនពីបណ្តាប្រទេសដទៃទៀតដោយបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។

leftcenterrightdel
រូបថតឧទាហរណ៍

វៀតណាមកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងបរិបទពិភពលោក និងតំបន់មានការវិវឌ្ឍដ៏ស្មុគស្មាញ។ ទោះជាយ៉ាងណាក៏ដោយ ក៏ប៉ុន្តែដោយមានការគាំទ្រពីបណ្តាប្រទេសជាសមាជិក វៀតណាមបានឆ្លើយតបយ៉ាងឆាប់រហ័ស និងដោះស្រាយបញ្ហាស្មុគស្មាញដែលកើតមានឡើងដោយភាពរស់រវើក ជំរុញការយល់ព្រមគ្នាដើម្បីក្រុមប្រឹក្សាលើកឡើងសេចក្តីសម្រេចចិត្តសមស្រប។

ក្រឡេកមើលលើមួយខែកន្លងមក វៀតណាមបានប្រតិបត្តិ និងដឹកនាំការងារជាច្រើនយ៉ាងសន្ធឹកសន្ធាប់ដោយមានសកម្មភាពផ្លូវការចំនួន ៣០។ សេចក្តីសម្រេចចិត្ត (ចំនួន១៣) លើបញ្ហានានាដែលបានលើកឡើង មានចំនួនច្រើនបំផុតក្នុងរយៈពេលមួយខែធ្វើការរបស់ក្រុមប្រឹក្សាសន្តិសុខក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។ លទ្ធផលនេះបានបញ្ជាក់ថា វៀតណាមចូលរួមវិភាគទានកាន់តែមានប្រសិទ្ធិភាព និងមានទំនួលខុសត្រូវចំពោះកិច្ចការរួមរបស់សហគមន៍អន្តរជាតិពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឋានៈថ្មីរបស់ខ្លួន វៀតណាមបានចូលរួមយ៉ាងសកម្មក្នុងការផ្តួចផ្តើមគំនិត និងជំរុញបណ្តាគោលដៅរួម។ វៀតណាមបានជ្រើសរើសប្រធានបទអាទិភាព ស្របតាមតម្រូវការបន្ទាន់នៃស្ថានភាពជាក់ស្តែងក្នុងខែជាប្រធាន នោះជាការជំរុញការអនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ វៀតណាមរួមជាមួយបណ្តាប្រទេសជាសមាជិកបានរួមចំណែកក្នុងការជំរុញការអនុលោមតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបញ្ជាក់ជាថ្មីម្តងទៀតនូវសារសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគីក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ប្រទេសវៀតណាមក៏ត្រូវបានប្រទេសផ្សេងទៀតទទួលស្គាល់ផងដែរថា បានបង្កើតរបៀបវារៈសមហេតុសមផលដើម្បីជំរុញគោលដៅអាទិភាព។

គំនិតផ្តួចផ្តើមមួយទៀតរបស់វៀតណាមក្នុងខែជាប្រធានក្រុមប្រឹក្សាសន្តិសុខ គឺជាកិច្ចប្រជុំលើកដំបូងនៅក្រុមប្រឹក្សាសន្តិសុខស្តីពីការជំរុញកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងអាស៊ាន ដែលរួមចំណែកបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការពហុភាគីធំបំផុតនៅលើពិភពលោក ជាមួយអាស៊ាន ដែលវៀតណាមជាសមាជិកមួយ។ គួរឲ្យកត់សម្គាល់ថា វៀតណាមបានស្នើរៀបចំកិច្ចសន្ទនាថ្នាក់ខ្ពស់ អាស៊ាន - អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិនៅប្រទេស វៀតណាម ក្នុងខែតុលាឆ្នាំ ២០២០។ នេះគឺជាឱកាសមួយដើម្បីជំរុញទំនាក់ទំនងរវាងវៀតណាម ជាមួយបណ្តាប្រទេសដទៃទៀត និងដៃគូសំខាន់ៗក្នុងតំបន់ក៏ដូចជានៅលើពិភពលោកឲ្យកាន់តែស៊ីជម្រៅថែមទៀត។

បញ្ហាប្រឈមតែងតែនាំមកនូវកាលានុវត្តន៍ភាព។ ការជំនះលើបញ្ហាប្រឈមដំបូងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការចូលរួមរបស់វៀតណាមក្នុងអាណត្តិ ២០២០-២០២១។ ការកាន់តំណែងជាប្រធានខែ ជាលើកដំបូងប្រកបដោយជោគជ័យក៏ជាមូលដ្ឋានសម្រាប់វៀតណាមបន្តសម្រេចបានជោគជ័យក្នុងបេសកម្មបន្តទៀត គឺជាប្រធានខែលើកទី២ នៅខែមេសាឆ្នាំ ២០២១។ ដោយហេតុនេះ បង្ហាញដល់បណ្តាប្រទេសជាសមាជិកក៏ដូចជាដៃគូនានាអំពីសមត្ថភាពរៀបចំ សម្របសម្រួល និងដឹកនាំរបស់វៀតណាម រួមចំណែកធ្វើឱ្យវៀតណាមបោះជំហានលើវេទិកាពហុភាគីសំខាន់បំផុតនៅលើពិភពលោក សក្តិសមនឹងជំនឿទុកចិត្តពីសហគមន៍អន្តរជាតិនៅពេលដែលវៀតណាមត្រូវបានបោះឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ការទទួលតួនាទីថ្មីប្រកបដោយជោគជ័យ ក៏ជាឱកាសមួយសម្រាប់វៀតណាម បង្កើនទំនាក់ទំនងការបរទេសពហុភាគី រួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខអន្តរជាតិនិងតំបន់ លើកកម្ពស់ឋានៈរបស់វៀតណាមកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ ដើម្បីរក្សាបរិយាកាសសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

នៅសល់រយៈពេល ២៣ ខែទៀត ទោះបីជាបញ្ហាប្រឈមនៅតែច្រើនក៏ដោយ ក៏ប៉ុន្តែ ជាមួយការបង្កើតមូលដ្ឋានគ្រឹះ វៀតណាមនឹងបន្តរួមវិភាគទានប្រកបដោយប្រសិទ្ធភាព ជោគជ័យ និងពួតដៃជាមួយសហគមន៍អន្តរជាតិដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាមិនខាន៕

បកប្រែដោយ Huyen Trang