ចាប់តាំងពីបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០១០ ទំនាក់ទំនងរវាងវៀតណាមជាមួយចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (ដែលហៅកាត់ថាអង់គ្លេស) បានអភិវឌ្ឍយ៉ាងខ្លាំងក្លា និងវិជ្ជមាន។ ក្រៅពីដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រទេសទាំងពីរបានរក្សានូវយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីដូចជា៖ កិច្ចសន្ទនាសន្តិសុខ-ការពារជាតិថ្នាក់អនុរដ្ឋមន្ត្រីការបរទេស កិច្ចសន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្ត្រី កិច្ចប្រជុំគណៈកម្មាធិការចម្រុះស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម (JETCO)។

ទោះបីជំងឺរាតត្បាត Covid-19 បង្កផលប៉ះពាល់យ៉ាងខ្លាំងក៏ដោយ ក៏វៀតណាម និងអង់គ្លេសនៅតែរក្សាការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជាន់ខ្ពស់។ នៅខែកញ្ញា ឆ្នាំ ២០២០ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយក្នុងឱកាសរំលឹកខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងចក្ខុវិស័យឆ្ពោះទៅរកការជំរុញទំនាក់ទំនងឡើងកម្រិតខ្ពស់ថ្មីមួយ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស-វៀតណាម (UKVFTA) នៅខែធ្នូ ឆ្នាំ ២០២០។ នាបច្ចុប្បន្ន អង់គ្លេសគឺជាទីផ្សារនាំចេញធំទីបីរបស់វៀតណាមនៅអឺរ៉ុប ដោយជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោមវិនិយោគិនធំៗនៅវៀតណាម។ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២១  ទំហំពាណិជ្ជកម្មនៃការនាំចូលនិងនាំចេញរបស់វៀតណាមជាមួយអង់គ្លេសបន្តកើនឡើង សម្រេចបាន ៣.២៩៣ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ការនាំចេញរបស់វៀតណាមសម្រេចបាន ២.៨៨ ពាន់លានដុល្លារអាមេរិក កើនឡើង ២៨.៩% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។

leftcenterrightdel
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh (រូបថត៖ vnanet.vn)

ចំណុចភ្លឺមួយក្នុងទំនាក់ភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស គឺកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ។ ក្រសួងការពារជាតិនៃប្រទេសទាំងពី្របានតម្លើងថ្នាក់កិច្ចសន្ទនាគោលនយោបាយការពារជាតិប្រចាំឆ្នាំឡើងថ្នាក់អនុរដ្ឋមន្ត្រី; បង្កើតក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើនដូចជា៖ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាលភាសាអង់គ្លេស និងធារាសាស្ត្រ។ល។ ភាគីទាំងពីរបានពង្រឹងកិច្ចសហប្រតិបត្តិការ លើការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន អំពើភេរវកម្ម ការធ្វើចំណាកស្រុកខុសច្បាប់ និងការជួញដូរមនុស្ស។ល។ ក្រៅពីនេះ ភាគីទាំងពីរក៏បានពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា សុខាភិបាល វប្បធម៌ អប់រំ-បណ្តុះបណ្តាល ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត។ល។ ជាពិសេស នៅពេលដែលជំងឺរាតត្បាត Covid-19 រីករាលដាលពាសពេញពិភពលោក អង់គ្លេសគឺជាប្រទេសដែលបានចូលរួមផ្តល់វ៉ាក់សាំងជាច្រើនដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford សម្រាប់កម្មវិធី COVAX ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលជំនួយវ៉ាក់សាំងច្រើនបំផុតសម្រាប់ប្រទេសវៀតណាមផងដែរ។

នៅលើវេទិកាអន្តរជាតិ និងតំបន់ ភាគីទាំងពីរបានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពក្នុងអំឡុងពេលវៀតណាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០០៨-២០០៩ និងអាណត្តិ ២០២០-២០២១។ ភាគីទាំងពីរជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិអាណត្តិ ២០១៤-២០១៦។

