អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងណាថា លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម គឺជាថ្នាក់ដឹកនាំបរទេសដំបូងគេ ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន បន្ទាប់ពីជោគជ័យនៃមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន និងលោក Xi Jinping ជាប់ឆ្នោតជាអគ្គលេខាបក្សកុម្មុយនិស្តចិនសារជាថ្មី?

leftcenterrightdel
លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម

លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម៖ ដំណើរទស្សនកិច្ចនៅប្រទេសចិននាពេលថ្មីៗនេះរបស់លោក Nguyen Phu Trong អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម គឺជាដំណើរទស្សនកិច្ចដ៏សំខាន់ក្នុងបុព្វហេតុកសាងសង្គមនិយមនៃប្រទេសទាំងពីរឈានចូលដំណាក់កាលគន្លឹះ ទទួលមរតកពីអតីតកាល និងបើកទូលាយអនាគតដ៏ភ្លឺស្វាង។ ប្រទេសចិនបានបញ្ចប់ការកសាងសង្គមសម្បូរធូរធារមួយ សម្រេចបាននូវគោលដៅ ១០០ ឆ្នាំដំបូង និងឈានចូលដំណើរការថ្មី កសាងប្រទេសសង្គមនិយមទំនើបយ៉ាងទូលំទូលាយ។ ទន្ទឹមនឹងនោះ មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្ត វៀតណាមក៏ទទួលបានជោគជ័យ ហើយវៀតណាមកំពុងមានគោលដៅពីរគឺ ១០០ ឆ្នាំនៃការបង្កើតបក្ស និងការបង្កើតប្រទេស។

ការទទួលស្វាគមន៍របស់ភាគីចិនជូនចំពោះដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong ភ្លាមៗបន្ទាប់ពីជោគជ័យនៃមហាសន្និបាតជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិន បានបង្ហាញពីសារៈសំខាន់ពិសេសនៃទំនាក់ទំនងរវាងបក្ស និងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ បានជួបប្រជុំគ្នាម្តងទៀតបន្ទាប់ពីរយៈពេល ៥  ឆ្នាំនៃការរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ប្រការនេះមានអត្ថន័យសំខាន់ៗសម្រាប់ទិសដៅដឹកនាំអភិវឌ្ឍអនាគតនៃទំនាក់ទំនងនៃភាគី និងប្រទេសទាំងពីរក៏ដូចជាផែនការសហប្រតិបត្តិការនាពេលអនាគត។

អ្នកយកព័ត៌មាន៖ ដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន។ បើតាមលោកឯកអគ្គរដ្ឋទូត តើអ្វីជាចំណុចលេចធ្លោបំផុតក្នុងដំណើរទស្សនកិច្ចនេះ?

លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម៖ ក្នុងដំណើរបំពេញទស្សនកិច្ចនេះ ដោយផ្តើមចេញពីការអភិវឌ្ឍទូទៅនៃទំនាក់ទំនងចិន-វៀតណាម និងការវិវឌ្ឍដ៏ស្មុគស្មាញនៃស្ថានភាពអន្តរជាតិនោះ លោក Nguyen Phu Trong និងលោក Xi Jinping បានបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រ ជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពនាពេលថ្មីៗនេះ និងសមិទ្ធផលសំខាន់ៗក្នុងការអភិវឌ្ឍបុព្វហេតុរបស់បក្ស និងប្រទេសនីមួយៗ និងបញ្ជាក់ពីការគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ដើម្បីបោះជំហានលើវិថីសង្គមនិយម សម្រេចគោលដៅអភិវឌ្ឍន៍ប្រទេសរយៈពេលមធ្យម និងវែងតាមការកំណត់របស់ភាគីទាំងពីរ។

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ ចិន និងវៀតណាម បោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាសង្គមនិយម នឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ ដោយបានចង្អុលបង្ហាញថា ឥទ្ធិពលនៃទំនាក់ទំនងចិន-វៀតណាម ហួសពីក្របខណ្ឌទ្វេភាគី ដែលមានសារៈសំខាន់ចំពោះពិភពលោក។ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមដែលរួមទាំងឯកសារសំខាន់ៗចំនួន ១៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនានារបស់បក្ស សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការការពារបរិស្ថាន វប្បធម៌ និងទេសចរណ៍ យុត្តិធម៌ គយ ... ប្រកបដោយគុណភាពខ្ពស់ បង្ហាញឱ្យឃើញយ៉ាងពេញពេញនូវ ការអភិវឌ្ឍកម្រិតខ្ពស់នៃទំនាក់ទំនងចិន-វៀតណាម។

ប្រទេសចិនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស ដោយទទួលបដិសណ្ឋារកិច្ចតាមពិធីការខ្ពស់បំផុត និងផ្តល់នូវរាល់ការរៀបចំ ការទទួលភ្ញៀវពិសេសជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោក Nguyen Phu Trong អគ្គលេខាបក្ស  គឺជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំបរទេសលើកដំបូងទៅកាន់ប្រទេសចិនបន្ទាប់ពីមហាសន្និបាតលើកទី ២០ នៃបក្សកុម្មុយនិស្តចិន ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការរបស់ថ្នាក់ដឹកនាំបរទេសជាលើកដំបូងដែលប្រទេសចិនបានទទួលស្វាគមន៍ក្នុងរយៈពេលជិត ៣ ឆ្នាំមកនេះ ចាប់តាំងពីការរីករាលដាលនៃជំងឺ Covid-19។ នេះក៏ជាលើកដំបូងផងដែរក្នុងរយៈពេលជិតបីឆ្នាំហើយដែលទីលានធានអានមេនក្នុងរដ្ឋធានីប៉េកាំងបានបន្លឺសំឡេងកាំភ្លើងធំប្រារព្ធពិធីស្វាគមន៍ និងត្រួតពលកិត្តិយស។ ក្រៅពីកិច្ចពិភាក្សានោះ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ក៏បានអញ្ជើញលោក Nguyen Phu Trong  អគ្គលេខាបក្ស ចូលរួមពិធីជប់លៀងតែដ៏ស្និទ្ធស្នាល ដែលកម្រមានការទទួលស្វាគមន៍ជាមួយថ្នាក់ដឹកនាំបរទេស។

ការគូសបញ្ជាក់ដ៏ធំបំផុតនៃដំណើរទស្សនកិច្ចនេះគឺថា លោក Xi Jinping បានប្រគល់គ្រឿងឥស្សរិយយសមេត្រីភាពនៃសាធារណៈរដ្ឋប្រជាមានិតចិន ជូនលោក Nguyen Phu Trong។ គ្រឿងឥស្សរិយយសមេត្រីភាពនេះមានសារៈសំខាន់ណាស់ វាត្រូវបានប្រគល់ជូនតែឥស្សរជនដែលមានសីលធម៌ខ្ពស់ ហើយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការអភិវឌ្ឍទំនាក់ទំនងមិត្តភាពរវាងប្រទេសចិន និងប្រទេសដទៃទៀត ក៏ដូចជាចំពោះការរីកចម្រើនរបស់មនុស្សជាតិ។ ភាគីចិនជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ ទំនាក់ទំនងចិន-វៀតណាម នឹងស្ថិតនៅលើផ្លូវត្រឹមត្រូវជានិច្ច និងបន្តសម្រេចបានការអភិវឌ្ឍថ្មីៗជាបន្តបន្ទាប់។

អ្នកយកព័ត៌មាន៖ ក្នុងដំណើរទស្សនកិច្ចនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ចិន ដើម្បីការអភិវឌ្ឍយូរអង្វែង រឹងមាំ និងស្ថិតស្ថិក្នុងយុគសម័យថ្មី។ បើតាមលោកឯកអគ្គរដ្ឋទូត តើភាគីទាំងពីរអាចផ្តោតលើការលើកកម្ពស់វិស័យអ្វីខ្លះដើម្បីរួមចំណែកដល់គោលដៅនេះ?

