វៀតណាម និងចិនបង្ហាញពីទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់
កប.អនឡាញ - នារសៀលថ្ងៃទី ២៣ ខែមេសា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ដោយឆ្លើយតបសំណួររបស់អ្នកយកព័ត៌មានអំពីលទ្ធផលលេចធ្លោនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ ទៅកាន់ប្រទេសចិន លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម ឲ្យដឹងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា គឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បន្ទាប់ពីវៀតណាមបញ្ចប់ការរៀបចំរចនាសម្ព័ន្ធថ្នាក់ដឹកនាំជាន់ខ្ពស់។
ភាគីទាំងពីរបានកំណត់ថា នេះជាសកម្មភាពការទូតដ៏សំខាន់បំផុតនៃទំនាក់ទំនងវៀតណាម-ចិនក្នុងឆ្នាំ ២០២៦។ អំពីនយោបាយ ភាគីទាំងពីរបានបង្ហាញពីទំនុកចិត្តខាងនយោបាយកម្រិតខ្ពស់ ហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងទៅកាន់កម្រិតកំពស់ថ្មី។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច ឯកសារសហប្រតិបត្តិការចំនួន ៣២ រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននានានៃប្រទេសវៀតណាម និងចិនបានចុះហត្ថលេខា និងបង្កើតមូលដ្ឋានសម្រាប់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។
ទាក់ទងនឹងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ថ្នាក់ដឹកនាំទាំងពីរបានប្រកាសពីការចាប់ផ្តើមនៃឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ឆ្នាំ ២០២៦-២០២៧ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការធ្វើដំណើររបស់ប្រជាជន។
    |
 |
|
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ ក្រសួងការបរទេស) |
* ក្នុងបរិបទនៃការវិវឌ្ឍដ៏ស្មុគស្មាញជាបន្តបន្ទាប់នៅមជ្ឈិមបូព៌ា លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេស ឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបាននិងកំពុងអនុវត្តព្រមៗគ្នានូវដំណោះស្រាយជាច្រើនដើម្បីធានាសន្តិសុខថាមពលជាតិ ជឿសវាងការខ្វះខាតប្រេងឥន្ធនៈសម្រាប់បំរើផលិតកម្ម ការធ្វើអាជីវកម្មនិងការប្រើប្រាស់របស់ប្រជាពលរដ្ឋ។
ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមនិងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈរបស់វៀតណាមតែងតែរក្សាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តយ៉ាងពេញលេញ និងវឌ្ឍនភាពទាន់ពេលនៃកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខា។
ទន្ទឹមនឹងនោះ វៀតណាមក៏បានផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្ម និងធ្វើការជាមួយដៃគូជាច្រើនទៀតដើម្បីធ្វើពិពិធកម្មប្រភពប្រេងឥន្ធនៈ និងជៀសវាងការពឹងផ្អែកលើទីផ្សារតែមួយ។ ក្នុងពេលជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ចតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍនៃស្ថានភាពអន្តរជាតិ និងតំបន់ ដើម្បីផ្តល់យោបល់និងលើកសំណើផែនការឲ្យសមស្រប។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានបញ្ជាក់ថា ជាមួយនឹងការម្ចាស់ការ និងបត់បែនក្នុងការគ្រប់គ្រងនិងសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័ននិងអាជីវកម្ម វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈ បម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងជីវិតរបស់ប្រជាជនក្នុងគ្រប់ស្ថានភាពទាំងអស់៕
បកប្រែដោយ Pham Diep