បន្ទាប់ពីផ្អាកមួយឆ្នាំដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 កិច្ចប្រជុំ COP26 បានធ្វើឡើងនៅទីក្រុង Glasgow ប្រទេសស្កុតឡេន ចុះណុះអង់គ្លេសចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ដែលទាក់ទាញការចូលរួមពីប្រតិភូចំនួន ៣ ម៉ឺននាក់មកពីប្រទេសជាសមាជិកទាំង ១៩៦ នៃអនុសញ្ញា រួមទាំងការចូលរួមដោយផ្ទាល់ពីប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី អគ្គលេខាធិការអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំអង្គការអន្តរជាតិជាច្រើន ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ សាជីវកម្មពហុជាតិ និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗ ជាង ១២០ រូប។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

នៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុដ៏ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន កិច្ចប្រជុំ COP26 ត្រូវបានគេរំពឹងថានឹងបើកទំព័រថ្មីមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ របៀបវារៈនៃកិច្ចប្រជុំ COP26 ផ្តោតសំខាន់លើការពិភាក្សាអំពីការបង្កើតបទប្បញ្ញត្តិមានលក្ខណៈបង្ខំតាមបទប្បញ្ញត្តិនៃអនុសញ្ញាដោយមានខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ យន្តការទីផ្សារ និងមិនមែនទីផ្សារ; តម្លាភាពក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ធនធានសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ; ការលើកកម្ពស់សកម្មភាពអាកាសធាតុប្រកបដោយសមធម៌ និងបរិយាប័ន្ន។ល។ លើសពីនេះ កិច្ចប្រជុំក៏បានរៀបចំសកម្មភាពតាមប្រធានបទ និងមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេស អង្គការអន្តរជាតិ និងធុរកិច្ចធំៗ និងអ្នកវិទ្យាសាស្ត្រ។ ក្នុងនាមជាប្រធាន COP26 អង់គ្លេសរំពឹងថាកិច្ចប្រជុំនឹងសម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីគោលដៅហិរញ្ញវត្ថុថ្មីសម្រាប់រយៈពេលក្រោយឆ្នាំ ២០២៥ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ប្រទេសនានាដើម្បីអាចសម្រេចបាននូវគោលដៅដែលបានដាក់ចេញក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការប្រែប្រួលអាកាសធាតុ។ បក្ស និងរដ្ឋវៀតណាមតែងតែចាត់ទុកការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាអាទិភាពក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្លើយតបយ៉ាងសកម្មចំពោះការប្រែប្រួលអាកាសធាតុ និងអនុវត្តកិច្ចសន្យាអន្តរជាតិពាក់ព័ន្ធ។ ក្នុងបរិបទនេះ ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមទៅចូលរួមកិច្ចប្រជុំ COP26 គឺជាឱកាសមួយសម្រាប់សហគមន៍អន្តរជាតិស្វែងយល់អំពីគោលនយោបាយ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ក៏ដូចជាការលំបាក និងបញ្ហាប្រឈមនានារបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ ដំណើរទស្សនកិច្ចការងារ របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅអង់គ្លេសនឹងរួមចំណែកពង្រឹងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ព្រមទាំងជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស ឲ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត។

យើងជឿជាក់ថា ដំណើរទស្សនកិច្ចការងារនៅអង់គ្លេស និងការចូលរួមកិច្ចប្រជុំ COP26 របស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ដោយហេតុនេះបង្ហាញយ៉ាងមុតមាំនូវសារទំនួលខុសត្រូវ គំនិតផ្តួចផ្តើម និងការចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈមសកលរួមរបស់វៀតណាមលើការប្រែប្រួលអាកាសធាតុ ខណៈដែលរក្សាបានសន្ទុះអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-អង់គ្លេស និងបើកឱកាសសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរ៕

បកប្រែដោយ Huyen Trang