ក្នុងរយៈពេលមួយភាគបួនសតវត្សរ៍នៃការផ្សាភ្ជាប់ជាមួយអាស៊ាន វៀតណាមបានចូលរួមយ៉ាងសកម្ម មានទំនួលខុសត្រូវ និងបានបន្សល់ទុកនូវចំណុចសំខាន់ៗជាច្រើន។ នៅឆ្នាំ ២០២០ វៀតណាមមានកិត្តិយសទទួលយកទំនួលខុសត្រូវធំៗ ទាំងនៅថ្នាក់តំបន់ ទាំងថ្នាក់អន្តរជាតិ រួមទាំងការកាន់តំណែងជាប្រធានអាស៊ាន។ នេះជាឱកាសមួយសម្រាប់វៀតណាមរួមវិភាគទានយ៉ាងសំខាន់ និងជាច្រើនបន្ថែមទៀតក្នុងការអភិវឌ្ឍសហគមន៍អាស៊ានប្រកបដោយសុខដុមរមនា មានសមសួន ច្នៃប្រឌិត ផ្សាភ្ជាប់ មានអត្តសញ្ញាណ មានការទទួលខុសត្រូវ និងមានលទ្ធភាពបន្សុាំ។

leftcenterrightdel
លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc មានប្រសាសន៍នៅពិធីចាប់ផ្តើមឆ្នាំប្រធានអាស៊ាន ២០២០

ពីតំបន់ដែលមានការបែងចែក និងភាពខុសគ្នា នាបច្ចុប្បន្ននេះអាស៊ានជាសហគមន៍នៃបណ្តាប្រទេសឯករាជ្យ និងសាមគ្គីភាព ដែលកំពុងអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានតួនាទីមជ្ឈភាពក្នុងរចនាសម្ព័ន្ធតំបន់ និងទទួលបានការគោរព និងកិច្ចសហប្រតិបត្តិការពីប្រទេសមហាអំណាច និងប្រទេសដៃគូជាច្រើននៅលើពិភពលោក។

ក្នុងបរិបទនៃការប្រកួតប្រជែងដ៏ស្វាហាប់ ការប្រែប្រួលយ៉ាងស្មុគស្មាញនៅក្នុងតំបន់ និងលើពិភពលោក អាស៊ានកំពុងខិតខំប្រឹងប្រែងទាញយកកាលានុវត្តន៍ភាព និងទប់ទល់ដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលក្នុងនោះការរួបរួមគ្នា និងភាពម្ចាស់ការគឺជាវិធីសាស្ត្រដ៏សំខាន់។

ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមនឹងលើកកម្ពស់សមិទ្ធិផល និងបន្តកិច្ចខិតខំប្រឹងប្រែងពីប្រធានអាស៊ានមុនៗ រួមជាមួយបណ្តាប្រទេសជាសមាជិកទាំងឡាយ តំរង់ទិសការអភិវឌ្ឍរបស់សហគមន៍អាស៊ានដល់ឆ្នាំ ២០២៥ និងនៅឆ្នាំបន្តបន្ទាប់។ ខ្ញុំសូមចែករំលែកដូចតទៅ៖

ទីមួយ សន្តិភាព និងស្ថិរភាព សាមគ្គីភាព និងឯកភាព វិបុលភាព និងនិរន្តរភាព នៅបន្តជាគោលបំណង ជាអត្តសញ្ញាណ និងជាគោលដៅរបស់សហគមន៍អាស៊ានដើម្បីបង្កើតនូវឋានៈ រូបភាព និងតួនាទីថ្មីដោយមានភាពម្ចាស់ការ រួមវិភាគទានយ៉ាងសកម្មសម្រាប់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការនៅលើពិភពលោក។

