លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ៧០១  និងលោកស្រី Asako Okai អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាអគ្គនាយករងនៃ UNDP នាយកនាយកដ្ឋានជ្រោមជ្រែងក្នុងការដោះស្រាយវិបត្តិ ធ្វើជាសហអធិបតីអង្គសិក្ខាសាលា។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស និងជាប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំ៧០១

 

ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ឯក  Nguyen Chi Vinh បានលើកឡើងថា ដោយមានសង្គ្រាមដែលកើតមានឡើងរ៉ាំរៃអស់រយៈពេលជាច្រើនទសវត្សមកហើយវៀតណាមគឺជាប្រទេសមួយដែលទទួលរងផលវិបាកសង្គ្រាមដ៏ធ្ងន់ធ្ងរបំផុតនៅ​លើពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយក៏វៀតណាមនៅតែជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងឥតចេះនឿយហត់ពីសំណាក់ប្រជាជន រដ្ឋាភិបាលនៅក្នុងប្រទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីយកឈ្នះលើផលវិបាកនៃសង្គ្រាម។ ជាពិសេសដោយមានជំនួយរបស់អង្គការសហប្រជាជាតិ  UNDP ប្រទេសជាច្រើននៅលើពិភពលោករួមទាំងប្រទេសដែលពីមុនធ្លាប់ចូលរួមសង្គ្រាម​វៀតណាម បានជួយឲ្យវៀតណាមមានជំហានដ៏វែងមួយក្នុងការជំនះផលវិបាកនៃសង្គ្រាម ហើយក្លាយទៅជាប្រទេសដែលមានសន្តិភាព សុខុមាលភាពនិងសុវត្ថិភាព។ ការងារនៃការយកឈ្នះលើផលវិបាកនៃសង្គ្រាមនៅវៀតណាមបច្ចុប្បន្នមិនត្រឹមតែជាការអភិវឌ្ឍដ៏មានអត្ថន័យមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងមានន័យចំពោះការអភិវឌ្ឍវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងបរិស្ថានទៀតផង។ ភាគីវៀតណាមចាត់ទុកការជម្នះផលវិបាកនៃសង្គ្រាមមិនត្រឹមតែដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបន្សល់ទុកដោយសង្រ្គាមនោះទេ ប៉ុន្តែ​ក៏ដើម្បីចូលរួមក្នុងការអនុវត្តជោគជ័យនូវរាល់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ។

“ការជំនះលើផលវិបាកនៃសង្គ្រាមមិនត្រឹមតែដើម្បីទុកអតីតកាលទៅមួយឡែកប៉ុណ្ណោះទេ តែថែមទាំងបើកទ្វារសម្រាប់អនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងជាមួយបណ្តាប្រទេសដែលធ្លាប់ចូលរួមនៅក្នុងសង្គ្រាមវៀតណាម”។ បន្ទាប់មកក្នុងសុន្ទរកថាបើកសិក្ខាសាលារបស់លោកស្រី Asako Okai   បានឲ្យដឹងថា កាលនៅខែមិថុនា ឆ្នាំ២០១៧ កន្លងមក UNDP និងមជ្ឈមណ្ឌល បោសសំអាតមីនមនុស្សធម៌អន្ដរជាតិ Geneve (GICHD) បានធ្វើការស្រាវជ្រាវដោយមានប្រធានបទ “គ្មាននរណាម្នាក់ត្រូវទុកចោលនៅខាងក្រោយឡើយ៖ ប្រតិបត្តិការគ្រាប់បែក គ្រាប់មីន និងគោលដៅអភិវឌ្ឍន៍ចីរភាព” បង្ហាញយ៉ាងច្បាស់ពីទំនាក់ទំនងដោយផ្ទាល់រវាងប្រតិបត្តិការគ្រប់បែក គ្រាប់មីន និងរាល់គោលដៅអភិវឌ្ឍន៍ចីរភាព។ រួមជាមួយការគាំទ្រពីអន្តរជាតិវៀតណាម សំរេចបាននូវលទ្ធផលសំខាន់ៗមួយចំនួនក្នុងការយកឈ្នះលើផលវិបាកនៃសង្គ្រាមដែលជាតម្រូវការដំបូងបង្អស់ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាពនិងរបៀបវារៈឆ្នាំ២០៣០។ យ៉ាងណាក៏ដោយ ការសម្លឹងមើលទៅមុខនៅតែមានការងារជាច្រើនដែលត្រូវធ្វើដើម្បីកាត់បន្ថយហានិភ័យ បង្កើតអនាគតសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ដោយគ្រាប់បែក គ្រាប់មីន និងបង្កើនកិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ និងអន្តរជាតិដើម្បីបំពេញគោលដៅសហស្សវត្សរ៍។

