កាលពី ៧០ ឆ្នាំមុន នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ១៩៥០ បានជាថ្ងៃប្រវត្តិសាស្រ្តនៃទំនាក់ទំនងវៀតណាម - ចិន ហើយក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយផងដែរ។ មិនយូរប៉ុន្មានក្រោយបានបង្កើតឡើងសាធារណរដ្ឋប្រជាមានិតចិនគឺជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នគឺសាធារណរដ្ឋសង្គមនិយម វៀតណាម) ។ ក្នុងកំឡុងពេលអភិវឌ្ឍន៍ ៧០ ឆ្នាំ បក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជនទាំងពីរបានស្មាកៀកស្មាគ្នាផ្តល់ការគាំទ្រ និងជំនួយដ៏មានតម្លៃឲ្យគ្នាទៅវិញទៅមករួមចំណែកដល់ជោគជ័យនៃ បុព្វហេតុបដិវត្តន៍រំដោះជាតិ និងកសាងសង្គមនិយមនៅក្នុងប្រទេសនីមួយៗ  បក្ស និងរដ្ឋវៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ និងមិនដែលភ្លេចប្រការនេះទេ។

ក្នុងរយៈពេលជាង ៧០ នៃទំនាក់ទំនងវៀតណាម - ចិន ថ្វីត្បិតតែមានភាពលិចអណ្តែតមិនតិចក្តី ប៉ុន្តែចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៅតែជាលំហរមួយដ៏សំខាន់ ហើយចំណងមិត្តភាពដែលកសាងដោយលោកប្រធាន ហូជីមិញ និងលោកប្រធាន ម៉ៅ សេទុង និងគ្រប់ជំនាន់នៃថ្នាក់ដឹកនាំប្រទេសទាំងពីរបានក្លាយជាទ្រព្យសម្បត្តិរួមដ៏មានតំលៃរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែករក្សានូវនិន្នាការអភិវឌ្ឍប្រកបដោយស្ថិរភាពមិត្តភាពជាប្រពៃណីរវាងវៀតណាម - ចិន បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសចាប់តាំងពីកាលដែលធ្វើឱ្យប្រក្រតីទំនាក់ទំនងក្នុងឆ្នាំ ១៩៩១ រហូតមកដល់បច្ចុប្បន្ន ទំនាក់ទំនង វៀតណាម - ចិន មានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ចាប់តាំងពីនយោបាយ សេដ្ឋកិច្ច ដល់វប្បធម៌ សន្តិសុខ និងការពារជាតិ។ ការប្រាស្រ័យទាក់ទងគ្នា និងទំនាក់ទំនងនៅកម្រិតខ្ពស់ត្រូវបានរក្សាយ៉ាងទៀងទាត់ក្រោមគ្រប់ទម្រង់។ តាមរយៈដំណើរទស្សនកិច្ច និងជំនួបនេះថ្នាក់ដឹកនាំនៃបក្សទាំងពីរ ប្រទេសទាំងពីរទទួលបាននូវការយល់ឃើញរួមសំខាន់ៗជាច្រើនរួមចំណែកពង្រឹងនូវការជឿទុកចិត្តផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ។ ការតំរង់ទិសយុទ្ធសាស្ត្រក្នុងរយៈពេលវែងសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងវៀតណាម - ចិន។

កិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរត្រូវបានពង្រឹងដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការទុកចិត្តគ្នារវាងប្រទេសទាំង ពីរ។ ភាគីទាំងពីរបានរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងបង្កើតយន្តការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាប្រចាំរវាងបណ្តាគណៈជំនាញនៃបក្សទាំងពីរ ជាពិសេសក្នុងវិស័យបណ្តុះបណ្តាលកម្មាភិបាល ការកសាងបក្សជាដើម។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវប្បធម៌អប់រំទេសចរណ៍ទទួលបានលទ្ធផលយ៉ាងល្អប្រពៃ ... កាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការតភ្ជាប់រវាងក្របខ័ណ្ឌនៃ “របៀងពីរខ្សែក្រវ៉ាត់មួយ” និងគំនិតផ្តួចផ្តើម“ ខ្សែក្រវ៉ាត់ និងផ្លូវ”។