លោក Xiong Bo ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅវៀតណាម៖  ក្នុងជំនួបពិភាក្សារវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងនៅក្នុងសេចក្តីថ្លែងការណ៍រួម ភាគីទាំងពីរបានដាក់ចេញនូវការរចនាថ្នាក់កំពូល និងទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម ក្នុងយុគសម័យថ្មី។ នាពេលខាងមុខ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយវៀតណាមដើម្បីពង្រឹងការសម្របសម្រួលលើបណ្តាទិដ្ឋភាពដូចខាងក្រោមនេះដើម្បីអនុវត្តឱ្យបានល្អនូវការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំនៃបក្សទាំងពីរ និងសមិទ្ធផលនយោបាយសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ។

ទីមួយគឺធ្វើជាម្ចាស់ការតម្រង់ទិសនយោបាយ។ លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានចង្អុលបង្ហាញថា សម្រាប់បុព្វហេតុកសាងសង្គមនិយម និងទំនាក់ទំនងចិន-វៀតណាម ការប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទិសដៅនយោបាយត្រឹមត្រូវគឺជាអាទិភាពចម្បង។ ប្រទេសចិនមានឆន្ទៈធ្វើការជាមួយវៀតណាមដើម្បីបន្តរក្សាតួនាទីនយោបាយនៃការផ្លាស់ប្តូរកម្រិតខ្ពស់ និងផ្លាស់ប្តូរយោបល់ភ្លាមៗអំពីបញ្ហាសំខាន់ៗនៃទំនាក់ទំនងទ្វេភាគី។ រក្សាប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនូវយន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ បន្តពង្រឹងការផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងប្រទេស។ គាំទ្រដោយមិនងាករេនូវរបៀបវារៈនយោបាយសំខាន់ៗរបស់គ្នាទៅវិញទៅមក។ ផ្លាស់ប្តូរ និងសិក្សាឱ្យបានស៊ីជម្រៅជានិច្ចនូវបទពិសោធន៍ក្នុងការគ្រប់គ្រងប្រទេស និងធ្វើឱ្យការយល់ដឹងកាន់តែស៊ីជម្រៅអំពីក្រឹត្យក្រមកាន់អំណាចរបស់បក្សកុម្មុយនិស្ត និងក្រឹត្យក្រមកសាងសង្គមនិយម និងច្បាប់នៃការអភិវឌ្ឍសង្គមមនុស្សជាតិ រួមដៃគ្នាការពារផលប្រយោជន៍ជាយុទ្ធសាស្ត្ររួម។

ទីពីរ គឺរឹតបន្តឹងទំនាក់ទំនងសេដ្ឋកិច្ច ពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍ និងជំរុញការតភ្ជាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសទាំងពីរ រួមគ្នាកសាងប្រព័ន្ធសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មប្រកបដោយស្ថិរភាព និងសុវត្ថិភាពជាង។ ប្រទេសចិនបានឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ ហើយកំពុងខិតខំប្រឹងប្រែងដើម្បីកសាងប្លង់អភិវឌ្ឍន៍ថ្មី។ វៀតណាមកំពុងអនុវត្តនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាម ដោយពិចារណាលើការជំរុញឧស្សាហូបនីយកម្មជាយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ខិតខំជំរុញការផ្លាស់ប្តូរ និងការលើកកំពស់ឧស្សាហកម្ម។

ទីបី គឺលើកកម្ពស់មិត្តភាពប្រពៃណី។ ក្នុងនោះបន្តលើកកម្ពស់តួនាទីសំខាន់របស់ប្រជាជនទាំងពីរក្នុងការផ្លាស់ប្តូរមិត្តភាពឆ្ពោះទៅអនាគត ការតស៊ូ ព្យាយាម ប្រឹងប្រែង ប្រើប្រាស់ឱ្យបានល្អនូវធនធានក្រហមដ៏មានតម្លៃក្នុងប្រវត្តិសាស្ត្រជួបប្រាស្រ័យជិតមួយរយឆ្នាំនៃការផ្លាស់ប្តូររវាងបក្សទាំងពីរ បន្តមរតក និងលើកកម្ពស់មិត្តភាពប្រពៃណីជា “សមមិត្តផង និងជាបងប្អូនផង”  ដែលត្រូវបង្កើតឡើងដោយថ្នាក់ដឹកនាំជាន់ខ្ពស់ជំនាន់មុនៗនៃប្រទេសទាំងពីរ។ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទេសចរណ៍ សារព័ត៌មាន ការឃោសនា... ដើម្បីកសាងបរិយាកាសមតិសាធារណៈល្អ  ពង្រឹងជានិច្ចនូវមូលដ្ឋានគ្រឹះនៃឆន្ទៈប្រជាជន និងសង្គមក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ អរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Minh Trung