មានប្រសាសន៍នៅក្នុងពិធីនេះ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បាននិយាយថា នៅក្នុងតំបន់ដែលមានសម្បូរបែបទៅដោយលក្ខណៈអត្តសញ្ញាណវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រ និងភាសានោះ សាមគ្គីភាពគឺជាការចុះសម្រុងគ្នានៃភាពខុសគ្នា រួមទាំងការយល់ឃើញផងដែរ។ វាជាស្មារតីនៃការគោរពចំពោះភាពចម្រុះសម្បូរបែបដែលបានបណ្តុះរក្សានូវតម្លៃលទ្ធិប្រជាធិបតេយ្យ និងសមភាពក្នុងចំណោមសមាជិកនៃគ្រួសារអាស៊ាន។

នៅក្នុងពិធីបើក លោកប្រធានាធិបតីឥណ្ឌូនេស៊ី ប្រធានកិច្ចប្រជុំកំពូលបានប្រគល់ពានរង្វាន់អាស៊ានឆ្នាំ ២០២៣ ដល់ពាណិជ្ជករ Nguyen Thi Tuyet Minh ចំពោះការរួមចំណែកដ៏ធំធេងរបស់លោកស្រីក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ លោកស្រី Nguyen Thi Tuyet Minh បានបង្កើតបណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) គាំទ្រស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្ម អភិវឌ្ឍអាជីវកម្ម និងលើកកំពស់អំណាចសេដ្ឋកិច្ច។ លោកស្រីក៏បានអនុវត្តយ៉ាងសកម្មនូវគម្រោងបណ្តុះបណ្តាល និងគាំទ្រជាច្រើនសម្រាប់សហគ្រិនស្ត្រី រួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើននៃសហគមន៍ធុរកិច្ចស្ត្រីវៀតណាម និងអាស៊ាន តភ្ជាប់ជាមួយសេដ្ឋកិច្ច APEC និងអាស៊ានលើសកលលោក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាមចូលរួមពិធីបើក (រូបថត៖ vnanet.vn)

អាស៊ានអះអាងពីតួនាទីជាមជ្ឈមណ្ឌលនៃកំណើន

ភ្លាមៗបន្ទាប់ពីពិធីបើក លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម និងថ្នាក់ដឹកនាំប្រទេសអាស៊ាននានាបានចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣។

នៅសម័យប្រជុំពេញអង្គ លោក Pham Minh Chinh បានចែករំលែកការវាយតម្លៃទូទៅអំពីឆ្នាំ ២០២៣ ដោយពោរពេញការវិវឌ្ឍ។ សេដ្ឋកិច្ចពិភពលោកបានបង្ហាញសញ្ញាវិជ្ជមានបន្ថែមទៀតនៃការងើបឡើងវិញ ប៉ុន្តែនៅតែមានហានិភ័យជាច្រើន និងកំណើនមិនទាន់មាននិរន្តរភាព ពាណិជ្ជកម្មកំពុងងើបឡើងវិញយឺត ហើយអស្ថិរភាពភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ។ ក្នុងបរិបទនោះ ដោយមានកិច្ចខិតខំប្រឹងប្រែងរួម និងសាមគ្គីភាពនៃប្រទេសសមាជិក និងការណែនាំរបស់ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី សហគមន៍អាស៊ានបន្តអភិវឌ្ឍប្រកបដោយស្ថិរភាព និងរឹងមាំជាមួយនឹងជំហររឹងមាំកាន់តែខ្លាំងឡើង ដោយបញ្ជាក់ពីតួនាទីរបស់ខ្លួនជាមជ្ឈមណ្ឌលនៃកំណើន។ អាស៊ានបន្តជាចំណុចភ្លឺស្វាងក្នុងកំណើនសេដ្ឋកិច្ច ជាមជ្ឈមណ្ឌលនៃបណ្តាញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងយន្តការសហប្រតិបត្តិការក្នុងតំបន់សំខាន់ៗដូចជា អាស៊ាន+១ អាស៊ាន+៣ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS)...។