ចាប់តាំងពីឆ្នាំ ២០០៤ មកប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម។ រហូតមកដល់ពេលនេះប្រទេសចិនគឺជាទីផ្សារនាំចូលធំជាងគេរបស់វៀតណាម ខណៈវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេរបស់ចិននៅក្នុងអាស៊ាន និងជាដៃគូពាណិជ្ជកម្មធំជាងគេទី៨ ទីផ្សារនាំចេញធំជាងគេទី៥ និងជាទីផ្សារនាំចូលធំជាងគេទី៩ របស់ចិននៅលើពិភពលោក។ ក្នុងឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីវៀតណាម - ចិនសម្រេចបាន ១០៦.៧ ពាន់លានដុល្លារ កើនឡើងជាង ៣,៣០០ ដងបើប្រៀបធៀបនឹងឆ្នាំ ១៩៩១ ។ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០១៩ ការនាំចេញ - នាំចូល សរុបរបស់វៀតណាម - ចិនសម្រេចបាន ១០៥.៧៥ ពាន់លានដុល្លារកើនឡើង ៨,៧១ % ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨។ នៅចុងខែវិច្ឆិកា ឆ្នាំ២០១៩ ចិនមានគម្រោងវិនិយោគផ្ទាល់ចំនួន ២,៧៣៩ នៅក្នុងប្រទេសវៀតណាមដែលមានដើមទុនសរុប ១៦.១ ពាន់លានដុល្លារជាប់ចំណាត់ថ្នាក់ប្រទេសនិងតំបន់ទី៧/១៣២ ដែលវិនិយោគនៅប្រទេសវៀតណាម។

ថ្វីត្បិតតែបច្ចុប្បន្ននេះប្រទេសទាំងពីរនៅមានភាពខុសគ្នា និងការយល់ឃើញផ្សេងគ្នាលើបញ្ហានៅសមុទ្រក៏ពិតមែន តែថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងរដ្ឋទាំងពីរបានទទួលនូវការយល់ឃើញរួមសំខាន់ៗជាច្រើនអំពីការគ្រប់គ្រងភាពខុសគ្នា ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ ភាគីទាំងពីរបានចុះហត្ថលេខាលើ “កិច្ចព្រមព្រៀងស្តីពីគោលការណ៍មូលដ្ឋាននៃការដោះស្រាយបញ្ហាសមុទ្ររវាង វៀតណាម - ចិន” (២០១១) ការបង្កើតនិងរក្សាយន្តការទៀងទាត់សម្រាប់ការចរចាថ្នាក់រដ្ឋាភិបាលអំពីព្រំដែន និងបណ្តាកិច្ចប្រជុំរវាងអនុរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរ និងយន្តការ ០៣ សម្រាប់ការចរចានៃក្រុមអ្នកជំនាញការវៀតណាម - ចិនស្តីពីដែនទឹកនៅខាងក្រៅមាត់សមុទ្រឈូងសមុទ្រតុងកឹង ក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យរសើបតិចតួចនៅសមុទ្រ ក្រុមការងារពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅសមុទ្រ។ ទាក់ទងទៅនឹងការវិវឌ្ឍនៅលើសមុទ្រកន្លងមក វៀតណាមបានប្តេជ្ញាការពារសិទ្ធិស្របច្បាប់របស់ខ្លួន ទន្ទឹមនឹងនោះនៅតែតស៊ូតាមរយៈការសន្ទនាគ្នាដើម្បីដោះស្រាយការខ្វែងគំនិតគ្នា។

មេរៀនដ៏មានតំលៃក្នុងដំណើរការចរចានិងដោះស្រាយបញ្ហាព្រំដែនគោកនិងការយល់ដឹងរួមដែលទទួលបានរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនឹងបង្កើតនូវមូលដ្ឋាននិងទំនុកចិត្តសម្រាប់ភាគីទាំងពីរឲ្យបន្តចរចានិងស្វែងរកវិធានការដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតដោយសន្តិវិធីជាបណ្តើរៗ ដោយឈរលើមូលដ្ឋានមិត្តភាពរវាងប្រទេសទាំងពីរ ការគោរពសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួនដោយអនុលោមតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ដែលបានចុះហត្ថលេខារវាងអាស៊ាននិងចិន។

ផ្លែផ្កានៃទំនាក់ទំនងចិន - វៀតណាមក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងមកគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជននៃប្រទេសយើងទាំងពីរ។ នៅឆ្នាំ ២០២០ ប្រទេសទាំងពីរនឹងសម្របសម្រួលរៀបចំសកម្មភាពនិងការផ្លាស់ប្តូរជាច្រើនដែលទាក់ទងនឹងវិស័យជាច្រើន។ យើងជឿជាក់ថា សកម្មភាពទាំងនេះនឹងបង្កើតកម្លាំងចលករថ្មីមួយសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរដើម្បីបន្តអភិវឌ្ឍហើយយើងសង្ឃឹមថាឆ្នាំ ២០២០ នឹងសម្គាល់ដំណាក់កាលអភិវឌ្ឍថ្មីនិងល្អប្រសើរនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងរដ្ឋទាំងពីរ៕

បកប្រែដោយ Minh Trung