ការរៀបចំសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ សំដៅបន្តអះអាងនូវអាទិភាពការទូតនៃប្រទេសទាំងពីរគឺការអភិវឌ្ឍទំនាក់ទំនងមិត្តភាពដ៏អស្ចារ្យសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ វៀត​ណាម-ឡាវ ព្រមទាំងបង្កើនការជឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរ ជំរុញការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់និងជំរុញ​កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

leftcenterrightdel
រូបថតឧទាហរណ៍

ទោះបីជាប្រទេសវៀតណាម និងប្រទេសឡាវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ១៩៦២ ក៏ដោយក៏ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរបានមានទំនាក់ទំនងជាប្រពៃណីពីយូរលង់មកហើយ។ ជាពិសេសក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន បន្ទាប់មកគឺបក្សកុម្មុយនិស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ ទំនាក់ទំនងនេះ ត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវតែងតែកៀកស្មាគ្នា រួមសុខរួមទុក្ខជាមួយគ្នា ពូនជ្រំចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយឲ្យក្លាយទៅជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាននិងជាកត្តាសំខាន់បំផុតដើម្បីធានានូវជោគជ័យនៃបដិវត្តន៍របស់ប្រទេសនីមួយៗ។ ក្រឡេកមើលលើដំណើរប្រវត្តិសាស្រ្តនោះ យើងអាចមានមោទនភាពចំពោះដំណើរការនៃការបង្កើត និងការអភិវឌ្ឍនៃទំនាក់ទំនងពិសេសដែលកម្រមានរវាងប្រទេសទាំងពីរ។ នោះគឺជាទំនាក់ទំនងនៃការអភិវឌ្ឍប្រកបដោយចីរភាពពីទំនាក់ទំនងប្រពៃណីជិតស្និទ្ធ ក្លាយទៅជាទំនាក់ទំនងពិសេស ដែលបង្កើតឡើងដោយលោកប្រធានហូជីមីញ លោកប្រធាន Kaysone Phomvihane លោកប្រធាន Souphanouvong រួមជាមួយថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះបានបញ្ជាក់ពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់ប្រជាជននៃប្រទេសទាំងពីរ ដែលសាមគ្គី ជួយគ្នាប្រឆាំងនឹងសត្រូវរួម និងកសាងទំនាក់ទំនង សមភាព ម្ចាស់ការ មិត្តភាព កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ 

សម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ ប្រព្រឹត្តទៅក្នុងបរិបទនៃទំនាក់ទំនងមិត្តភាពសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កំពុងបានបន្តពង្រឹងនិងពង្រីកឲ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានជួបគ្នាជាប្រចាំ ហើយការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ត្រូវបានរក្សា ដែលថ្មីៗនេះគឺជាដំណើរទស្សនកិច្ចផ្លូវការរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong នៅប្រទេសឡាវ (ខែកុម្ភៈ ឆ្នាំ ២០១៩) និងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្រ្តីឡាវ លោក Thongloun Sisoulith នៅប្រទេសវៀតណាម (ខែតុលា ឆ្នាំ២០១៩)។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានដឹកនាំការអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ក្នុងឆ្នាំ ២០១៩ ផងដែរ។

ទន្ទឹមនឹងនោះ កិច្ចសហប្រតិបត្តិការការពារជាតិ សន្តិសុខ និងកិច្ចការការទូត វៀតណាម-ឡាវ សម្រេចបានលទ្ធផលជាវិជ្ជមានរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅប្រទេសនីមួយៗ។ ប្រទេសទាំងពីរក៏បានយកចិត្តទុកដាក់លើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគ។ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការបណ្តុះបណ្តាល ការអប់រំ ការថែទាំសុខភាព វិស័យវិទ្យាសាស្ត្របច្ចេកទេស និងវិស័យផ្សេងៗទៀត សម្រេចបានលទ្ធផលជាវិជ្ជមាន។ ប្រទេសទាំងពីរក៏បានសហការយ៉ាងជិតស្និទ្ធប្រកបដោយប្រសិទ្ធភាព និងគាំទ្រគ្នាទៅវិញទៅមកក្នុងការដោះស្រាយបញ្ហាអន្តរជាតិ និងក្នុងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន អង្គការសហប្រជាជាតិ យន្តការនៃកិច្ចសហប្រតិបត្តិការនៅមហាអនុតំបន់ទន្លេមេគង្គ រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងលើពិភពលោក។

សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការដែលលោកនាយករដ្ឋមន្រ្តី Thongloun Sisoulith បានមកបំពេញទស្សនកិច្ច និងជាសហអធិបតីនៃសម័យប្រជុំលើកទី ៤២ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល វៀតណាម-ឡាវ នៅទីក្រុងហាណូយ។ យើងជឿជាក់យ៉ាងមុតមាំថា កិច្ចប្រជុំនេះនឹងសម្រេចបានជោគជ័យដែលរួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាពពិសេស វៀតណាម-ឡាវឲ្យកាន់តែអភិវឌ្ឍដោយឥតឈប់ឈរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang