អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតអាចប្រាប់អំពីអត្ថន័យ និងលទ្ធផលនៃកិច្ចប្រជុំនេះ?

លោកឯកអគ្គរដ្ឋទូត Vu Ho៖ នេះជាលើកដំបូងហើយដែល AMM ត្រូវបានរៀបចំឡើងដោយទម្រង់ចូលរួមផ្ទាល់ បន្ទាប់ពីបានផ្អាកអស់រយៈពេលជាងពីរឆ្នាំ ដោយសារការរីករាលដាលនៃ Covid-19។ កិច្ចប្រជុំ AMM គឺជាសកម្មភាពដ៏សំខាន់បំផុតមួយរបស់អាស៊ានក្នុងឆ្នាំនេះ ដោយប្រមូលផ្តុំនូវចំនួនរដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូច្រើនជាងគេទាំងក្នុង និងក្រៅតំបន់។ ប្រការនេះឆ្លុះបញ្ចាំងពីបំណងប្រាថ្នារបស់ប្រទេសទាំងឡាយក្នុងការបន្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយតំបន់ឱ្យបានឆាប់ៗ ហើយតួនាទីរបស់អាស៊ាននៅបន្តត្រូវបានគាំទ្រ និងយកចិត្តទុកដាក់យ៉ាងខ្លាំងពីប្រទេសទាំងឡាយ។

កិច្ចប្រជុំទាំងនេះគឺជាឱកាសមួយសម្រាប់ប្រទេសទាំងឡាយវាយតម្លៃឡើងវិញនូវដំណើរការកិច្ចសហប្រតិបត្តិការទាំងមូលរបស់អាស៊ាន និងរវាងអាស៊ាន និងដៃគូរបស់ខ្លួនក្នុងឆ្នាំកន្លងមក ដើម្បីរួមគ្នាកំណត់ទិសដៅនាពេលអនាគត។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Vu Ho

ខ្លឹមសារដែលបានយកមកពិភាក្សាក្នុងកិច្ចប្រជុំទាំងឡាយមានភាពចម្រុះ ពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ការកសាងសមត្ថភាពសុខាភិបាល ការជំរុញការងើបឡើងវិញ ដល់ពាណិជ្ជកម្ម ការវិនិយោគ ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការអនុតំបន់ និងការតភ្ជាប់។ ប្រទេសទាំងឡាយក៏បានពិភាក្សាអំពីការបង្កើនការសម្របសម្រួលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន ដូចជាការប្រែប្រួលអាកាសធាតុ គម្លាតនៃការអភិវឌ្ឍ បរិស្ថាន ជំងឺរាតត្បាត សន្តិសុខថាមពល និងស្បៀងអាហារ។

ក្នុងស្មារតីនៃកិច្ចសន្ទនាដោយស្មោះត្រង់ និងជាក់ស្តែង អាស៊ាន និងដៃគូទាំងឡាយមានការផ្លាស់ប្តូរយ៉ាងទូលំទូលាយលើបញ្ហាជាច្រើនដែលភាគីទាំងឡាយមានការយកចិត្តទុកដាក់ដូចគ្នានៅក្នុងតំបន់ និងលើពិភពលោក។ អាស្រ័យហេតុនេះ បញ្ជាក់ពីតួនាទី និងតម្លៃយុទ្ធសាស្ត្រនៃយន្តការដឹកនាំដោយអាស៊ាន ក្នុងការលើកកម្ពស់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ បង្កើតវេទិកាសម្រាប់ប្រទេសទាំងឡាយផ្លាស់ប្តូរទស្សនៈ រួមចំណែកលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងបង្រួមភាពខុសគ្នា និងលើកកម្ពស់ការជឿទុកចិត្ត។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ានបានអនុម័តលើសេចក្តីថ្លែងការណ៍រួម AMM-55 ដែលឆ្លុះបញ្ចាំងពីខ្លឹមសារនៃកិច្ចពិភាក្សា បង្ហាញពីសាមគ្គីភាព ឯកភាព និងទំនួលខុសត្រូវរបស់អាស៊ាន ស្របតាមស្មារតីនៃប្រធានបទឆ្នាំប្រធាន ២០២២ គឺ “អាស៊ានរួមគ្នា៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា”។ អាស៊ាន និងដៃគូទាំងឡាយក៏បានអនុម័តលើលិខិតតុបករណ៍កិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើនផងដែរ ដែលជាមូលដ្ឋានសម្រាប់ការជំរុញទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅថែមទៀតនាពេលខាងមុខ។

អ្នកយកព័ត៌មាន៖ សូមលោកឯកអគ្គរដ្ឋទូតអាចប្រាប់យើងបន្ថែមអំពីការចូលរួម និងការរួមចំណែករបស់វៀតណាមនៅក្នុងកិច្ចប្រជុំទាំងនេះ?