ដើម្បីរក្សា “ជំហរអាស៊ាន” និងជា “មជ្ឈមណ្ឌលនៃកំណើន” នាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា អាស៊ានត្រូវតែបង្កើនការពឹងផ្អែកលើខ្លួនឯងតាមរយៈការលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ច ការពង្រីកទីផ្សារផ្ទៃក្នុង និងការពង្រីកលំហូរពាណិជ្ជកម្ម និងការវិនិយោគ។ អាស្រ័យហេតុនេះ លោក Pham Minh Chinh បានស្នើឱ្យប្រទេសអាស៊ានដោះស្រាយជាបន្ទាន់នូវភាពរាំងស្ទះ និងឧបសគ្គអំពីគោលនយោបាយ និងបទបញ្ញត្តិ រក្សាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្លុកឱ្យមានស្ថិរភាព ដើម្បីកែលម្អភាពធន់របស់តំបន់ចំពោះផលប៉ះពាល់ និងបញ្ហាប្រឈមពីខាងក្រៅ។ លោកនាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានដឹកនាំយ៉ាងហ្មត់ចត់នូវការពិនិត្យឡើងវិញ ការធ្វើឱ្យប្រសើរឡើង ក៏ដូចជាការចរចាថ្មី FTA រវាងអាស៊ាន និងដៃគូនានា ដើម្បីបង្កើតកម្លាំងជំរុញការអភិវឌ្ឍថ្មីសម្រាប់សេដ្ឋកិច្ចក្នុងតំបន់។

នាយករដ្ឋមន្ត្រីវៀតណាមបានមានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវកំណត់ថា ការធានាសន្តិភាព សន្តិសុខក្នុងតំបន់ គឺជាទំនួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានផ្ទាល់។ ដើម្បីធ្វើដូច្នេះបាន ប្រទេសសមាជិកអាស៊ានត្រូវតែលើកកំពស់ស្មារតីសាមគ្គីភាព ឯករាជ្យភាព ភាពខ្លួនទីពឹងខ្លួន។ ស្មារតីនេះត្រូវតែបង្ហាញតាមរយៈទាំងពាក្យសម្ដី និងសកម្មភាព។ មានតែវិធីនេះទេ ទើបតួនាទីរបស់អាស៊ានអាចទទួលបានការគោរពពិតប្រាកដពីដៃគូរបស់ខ្លួន ជាពិសេសប្រទេសធំៗ។

អាស៊ានស្វាគមន៍ដៃគូក្នុងការចូលរួមក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ គាំទ្រអាស៊ាន និងចូលរួមជាមួយអាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម។ ប្រឈមមុខនឹងស្ថានភាពនៃការបង្កើនការប្រកួតប្រជែងជាយុទ្ធសាស្ត្រក្នុងចំណោមប្រទេសធំៗ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ជាពិសេសថា អាស៊ានចាំបាច់ត្រូវបង្ហាញភាពក្លាហាន និងសាមគ្គីភាព ដើម្បីឱ្យដៃគូគោរពមជ្ឈភាពអាស៊ាន កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់ គោរពតាមគោលការណ៍ដែលបានកំណត់តាមយន្តការអាស៊ាន។

ឆ្ពោះទៅកាន់អាស៊ានមួយអភិវឌ្ឍប្រកបដោយសមធម៌ និងនិរន្តរភាព លោក Pham Minh Chinh បានអះអាងសារជាថ្មីនូវមជ្ឈភាពអាស៊ានគឺ “ប្រជាជនជាមជ្ឈមណ្ឌល ជាគោលដៅ និងកម្លាំងជំរុញនៃដំណើរការកសាងសហគមន៍” ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍរវាងអាស៊ាន និងពិភពលោក។

leftcenterrightdel
ថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ (ASEAN 43)

អាស៊ានត្រូវតែរក្សាតុល្យភាពយុទ្ធសាស្ត្រជាមួយប្រទេសធំៗ

នារសៀលថ្ងៃទី៥ ខែកញ្ញា នៅមជ្ឈមណ្ឌលសន្និសីទ Jakarta លោក Pham Minh Chinh និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានបានចូលរួមសម័យប្រជុំចង្អៀត ដើម្បីពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់។