នៅក្នុងសិក្ខាសាលានេះ លោកស្រី Caitlin Wiesen តំណាងប្រចាំការនៃ UNDP នៅវៀតណាមបានគូសបញ្ជាក់អំពីសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការរបស់ UNDP ជាមួយរដ្ឋាភិបាលវៀតណាមក្នុងការដោះស្រាយផលវិបាកនៃគ្រាប់បែក គ្រាប់មីន និងផលវិបាកក្រោយសង្គ្រាមនិងទំនាក់ទំនងរវាងប្រតិបត្តិការគ្រាប់បែក គ្រាប់មីនចំពោះការអនុវត្តគោលដៅអភិវឌ្ឍន៍ចីរភាព។ ដោយមានការគាំទ្រ ជួយឧបត្ថម្ភពីអង្គការសហប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង (KOICA) គម្រោង“វៀតណាម កូរ៉េខាងត្បូងដើម្បីជម្នះផលវិបាកនៃគ្រាប់មីនក្រោយសង្រ្គាម” មានវិធីសាស្រ្តទូលំទូលាយក្នុងរាល់ប្រតិបត្តិការគ្រាប់បែក គ្រាប់មីន រួមទាំងរាល់សកម្មភាពសិក្សា ការបោសសំអាត ការអប់រំពីគ្រោះថ្នាក់នៃគ្រាប់បែក គ្រាប់មីន ការជួយជនរងគ្រោះ និងការគ្រប់គ្រងព័ត៌មាន ក៏ដូចជាការកសាង​គោលនយោបាយ។ លោកស្រី Caitlin Wiesen បានឲ្យដឹងថា ដីទំហំ២០,០០០  ហិកតា នៅតាមខេត្តទាំងពីរ Quang Binh និង Binh Dinh របស់ប្រទេសវៀតណាមត្រូវបានសម្អាតដោយមានគោលដៅអភិវឌ្ឍសេដ្ឋកិច្ច សង្គម។ គម្រោងនេះនឹងបន្តសម្អាតសំណល់គ្រាប់បែក គ្រាប់មីនជាតិផ្ទុះក្រោយសង្គ្រាមដើម្បីធានាសុវត្ថិភាពដល់ប្រជាជន ។

UNDP ក៏នឹងបន្តជួយវៀតណាមក្នុងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងរបស់ខ្លួន កសាងមូលដ្ឋានទិន្នន័យអំពីជនរងគ្រោះដោយគ្រាប់បែក គ្រាប់មីន ក៏ដូចជាចូលរួមក្នុងរាល់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

នៅក្នុងសិក្ខាសាលា រាល់សុន្ទរកថាអន្តរាគមន៍របស់វៀតណាមសុទ្ធតែផ្តោតសំខាន់ទៅលើការស្តារនិងកសាងសន្តិភាព កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមដើម្បីជម្នះផលវិបាកនៃគ្រាប់បែក គ្រាប់មីន និងជាតិឌីអូស៊ីន ក៏ដូចជាការចូលរួមរបស់វៀតណាមក្នុងរាល់សកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ។ សុន្ទរកថាទាំងអស់ក៏បានសង្កត់ធ្ងន់ថា ផលវិបាកនៃសង្គ្រាមនៅតែធ្ងន់ធ្ងរណាស់។ ការងារជម្នះផលវិបាកនៃសង្គ្រាមរួមទាំងការបោសសម្អាតសំណល់គ្រាប់បែក គ្រាប់មីនជាតិផ្ទុះជាតិគីមីឌីអូស៊ីន ស្វែងរកនិងប្រមូលអដ្ឋិធាតុយុទ្ធជនពលី ផ្តល់ជំនួយដល់ជនរងគ្រោះសង្រ្គាមគឺជាផ្នែកមួយដែលត្រូវបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពី រដ្ឋាភិបាលនិងប្រជាជនវៀតណាម។ ការការពារជីវិត និងសុវត្ថិភាពរបស់ប្រជាជនទាំងមូល ធ្វើសម្អាតបរិស្ថានសម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមប្រកបដោយនិរន្តរភាពគឺជាអាទិភាពដំបូងបង្អស់។

នៅខាងក្រៅសិក្ខាសាលានេះ​ គណៈកម្មាធិការដឹកនាំ៧០១ និង UNDP  បានតាំងបង្ហាញនូវរូបភាពនានាអំពីរាល់សមិទ្ធិផលទាំងអស់ក្នុងការជម្នះផលវិបាកក្រោយសង្គ្រាម និងវៀតណាមចូលរួមក្នុងសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ៕

បកប្រេដោយ Minh Trung