ជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់

នៅក្នុងកិច្ចប្រជុំ បណ្តាប្រទេសអាស៊ាន+៣ បានឯកភាពផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ជំរុញការស្តារឡើងវិញយ៉ាងទូលំទូលាយ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព។ ពិចារណាលើការដកចេញនូវការរឹតបន្តឹងការធ្វើដំណើររវាងប្រទេសក្នុងតំបន់ នៅពេលដែលវាមានសុវត្ថិភាព។ បណ្តាប្រទេសបានប្តេជ្ញាបន្តលើកកម្ពស់សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ហើយនឹងផ្តល់សច្ចាប័ន និងអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាពេលឆាប់ៗខាងមុខ។

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ និងស្នើថា បណ្តាប្រទេសអាស៊ាន+3 គួរតែបន្តជំរុញភាពខ្លាំងរបស់ខ្លួនក្នុងការឆ្លើយតបនឹងវិបត្តិ និងជំរុញកិច្ចសហប្រតិបត្តិការពហុភាគីអន្តរជាតិ ដើម្បីគ្រប់គ្រងការរាតត្បាតប្រកបដោយប្រសិទ្ធភាព រក្សាស្ថិរភាព និងស្តារការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅក្នុងតំបន់ ជាពិសេសសម្រាប់បញ្ហាក្នុងតំបន់ និងពិភពលោក។

ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីវៀតណាមបានស្នើឱ្យប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូង គាំទ្រដល់ការទទួលបាន និងផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង និងថ្នាំព្យាបាលជំងឺ Covid-19 ដល់អាស៊ាន ព្រមទាំងចែករំលែកបទពិសោធន៍ និងវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការចែករំលែកព័ត៌មាន និងការសម្របសម្រួលការឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តនាពេលអនាគត។

ដើម្បីជម្នះផលប៉ះពាល់នៃជំងឺរាតត្បាត ស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា អាស៊ាន+៣ ចាំបាច់ត្រូវសហការប្រកបដោយស្ថិរភាពនូវរាល់មូលដ្ឋានម៉ាក្រូសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ជំរុញការផ្លាស់ប្តូរឌីជីថល គាំទ្រប្រជាជន និងធុរកិច្ច។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរធ្វើការយ៉ាងជិតស្និទ្ធដើម្បីទាញយកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយប្រសិទ្ធភាព មានដំណោះស្រាយសំខាន់ៗ និងមានប្រសិទ្ធភាពដើម្បីស្តារអាជីវកម្ម ជាពិសេស សហគ្រាសធុនតូច និងមធ្យម លើកកំពស់ជំនាញសម្រាប់កម្មករក្នុងអាស៊ាន ពង្រឹងយន្តការស្ថិរភាពហិរញ្ញវត្ថុក្នុងតំបន់។

ចែករំលែកមតិរបស់បណ្តាប្រទេសនានា លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការអាស៊ាន+៣ គួរតែបន្តរួមចំណែកជាវិជ្ជមានក្នុងការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ហើយស្នើឱ្យដៃគូចិន ជប៉ុន និងកូរ៉េខាងត្បូងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងសមុទ្រខាងកើតឱ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ បញ្ជាក់ពីឆន្ទៈរបស់អាស៊ានក្នុងការចូលរួម និងរួមចំណែកគាំទ្រដល់ដំណើរការនៃកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព រាល់បញ្ហាមនុស្សធម៌ និងការលុបបំបាត់នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។

leftcenterrightdel
លោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន+៣ លើកទី២៤ (រូបថត៖ vnanet.vn)

ជប៉ុនសន្យាគាំទ្រអាស៊ានក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមរួមជាមួយថ្នាក់ដឹកនាំប្រទេសអាស៊ាន និងនាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio និងអគ្គលេខាធិការអាស៊ានបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៤។

ក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី Kishida Fumio បានអះអាងថា ជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពជាដៃគូអាស៊ាន-ជប៉ុន គាំទ្រតួនាទីមជ្ឈភាពរបស់អាស៊ាន ក្នុងរចនាសម្ព័ន្ធតំបន់ អះអាងគាំទ្រអាស៊ានក្នុងការកសាងសហគមន៍ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដោយផ្អែកលើស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន និងទស្សនៈរួមអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ឆ្នាំ ២០២០។

នាយករដ្ឋមន្ត្រីជប៉ុនបាននិយាយថា ប្រទេសជប៉ុនបានផ្តល់វ៉ាក់សាំងជាង ១៦ លានដូស និងផ្តល់ជំនួយជាង ៣២ ពាន់លានយ៉េនដល់អាស៊ាន ដោយបានជួយយ៉ាងសកម្មដល់អាស៊ានក្នុងការឆ្លើយតបនឹងគ្រោះអាសន្នផ្នែកសុខភាពសាធារណៈ និងជំងឺដែលកំពុងកើតមានឡើង។

ជប៉ុនអះអាងពីការប្តេជ្ញាចិត្តគាំទ្រអាស៊ានក្នុងការបង្រួមគម្លាតអភិវឌ្ឍ និងអភិវឌ្ឍអនុតំបន់ដើម្បីបន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងវិនិយោគនូវធនធានបន្ថែមដើម្បីជួយអាស៊ានទប់ទល់នឹងការប្រែប្រួលអាកាសធាតុ អភិវឌ្ឍបៃតង និងនិរន្តរភាព...

លើបញ្ហាតំបន់ និងអន្តរជាតិ មេដឹកនាំអាស៊ាន និងជប៉ុនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត ការគោរពច្បាប់អន្តរជាតិ ហើយបានឯកភាពធ្វើការរួមគ្នាដើម្បីធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ រួមទាំងសន្តិសុខ និងសុវត្ថិភាពនៅលើសមុទ្រខាងកើតផងដែរ។

ថ្លែងមតិនៅកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ចំពោះវឌ្ឍនភាពវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីក្នុងបរិបទដ៏លំបាកនាពេលបច្ចុប្បន្ន ទន្ទឹមនឹងនោះ លោកបានស្នើឱ្យភាគីទាំងពីរបន្តជំរុញអាទិភាព សហការ និងសម្របសម្រួលឱ្យបានល្អ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ភាគីទាំងពីរត្រូវធ្វើការយ៉ាងជិតស្និទ្ធក្នុងការស្តារ និងធ្វើឱ្យមានស្ថិរភាពនូវខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានអខានដោយសារការរាតត្បាត Covid-19។

លោកនាយករដ្ឋមន្ត្រីក៏បានស្នើសុំ ជប៉ុនជួយយ៉ាងសកម្មដល់បណ្តាប្រទេសអាស៊ាន និងវៀតណាមក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការអភិវឌ្ឍបៃតង កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចឌីជីថល និងជួយឧបត្ថម្ភធុរកិច្ចក្នុងការងើបឡើងវិញពីដំណាក់កាលក្រោយជំងឺរាតត្បាត។

លោក Pham Minh Chinh បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត និងឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកំពុងកើតមាន ដើម្បីរក្សាបាននូវបរិយាកាសសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ រួមទាំងសមុទ្រខាងត្បូង និងឧបទ្វីបកូរ៉េ៕

បកប្រែដោយ Minh Trung