អញ្ជើញមានប្រសាស៍ក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចែករំលែកមតិរបស់បណ្តាប្រទេសនានាអំពីការប្រែប្រួលដ៏ស្មុគស្មាញក្នុងបរិយាកាសអន្តរជាតិបច្ចុប្បន្ន ដែលក្នុងនោះមានកត្តាសំខាន់មួយគឺការប្រកួតប្រជែងលក្ខណៈយុទ្ធសាស្រ្តដ៏ខ្លាំងក្លារវាងប្រទេសធំៗ ធ្វើឱ្យប្រទេសនានាត្រូវតែប្រឈមមុខនឹងជម្រើសមានលក្ខណៈយុទ្ធសាស្រ្តដ៏លំបាក។

ប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លានេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា ដើម្បីអាស៊ានរក្សាបានមជ្ឈភាពរបស់ខ្លួន ចំលើយតែមួយគត់គឺលើកកម្ពស់ភាពរឹងមាំរបស់ខ្លួន និងពង្រឹងសាមគ្គីភាពក្នុងប្លុក ដើម្បីបញ្ជាក់ពីតម្លៃនៃការគ្រប់គ្រងយុទ្ធសាស្ត្ររបស់ខ្លួន។

នាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់ថា នៅក្នុងការប្រកួតប្រជែង អាស៊ានត្រូវតែរក្សាតុល្យភាពយុទ្ធសាស្ត្រជាមួយប្រទេសធំៗ។ អាស៊ានត្រូវតែក្លាយជាស្ពានដ៏គួរឱ្យទុកចិត្តមួយ ដែលមានសមត្ថភាពធ្វើឱ្យមានភាពចុះសម្រុងគ្នា និងធ្វើឱ្យមានតុល្យភាពទំនាក់ទំនង និងផលប្រយោជន៍ ហើយត្រូវប្រកាន់ខ្ជាប់នូវគោលដៅរបស់ខ្លួនក្នុងការកសាងរចនាសម្ព័ន្ធតំបន់បើកចំហ តម្លាភាពបំផុត។

ពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងសាមគ្គីភាព រក្សានិងពង្រឹងជំហររួមរបស់ខ្លួនចំពោះសមុទ្រខាងកើត។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា នេះជាផលប្រយោជន៍ និងការទទួលខុសត្រូវរួមរបស់ប្រទេសសមាជិកទាំងអស់។ អាស៊ានចាំបាច់ត្រូវស្នើឱ្យដៃគូរបស់ខ្លួន គោរពគោលជំហរនេះនៅពេលប្រតិបត្តិការនៅសមុទ្រខាងកើត ជាពិសេសគោលការណ៍ដូចជា ការអត់ធ្មត់ដោយខ្លួនឯង ការដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ ទន្ទឹមនឹងនោះប្រកាន់ខ្ជាប់ការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍របស់ភាគីនានាស្តីពីការប្រតិបត្តិនៅសមុទ្រខាងកើត (DOC) និងខិតខំកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយខ្លឹមសារ ប្រសិទ្ធភាព  និងសមស្របច្បាប់អន្តរជាតិ និង UNCLOS 1982 ។

ចែករំលែកអំពីស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងប្រទេសសមាជិកនាពេលថ្មីៗនេះ បានទទួលសញ្ញាវិជ្ជមានពីគ្រប់ភាគីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ តាមនោះ លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រចំពោះការពង្រឹងទំនាក់ទំនងយ៉ាងសកម្មបន្ថែមទៀត ដើម្បីលើកទឹកចិត្តឱ្យមានការសន្ទនាដោយសន្តិវិធីរវាងភាគីនានា កសាងទំនុកចិត្ត បង្កើនការយល់ដឹងរួម និងមានបំណងសម្រេចឱ្យបានឆាប់នូវដំណោះស្រាយដ៏ទូលំទូលាយ និងនិរន្តរភាពសម្រាប់បញ្ហាមីយ៉ាន់ម៉ា។

លោក Pham Minh Chinh បានអះអាងថា វៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយឡាវ ដែលជាប្រធានអាស៊ានឆ្នាំ ២០២៤ ដើម្បីបន្តជំរុញគោលដៅនៃកិច្ចសហប្រតិបត្តិការអាស៊ាន។ ក្នុងសន្និសីទនោះ នាយករដ្ឋមន្ត្រីវៀតណាម និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ានបានយល់ព្រមគាំទ្រហ្វីលីពីនទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២៦៕

បកប្រែដោយ Minh Trung