លោកឯកអគ្គរដ្ឋទូត Vu Ho៖ ការចូលរួមរបស់វៀតណាមក្នុងកិច្ចប្រជុំទាំងនេះបង្ហាញពីកិច្ចសន្យា និងទំនួលខុសត្រូវរបស់យើងចំពោះតំបន់ និងចំពោះការងាររួមរបស់អាស៊ាន។ ចាប់ពីដើមឆ្នាំ ២០២២ នេះ នៅពេលដែលកម្ពុជាកាន់តំណែងជាប្រធានអាស៊ាន យើងបានមានការត្រៀមរៀបចំជាមុន ដើម្បីអាចចូលរួម និងរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងសកម្មភាពទាំងអស់របស់អាស៊ាននៅឆ្នាំនេះ។

ក្នុងស្មារតីនៃភាពម្ចាស់ការ និងទំនួលខុសត្រូវ បាវចនាក្នុងអំឡុង ២៧ ឆ្នាំនៃការចូលជាសមាជិកអាស៊ាន យើងតែងតែសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសដទៃទៀត ដើម្បីអនុវត្តអាទិភាព និងគំនិតផ្តួចផ្តើមរបស់អាស៊ាន ត្រៀមខ្លួនជាស្រេចពួតដៃជាមួយអាស៊ានក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់អាស៊ាន ដូចជាក្នុងអំឡុងពេលការផ្ទុះឡើងនៃ Covid-19 នាពេលថ្មីៗនេះ។ តាមស្មារតីនោះ គណៈប្រតិភូវៀតណាមដឹកនាំដោយលោករដ្ឋមន្ត្រីក្រសួងការបរទេស Bui Thanh Son បានចូលរួម និងបន្តរួមចំណែកដ៏សំខាន់ៗជាច្រើនចំពោះជោគជ័យរួមនៃកិច្ចប្រជុំទាំងឡាយ។

leftcenterrightdel
រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសអាស៊ាន ចូលរួមការបើកសម័យប្រជុំនៅក្នុងក្របខ័ណ្ឌនៃ AMM-55

ក្នុងបរិបទនៃការវិវឌ្ឍដ៏តានតឹងនាពេលថ្មីៗនេះ ដូចជានៅសមុទ្រខាងកើត មីយ៉ាន់ម៉ា ឧបទ្វីបកូរ៉េ ឬនៅច្រកសមុទ្រតៃវ៉ាន់ លោករដ្ឋមន្ត្រី Bui Thanh Son និងប្រទេសដទៃទៀតបានផ្លាស់ប្តូរដោយបើកចំហស្ថាបនា ហើយលើកកំពស់កិច្ចសហប្រតិបត្តិការសុច្ឆន្ទៈ និងការរួមចំណែកប្រកបដោយទំនួលខុសត្រូវ យកការសន្ទនា និងការពិគ្រោះយោបល់ជាមធ្យោបាយដើម្បីស្វែងរកដំណោះស្រាយ និងជៀសវាងមិនទុកឱ្យការខ្វែងគំនិត និងទំនាស់ប្រែក្លាយទៅជាជម្លោះ។ នៅក្នុងកិច្ចប្រជុំទាំងឡាយ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងទំនុកចិត្ត អំពាវនាវឱ្យភាគីទាំងអស់មានការអត់ធ្មត់ ជៀសវាងធ្វើឱ្យស្មុគស្មាញដល់ស្ថានការណ៍ និងដោះស្រាយជម្លោះដោយសន្តិវិធីឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។ លោករដ្ឋមន្ត្រី Bui Thanh Son និងប្រទេសដទៃទៀតបានអះអាងជាថ្មីម្តងទៀតនូវគោលជំហរដ៏ឥតងាករេចំពោះបញ្ហាសមុទ្រខាងកើត អំពាវនាវឲ្យកសាងសមុទ្រខាងកើតទៅជាសមុទ្រសន្តិភាព និងស្ថិរភាព ហើយបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសស្តីពីប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការបង្កើតក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ លោករដ្ឋមន្ត្រីក៏បានចែករំលែកនូវទស្សនៈរបស់អាស៊ាន និងវៀតណាមអំពីបញ្ហាផ្សេងៗទៀត។

ស្តីពីកិច្ចសហប្រតិបត្តិការក្នុងអាស៊ានជាមួយដៃគូ គណៈប្រតិភូវៀតណាមបានរួមចំណែកជាក់លាក់ជាច្រើន លើកឡើងគំនិតផ្តួចផ្តើមទាក់ទងនឹងដំណើរការកសាងសហគមន៍អាស៊ាន  តម្រង់ទិសអភិវឌ្ឍន៍សម្រាប់អាស៊ានក្រោយឆ្នាំ ២០២៥ ជំរុញការងើបឡើងវិញ និងការអភិវឌ្ឍអនុតំបន់ ក៏ដូចជាឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខប្រពៃណី និងមិនមែនប្រពៃណី។

ទាំងមុន និងអំឡុងពេលកិច្ចប្រចុំ គណៈប្រតិភូវៀតណាមបានចូលរួមយ៉ាងសកម្ម និងរួមចំណែកប្រកបដោយតុល្យភាព ចំពោះខ្លឹមសារនៃលិខិតតុបករណ៍ធ្វើឱ្យមានភាពចុះសម្រុងគ្នារវាងប្រទេសទាំងឡាយ ធានានូវសាមគ្គីភាព និងការឯកភាពរបស់អាស៊ាន។ យោបល់ទាំងឡាយរបស់វៀតណាមទទួលបានការគាំទ្រពីប្រទេសផ្សេងៗ ហើយត្រូវបានឆ្លុះបញ្ចាំងនៅក្នុងលិខិតតុបករណ៍នៃកិច្ចប្រជុំ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកឯកអគ្គរដ្ឋទូត!

បកប្រែដោយ Huyen Trang