ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ២៦ នៅទីក្រុងដាណាងនោះ នារសៀលថ្ងៃទី ១១ ខែមីនា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងសមត្ថភាពក្នុងការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញដើម្បីដោះស្រាយជាមួយ COVID-១៩ ។

leftcenterrightdel
ទិដ្ឋភាពនៃអង្គប្រជុំ (រូបថត៖ vietnamplus.vn)

 

រដ្ឋមន្រ្តីទាំងអស់បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរីករាលដាលនៃជំងឺ COVID-១៩ ដែលកំពុងប៉ះពាល់ដល់អាយុជីវិតមនុស្ស និងគ្រប់ខឿនសេដ្ឋកិច្ចនៅជុំវិញពិភពលោក។ សេចក្តីថ្លែងការណ៍រួមបង្ហាញពីការយល់ចិត្តដល់បណ្តាប្រទេសអាស៊ានទាំងអស់ក៏ដូចជាបណ្តាប្រទេសមិនមែនអាស៊ានដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺនេះ។ រំលឹកឡើងវិញនូវសេចក្តីប្រកាសរបស់ប្រទេសប្រធានអាស៊ានស្តីពីអាស៊ានមួយដែលសម្របខ្លួនយ៉ាងបុរេសកម្មទៅនឹងការរីករាលដាលនៃជំងឺ COVID-១៩ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់ នៃសាមគ្គីភាពក្នុងអាស៊ាននិងស្មារតីនៃការរួបរួមគ្នានិងការបន្សាំយ៉ាងសកម្មនៃសហគមន៍អាស៊ានក្នុងការប្រឈមមុខនឹងការរីករាលដាល ការផ្ទុះឡើងនៃ COVID-១៩ រួមនិងបញ្ហាប្រឈម ស្រដៀងនានា។

សេចក្តីថ្លែងការណ៍រួមក៏ទទួលស្គាល់ផងដែរនូវការខិតខំប្រឹងប្រែងនាបច្ចុប្បន្នរបស់បណ្តាប្រទេសជាសមាជិកអាស៊ាន បណ្តាអង្គភាព ស្ថាប័នអាស៊ានក៏ដូចជាខឿនសេដ្ឋកិច្ចដទៃទៀតក្នុងការគ្រប់គ្រងការរីករាលដាល និងផលប៉ះពាល់នៃការរីករាលដាលនៃ COVID-១៩។ សេចក្តីថ្លែងការណ៍រួមក៏បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់បុគ្គលិកពេទ្យ និងមិនមែនពេទ្យដែលបានជួយដល់អ្នកដែលរងផលប៉ះពាល់ដោយ COVID-១៩។

រដ្ឋមន្រ្តីទាំងអស់ក៏បានទទួលស្គាល់ពីផលប៉ះពាល់អវិជ្ជមាននៃការផ្ទុះឡើងនៃជំងឺ COVID-១៩ ទៅលើសេដ្ឋកិច្ច រួមទាំងលើវិស័យទេសចរណ៍ ការផលិតកម្ម ការលក់រាយ និងសេវាកម្មផ្សេងទៀត ... ក៏ដូចជាភាពរអាករអួលរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារហិរញ្ញវត្ថុ។ រដ្ឋមន្រ្តីទាំងអស់បាន  សង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់កិច្ចប្រឹងប្រែងរួមគ្នាដើម្បីចៀសវាងផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក ដោយសារការផ្ទុះឡើងនៃ COVID-១៩។ រដ្ឋមន្ត្រីបានកត់សម្គាល់នូវសេចក្តីប្រកាសព័ត៌មានរបស់ប្រធានស្តីពី COVID-១៩ ដែលចេញដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់តំបន់ក្នុងការ រក្សាគោលនយោបាយបើកចំហសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងលើកកម្ពស់សមត្ថភាពក្នុងការស្តារឡើងវិញក្នុងតំបន់ និងឆន្ទៈស្វែងរកកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ និងសហគមន៍អន្តរជាតិដើម្បីពង្រឹងវិធានការដែលមានស្រាប់ និងការឆ្លើយតបដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់នៃ COVID-១៩។ សេចក្តីថ្លែងការណ៍រួមក៏បានយល់ព្រមចាត់វិធានការជ្រើសរើសដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនៃការរីករាលដាលនៃ COVID-១៩ សំដៅ៖ សន្យាថានឹងបន្តរក្សាការធ្វើពាណិជ្ជកម្មនិងការវិនិយោគដោយបើកចំហនៅក្នុងអាស៊ាន,  បង្កើនការចែករំលែកព័ត៌មាននិងសម្របសម្រួលក្នុងតំបន់ដើម្បីដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចដែលបណ្តាលមកពីការផ្ទុះឡើងនៃ COVID-១៩, សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ បណ្តាអង្គភាពអាជីវកម្ម និងសមាគមដើម្បីពង្រឹង រូបភាពមុខមាត់អាស៊ីអាគ្នេយ៍ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់, ជ្លៀតឱកាសចាប់យកបច្ចេកវិទ្យា និងពាណិជ្ជកម្មឌីជីថលដើម្បីគាំទ្រ និងអនុញ្ញាតឱ្យអង្គភាពអាជីវកម្មនានា ហើយជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) ជាដើម។

សេចក្តីថ្លែងការណ៍រួមបង្ហាញពីរាល់សកម្មភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានជាមួយដៃគូខាងក្រៅដើម្បីប្រមូលផ្តុំគ្រប់គំនិតផ្តួចផ្តើម សំដៅពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ឱ្យមានស្ថេរភាព និងកាត់បន្ថយហានិភ័យពីវិបត្ដិផ្ទៃក្នុង  និងខាងក្រៅ។

រដ្ឋមន្រ្តីទាំងអស់បានយល់ព្រមបង្កើតមូលដ្ឋានគ្រឹះដើម្បីសម្រួលដល់ពាណិជ្ជកម្មដែលមានស្រាប់នៅក្នុងអាស៊ាន ដូចជាយន្តការអាស៊ានតែមួយ (ASW) ដើម្បីលើកកម្ពស់ និងគាំទ្រដល់ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់។ ទប់ស្កាត់នូវរាល់សកម្មភាពកុំឲ្យបង្កើតសម្ពាធអតិផរណាដែលមិនចាំបាច់ឬប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខស្បៀងក្នុងតំបន់ ព្រមទាំងព្យាយាមធានាការផ្គត់ផ្គង់ទំនិញនិងការផ្គត់ផ្គង់សម្ភារៈបរិក្ខារចាំបាច់ ហើយបន្តលុបចោលនូវរបាំងមិនមែនពន្ធគយ ជាពិសេសបណ្តារបាំងដែលរារាំងលំហូរទំនិញ និងសេវាកម្មនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងជៀសវាងការអនុវត្តនូវរាល់វិធានមិនមែនពន្ធគយថ្មីៗ ដែលមិនចាំបាច់ទេ។

សេចក្តីថ្លែងការណ៍រួមក៏ជាការបិទផងដែរនូវកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ២៦។ ដូចដែលបានគ្រោងទុក កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងកិច្ចប្រជុំពាក់ព័ន្ធនានានឹងត្រូវបានធ្វើឡើងនៅក្នុងទីក្រុងដាណាង ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៩ មេសា៕

បកប្រែដោយ Minh Trung