ទីពីរ សហគមន៍អាស៊ាននឹងតភ្ជាប់ប្រកបដោយប្រសិទ្ធភាពនៅក្នុងតំបន់ និងធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ និងស៊ីជម្រៅជាមួយផ្នែកខាងក្រៅ ដោយផ្អែកលើភាពច្នៃប្រឌិត ស្ថិរភាព និងភាពសុខដុមរមនា ជាមួយនឹងការរីករាលដាលនៃបដិវត្តឧស្សាហកម្ម ៤.០ ក្នុងវិស័យសេដ្ឋកិច្ច សង្គមរបស់សហគមន៍។

ទីបី សហគមន៍អាស៊ានមានភាពធន់នឹងអាកាសធាតុ ការបំពុលបរិស្ថាន និងក្លាយជាតំបន់គួរឲ្យរស់នៅលើភពផែនដី ដោយមានបណ្តាញទីក្រុងឆ្លាតវៃ និងសុខុមាលភាពសង្គមត្រូវបានធានា ហើយមានប្រព័ន្ធសិក្សាជឿនលឿន ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅក្នុងយុគសម័យឌីជីថល មានយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព និងហុចឱកាសសម្រាប់មនុស្សគ្រប់គ្នា គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។

ទីបួន ផ្អែកលើមូលដ្ឋានគ្រឹះ ស្ថាប័នទាំងឡាយរបស់សហគមន៍អាស៊ាន ប្រតិបត្តិប្រកបដោយមានប្រសិទ្ធភាព និងស្វាហាប់ រួមវិភាគទានយ៉ាងសកម្មដល់សហគមន៍ និងប្រជាជនអាស៊ាន។

ដើម្បីអនុវត្តគោលដៅទាំងនេះ និងបង្កើតអនាគតរួមគ្នាប្រទេសជាសមាជិកអាស៊ាននិមួយៗ និងប្រជាជនអាស៊ានម្នាក់ៗ គប្បីខិតខំប្រឹងប្រែងដើម្បីកសាងសហគមន៍អាស៊ាន។

ប្រធានបទនៃឆ្នាំអាស៊ាន ២០២០ គឺ “ផ្សារភ្ជាប់ និងម្ចាស់ការសម្របសម្រួល” ដោយផ្តោតលើអាទិភាពចំនួន ៥ រួមមាន ការរួមវិភាគទានជាវិជ្ជមានដល់បរិស្ថានសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់; ជំរុញការអភិវឌ្ឍប្រកបដោយវិបុលភាព ដោយផ្អែកលើការតភ្ជាប់តំបន់ លើកកម្ពស់សមត្ថភាពឆ្លើយតប ឆ្លៀតយកឱកាសពីបដិវត្តឧស្សាហកម្ម ៤.០; ការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ និងអត្តសញ្ញាណអាស៊ាន; ការជំរុញទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់តួនាទី និងការរួមវិភាគទានរបស់អាស៊ាននៅក្នុងសហគមន៍អន្តរជាតិ និងលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពនៃប្រតិបត្តិការរបស់អាស៊ាន។

វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិក អនុវត្តប្រកបដោយជោគជ័យនូវអាទិភាពនៃឆ្នាំអាស៊ាន ២០២០ ហើយនោះក៏ជាការរួមវិភាទានជាក់ស្តែងរបស់វៀតណាមសម្រាប់អនាគតដ៏ល្អប្រសើរបន្ថែមទៀតរបស់អាស៊ាន។ ប្រទេសវៀតណាមបានត្រៀមរៀបចំយ៉ាងសកម្ម សម្រាប់អាណត្តិជាប្រធានអាស៊ាន ២០២០ និងត្រៀមជាស្រេច រួមគ្នាជាមួយបណ្តាប្រទេស ជំរុញការអភិវឌ្ឍសហគមន៍អាស៊ានឲ្យរឹងមាំ។ ខ្ញុំក៏សង្ឃឹមថា ដៃគូអន្តរជាតិទាំងឡាយរបស់អាស៊ាន នឹងសហប្រតិបត្តិការ និងគាំទ្រអាស៊ាន និងវៀតណាមក្នុងការអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចនៃឆ្នាំ ២០២០ ដើម្បី សន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងវឌ្ឍនភាព៕

បកប្រែដោយ Huyen Trang