leftcenterrightdel
អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានផ្តល់បទសម្ភាសន៍ ជាមួយកាសែត Nhan Dan

អ្នកយកព័ត៌មាន៖ តើលោកអាចឲ្យដឹងអំពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី ៣៥ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធ?

អនុរដ្ឋមន្រ្តី Nguyen Quoc Dung៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី ៣៥ និងបណ្តាកិច្ចប្រជុំពាក់ព័ន្ធនានាបានបិទបញ្ចប់នៃឆ្នាំថៃធ្វើជាប្រធានអាស៊ាន ហើយជាជំហានដំបូងបានផ្ទេរតួនាទីនេះទៅវៀតណាម។ កិច្ចប្រជុំបានកត់សម្គាល់ពីលទ្ធផលវិជ្ជមានជាច្រើននៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងឆ្នាំ ២០១៩ លើសសរស្តម្ភទាំង ៣ ក្រោមប្រធានបទ "លើកកម្ពស់ភាពជាដៃគូដើម្បីនិរន្តរភាព"៖

នយោបាយ៖ អាស៊ានបន្តរក្សាបានសាមគ្គីភាព ឯកភាព តួនាទីមជ្ឈភាព ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយដៃគូ។

សេដ្ឋកិច្ច៖ ការកសាងសហគមន៍ត្រូវបានពង្រឹង ការចរចារ RCEP បានរីកចម្រើនហើយប្រទេសចំនួន ១៥ លើកលែងតែឥណ្ឌាបានឈានដល់ការព្រមព្រៀងហើយ។

សង្គមនិងវប្បធម៌៖ តួនាទីមជ្ឈភាពរបស់ប្រជាជនត្រូវទទួលបានការយកចិត្តទុកដាក់ពីប្រជាជនយ៉ាងខ្លាំង។ អាស៊ានបន្តជំរុញ កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍របស់ប្រជាជនដូចជាកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយរចនាសម្ព័ន្ធប្រជាជនវ័យចំណាស់ ការបង្កើតមជ្ឈមណ្ឌលអំពីវ័យចំណាស់ប្រកបដោយថាមភាព។

លើសពីនេះទៅទៀត តាមរយៈកិច្ចប្រជុំ ទំនាក់ទំនងនៃ កិច្ចសហប្រតិបត្តិការជាមួយដៃគូត្រូវបានពង្រឹងបន្ថែមទៀត។ សហរដ្ឋអាមេរិកបានចាប់ផ្តើមគំនិតផ្តួចផ្តើម លើរាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់។ ប្រទេសចិនបានលើកឡើងនូវគោលដៅនៃការធ្វើឱ្យពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងចិន ឈានដល់ ១,០០០ ពាន់លានដុល្លារ និងការវិនិយោគសម្រេចបាន ១៥០ ពាន់លានដុល្លារ នៅឆ្នាំ ២០២០។ ប្រទេសជប៉ុនបាន បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ ការគាំទ្រការបណ្តុះបណ្តាលអំពីសន្តិសុខអ៊ីនធឺណែត កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខតាមសមុទ្រ ការទប់ទល់ទៅនឹងគ្រោះមហន្តរាយ ការដោះស្រាយបញ្ហាសំរាម ...

កិច្ចប្រជុំបានអនុម័តលើឯកសារសហប្រតិបត្តិការផ្ទៃរក្នុងអាស៊ានចំនួន ១៦ និងឯកសារចំនួន ១៥ ជាមួយដៃគូនានា ដោយទទួលស្គាល់នូវឯកសារចំនួន ១៦ នៃបណ្តាបណ្តាញសហប្រតិបត្តិការឯកទេស។

អ្នកយកព័ត៌មានៈ តើលោកវាយតំលៃការចូលរួមរបស់ ប្រតិភូវៀតណាមនៅឯកិច្ចប្រជុំទាំងនេះយ៉ាងដូចម្តេច?

លោកអនុរដ្ឋមន្រ្តី Nguyen Quoc Dung៖ យើងបានចូលរួមយ៉ាងសកម្ម ម្ចាស់ការនៅក្នុងគ្រប់កិច្ចប្រជុំ និងបានដាក់បញ្ចូលនូវរាល់ការអាទិភាពរបស់វៀតណាមទៅក្នុងទិសដៅការងារនៅឆ្នាំ ២០២០។ នៅកិច្ចប្រជុំកំពូល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានផ្តល់យោបល់សំខាន់ៗ និងបានលើកឡើងនូវ រាល់សំណើយ៉ាងជាក់ស្តែងដើម្បីបន្តជំរុញដំណើរការកសាងសហគមន៍អាស៊ាន លើកកម្ពស់ការចងសម្ព័ន្ធសេដ្ឋកិច្ចនិងការតភ្ជាប់។ លើកកម្ពស់សាមគ្គីភាពអាស៊ាន និងកសាងទំនាក់ទំនង ដែលមានផលប្រយោជន៍ទៅវិញទៅមករវាងអាស៊ាន និងដៃគូនានាស្របតាមផលប្រយោជន៍របស់ប្រទេសដទៃទៀត ត្រូវបានស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងក្លា។

នៅក្នុងពិធីផ្ទេរតំណែងជាប្រធានអាស៊ានលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានថ្លែងសុន្ទរកថាដ៏សំខាន់មួយដោយប្រកាសជាផ្លូវការនូវប្រធានបទ និងរាល់ការផ្តល់អាទិភាពនៅឆ្នាំ ២០២០ និងការរៀបចំរបស់វៀតណាមសម្រាប់ភារកិច្ចសំខាន់ៗ និងពោរពេញទៅដោយកិត្តិយសនេះ។ លើសពីនេះទៅទៀតគណៈប្រតិភូបានមានសកម្មភាពពហុភាគី និងទ្វេភាគីជាច្រើនដែលមានសំបូរបែបដើម្បី ទទួលបានការគាំទ្រពីបណ្តាប្រទេសដទៃទៀតសម្រាប់ការធ្វើជាប្រធានអាស៊ាន ២០២០ ។

អ្នកយកព័ត៌មានៈ តើបញ្ហានៅសមុទ្រខាងកើត ទទួលបានការយកចិត្តទុកដាក់យ៉ាងដូចម្តេច នៅក្នុងគ្រប់កិច្ចប្រជុំ និងអំពីទស្សនៈរបស់វៀតណាម?

អនុរដ្ឋមន្រ្តី Nguyen Quoc Dung៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ សមុទ្រខាងកើតតែងតែជាប្រធានបទ ដែលទទួលបានការយកចិត្តទុកដាក់នៅបណ្តាកិច្ចប្រជុំអាស៊ាន។ ជាពិសេសលើកនេះ ខ្ញុំមើលឃើញថា ការចាប់អារម្មណ៍របស់បណ្តាប្រទេសនានាហាក់ដូចជាខ្ពស់និងខ្លាំងជាងមុន។ មានមតិជាច្រើនជំទាស់ទៅនឹងសកម្មភាពធ្វើយោធូបនីយកម្ម ធ្វើឱ្យប្រសើរឡើងនូវរាល់សកម្មភាពរារាំងសកម្មភាពសេដ្ឋកិច្ចស្របច្បាប់នៅសមុទ្រ មិនគោរពអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាព របស់ប្រទេសនានា និងដើរផ្ទុយនឹងច្បាប់អន្តរជាតិ។ មូលហេតុអាចបណ្តាលមកពីការរំលោភអធិបតេយ្យភាពរបស់វៀតណាមនាពេលថ្មីៗនេះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបរបស់វៀតណាម ដែលបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមប្រទេសនានា។

នៅក្នុងគ្រប់កិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc និងគណៈប្រតិភូវៀតណាម បានអះអាងនូវ ជំហរច្បាស់លាស់ និងរឹងមាំរបស់វៀតណាមដែលជាការប្តេជ្ញាចិត្តការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយអនុលោមតាមស្មារតីគោរពច្បាប់ដោយមិនងាករេឡើយ។ វៀតណាមបានស្នើ បណ្តាប្រទេសនានាគាំទ្រ ការដោះស្រាយជំលោះដោយសន្តិវិធី អនុវត្ត DOC យ៉ាងម៉ឺងម៉ាត់ បង្កើតបរិយាកាសអំណោយផលដល់ ដំណើរការច្បាប់ ជាពិសេសការកសាង COC ពិតប្រាកដ និងមានប្រសិទ្ធភាពស្របនឹងច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិ។

អ្នកយកព័ត៌មានៈ តើលោកអាចនិយាយអំពីសាររបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc នៅពេលទទួលតួនាទី ជាប្រធានអាស៊ានបានទេ?

អនុរដ្ឋមន្រ្តី Nguyen Quoc Dung៖ សាររបស់នាយករដ្ឋមន្រ្តីគឺ៖

- អះអាងថាវៀតណាមត្រៀមខ្លួនជាស្រេចដោយមាន ស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទទួលយកតួនាទីជាប្រធានអាស៊ាន ២០២០។ វៀតណាមរីករាយស្វាគមន៍ ប្រទេសនានាចូលមកប្រទេសវៀតណាមនៅឆ្នាំ ២០២០ ។

- ប្រកាសប្រធានបទ និងការណែនាំអំពីអាទិភាពរបស់ វៀតណាមសម្រាប់ឆ្នាំជាប្រធានអាស៊ាន ២០២០ ។

- បញ្ជាក់​ “ការគិតគូររបស់សហគមន៍ សកម្មភាពសហគមន៍” គឺជាអ្វីដែលអាស៊ានត្រូវការបំផុត ដើម្បីកសាងភាពជោគជ័យរបស់សហគមន៍។

អ្នកយកព័ត៌មានៈ តើប្រទេសវៀតណាមកំពុងដាក់ពង្រាយនូវការងារអ្វីខ្លះ?

អនុរដ្ឋមន្រ្តី Nguyen Quoc Dung៖ មកដល់ពេលនេះយើង បានត្រៀមរួចរាល់នូវក្បាលម៉ាស៊ីនអង្គការចាត់តាំង ធនធានមនុស្ស គម្រោងផែនការសកម្មភាពមេសម្រាប់ឆ្នាំ ២០២០។ ឥឡូវនេះដល់ពេលដែលយើងត្រូវ ចាប់ផ្តើមដាក់ពង្រាយអោយបានច្បាស់លាស់។

នៅពេលខាងមុខនេះ យើងនឹងផ្តោតលើការរៀបចំ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅខែមករា ឆ្នាំ ២០២០ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa។ នេះជាសកម្មភាពសំខាន់ដំបូងបើកឆ្នាំប្រធានអាស៊ាន ២០២០ ដោយផ្តោតសំខាន់លើការឯកភាពចំពោះទិសដៅ និងអាទិភាពអាស៊ានឆ្នាំ ២០២០ ក្រោមអធិបតីភាពរបស់ វៀតណាម។ លើសពីនេះយើងនឹងបន្តអភិវឌ្ឍគំនិតផ្តួចផ្តើមសម្រាប់ឆ្នាំប្រធាន បង្កើតការឯកភាពក្នុងអាស៊ានដើម្បីអនុវត្ត។

អ្នកយកព័ត៌មានៈសូមអរគុណលោកអនុរដ្ឋមន្រ្តី។

បកប្រែដោយ Minh Trung